ដោយគង់ សូរិយា
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយាបានមានប្រសាសន៍ថា បច្ចុប្បន្នក្រុមអ្នកជំនាញការកូរ៉េបានមកដល់កម្ពុជាហើយ និងកំពុងធ្វើការរួមគ្នាជាមួយភាគីកម្ពុជា លើគំរោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ។
លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៣១ មិនានេះថា ក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរ កំពុងធ្វើការរួមគ្នាលើបញ្ហានេះ ប៉ុន្តែការវិវត្តន៍ដល់កម្រិតណា និងមានភាពអំលិតកម្រិតណា លោកមិនទាន់អាចបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះព៌តមានលំអិតពីគម្រោងនេះ នឹងដឹងនៅពេលធ្វើសិក្ខាសាលាអន្តរក្រសួង នាពេលខាងមុខ។
លោកបន្តថា “រហូតមកទល់ពេលនេះ ដំណើរការងារបច្ចេកទេសឈានដល់កម្រិតណា លោកមិនទាន់ដឹងនៅឡើយទេ ហើយការសាងសង់ស្ថិតនៅតំបន់ណា ក៏មិនទាន់មានការបញ្ជាក់នោះទេ”។ លោកបន្តថា “ខ្ញុំមិនអាចបញ្ជាក់ពីពេលវេលាជាក់លាក់ណាមួយ លើការចាប់ផ្តើមសាងសង់ស្ពាននេះនៅឡើយទេ”។
ប្រធានាធិបតីកូរ៉េលោកម៉ូន ជេអ៊ីនធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីចុងឆ្នាំមុនកំឡុងពេលលោកចូលរួមកិច្ចប្រជុំ នៅប្រទេសវៀតណាមកាលពីចុងឆ្នាំមុនថា រដ្ឋាភិបាលកូរ៉េជួយនឹងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េនៅទីក្រុងភ្នំពេញនាពេលខាងមុខនេះ ដែលវាជាជំនួយសម្រាប់ចំណងមិត្តភាពនៃប្រទេសទាំងពីរ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងកំឡុងបំពេញទស្សនកិច្ចលើកចុងក្រោយនៅប្រទេសកូរ៉េបានស្នើសុំភាគីកូរ៉េជួយសាងសង់ស្ពានមួយ សម្រាប់ជាចំណងដៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈជប៉ុន និងមហាមិត្តចិនបានជួយសាងសង់ស្ពានសម្រាប់ចំណងមិត្តភាពជាមួយកម្ពុជារួចហើយ៕