ដោយ៖រតនៈ
ភ្នំពេញ ៖ គេហទំព័រជំនាន់ថ្មីនៃសេវាការងារសាធារណៈរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលមានអាស័យដ្ឋាន www.nea.gov.kh នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសប្ដាហ៍ក្រោយនេះដើម្បីជួយសម្រួលដល់ការផ្សព្វផ្សាយព័ត៌មានការងារ ក៏ដូចជាទីផ្សារការងារផងដែរ។
គេហទំព័រហ្វេសប៊ុករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចុះផ្សាយនៅថ្ងៃទី៣១ ខែមីនានេះឲ្យដឹងថា គេហទំព័រដែលរួមគ្នាអភិវឌ្ឍក្រោមជំនួយបច្ចេកទេសរបស់សាធារណៈរដ្ឋកូរ៉េ នឹងផ្តល់សេវាជូនតាមប្រព័ន្ធអ៊ីនធើណេត នៅត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១សប្ដាហ៍ក្រោយនេះ ដែលកាន់តែងាយស្រួលកាន់តែឆាប់រហ័ស និងកាន់តែចំណេញពេលក្នុងការស្វែងរកការងារធ្វើ ជ្រើសរើសកម្លាំងពលកម្ម ទទួលព័ត៌មានអំពីការអប់រំបណ្ដុះបណ្ដាលដែលទីផ្សារកំពុងត្រូវការប្រឹក្សាយោបល់អំពីអាជីព និងការងារ និងសំំភាសន៍ការងារអនឡាញជាដើម។
គេហទំព័រ www.nea.gov.kh នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាមជ្ឈមណ្ឌលការងារថ្មីនេះមួយ ដែលបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងថ្មីបន្ថែមទៀតរបស់រាជរដ្ឋាភិបាលក្នុងការនាំសេវាការងារ និងព័ត៌មានទីផ្សារការងារ ឱ្យបានកាន់តែឆាប់រហ័ស និងមកកៀកជិតប្រជាពលរដ្ឋ ក៏ដូចជាការប្រឹងប្រែងជាបន្តបន្ទាប់ សំដៅជួយដល់ប្រជាពលរដ្ឋឱ្យទទួលបានការងារធ្វើកាន់តែច្រើន ប្រាក់ចំណូលកាន់តែប្រសើរ និងកាត់បន្ថយភាពក្រីក្រ ដែលជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
មជ្ឈមណ្ឌលនេះនឹងផ្តល់ដល់និយោជកក្នុងការផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្ម ការគាំទ្រនិងការទទួលបានការជួយផ្គូរផ្គងអ្នកស្វែងរកការងារតាមតម្រូវការ ក៏ដូចជាការរីកចម្រើនផ្នែកអាជីវកម្ម និងធុរកិច្ចគ្រប់វិស័យ។ លើសពីនេះ តាមរយៈមជ្ឈមណ្ឌលការងារនេះ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលគ្រប់ប្រភេទ ក៏អាចធ្វើការផ្សព្វផ្សាយរាល់កម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនបានយ៉ាងទូលំទូលាយ។
បច្ចុប្បន្ន www.nea.gov.kh នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំប្រឹងប្រែងពង្រីកសេវាការងារ និងព័ត៌មានទីផ្សារការងារ តាមរយៈបង្កើតមជ្ឈមណ្ឌលការងារ បានកើនឡើងដល់ចំនួន១៣កន្លែងនៅទូទាំងប្រទេស និងមជ្ឈមណ្ឌលការងារចល័តចំនួន១កំពុងរង់ចាំផ្តល់ និងនាំយកសេវាការងារទៅដល់គ្រប់ច្រកល្ហកយ៉ាងទូលំទូលាយជូនប្រជាពលរដ្ឋ៕