លោក​ចូ បៃ​ឌិន កំពុង​ដើរ​តាម​គន្លង​ចិន​ដោយ​ស្នើឱ្យ​ប្រទេស​ស​ម្ព័​ន្ឋ​មិត្ត​បង្កើត​ផែនការស្រដៀង “ខ្សែក្រវាត់១ ផ្លូវ១” របស់​ចិន

0

ដោយៈ​ឧ​ត្ត​ម

អាមេរិកៈ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ឌិន​បានស្នើ​ឲ្យ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យធំៗ គួរតែមាន​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​ស្រដៀង​គ្នា​មួយ ដើម្បី​ប្រកួតប្រជែង​នឹង​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់១ ផ្លូវ១” (Belt and Road Initiative) ហៅ​កាត់ BRI របស់​មហា​យក្ស​ចិន។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Aljazeera។

លោក​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​ថា “ខ្ញុំ​បានស្នើ​ឡើង​ថា បណ្ដា​រដ្ឋ​ប្រជាធិបតេយ្យ​របស់​យើង គួរតែ​មានគំនិត​ផ្តួចផ្តើម​ស្រដៀង​គ្នា​មួយ ដើម្បី​ជួយ​ដល់​សហគមន៍​នានា​ទូទាំង​ពិភពលោក​ដែល​ត្រូវការ​ជំនួយ” ។

គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” របស់​មហា​យក្ស​ចិន គឺ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សកល​មួយ ជាមួយនឹង​ទំហំ​វិនិយោគ​ជាច្រើន​ទ្រី​លាន​ដុល្លារ ដែល​ប្រធានាធិបតី​ស៊ី ជីន​ភីង បានដាក់​ចេញ​ក្នុង​ឆ្នាំ២០១៣ ដើម្បី​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុងប្រទេស​ជាង១០០ទូទាំង​ពិភពលោក ចាប់ពី​អាស៊ី​បូព៌ា ដល់​ទ្វីបអឺរ៉ុប។

គម្រោង​ដ៏​ធំ​មហិមា​នេះ នឹង​ជួយ​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច និង​នយោបាយ​របស់​ចិន កាន់តែ​ធំ ដែល​ធ្វើឱ្យ​សហរដ្ឋអាមេរិក និង​អន្តរជាតិ​ព្រួយបារម្ភ​យ៉ាងខ្លាំង។

ការលើកឡើង​បែបនេះ​របស់លោក ចូ បៃ​ឌិន បានធ្វើ​ឡើង ក្រោយពី​លោក​បានប្រកាស​ជំហរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ មីនា ថា លោក​នឹង​រារាំង​ប្រទេស​ចិន មិនឱ្យ​វ៉ា​ឈ្នះ​សហរដ្ឋអាមេរិក ក្លាយជា​ប្រទេស​ដ៏​ឥទ្ធិពល​បំផុត លើ​ពិភពលោក​បានជា​ដាច់ខាត។ លោក​បាន​សន្យាថា នឹង​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ធានាថា សហរដ្ឋអាមេរិក នឹង​ទទួល​ជ័យជម្នះ​នៅក្នុង​ការប្រកួតប្រជែង​កាន់តែខ្លាំង រវាង​ប្រទេស​ទាំង២ ដែលជា​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក។

លោក​ចូ បៃ​ឌិន គ្រោង​នឹង​បង្ហាញ​ផែនការ ដែលមាន​ទឹកប្រាក់​ជាច្រើន​ទ្រី​លាន​ដុល្លារ ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​សហរដ្ឋអាមេរិក នៅ​សប្តាហ៍​នេះ។ លោក​បានលើកឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​មុន​ថា នៅក្នុង​ផែនការ​នេះ​នឹង​ធានា​បង្កើន​ការ​និ​យោគ​របស់​សហរដ្ឋអាមេរិក លើ​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យាថ្មីៗ ដូច​បច្ចេកវិទ្យា Quantum Computing បញ្ញា​សិប្បនិម្មិត (AI) និង​បច្ចេកវិទ្យា​ជីវៈ​ជាដើម។

ខណៈ​បង្ហាញ​ការព្រួយបារម្ភ​របស់ខ្លួន និង​កំពុង​ព្យាយាម​ជំរុញ​ឱ្យ​វិស័យ​ឯកជន​បង្កើន​ការវិនិយោគ​លើ​គម្រោង​នានា​នៅក្រៅ​ប្រទេស ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” របស់​ចិន រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មិនទាន់មាន​លទ្ធភាព​បញ្ចុះបញ្ចូល​ប្រទេស​នានា​ឱ្យ​ជឿជាក់ថា ខ្លួន​អាច​ផ្តល់​ជម្រើស​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​ជាក់លាក់​មួយ ដែល​អាច​ប្រកួតប្រជែង​នឹង​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” របស់​ចិន បាន​នៅឡើយ​ទេ។

ជា​លទ្ធផល​នៃ​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” ប្រទេស​ជាង១០០បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មហា​យក្ស​ចិន ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុង​គម្រោង​នានា ដូចជា​ផ្លូវដែក កំពង់ផែ ផ្លូវ​ហាយវ៉េ និង​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

យោងតាម Refinitiv ដែលជា​ក្រុមហ៊ុន​ផ្ដល់​ទិន្នន័យទីផ្សារ​ហិរញ្ញវត្ថុ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ពិភពលោក​ឱ្យដឹងថា គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ២០២០ គម្រោង​ជាង ២.៦០០ក្នុង​ទំហំ​វិនិយោគ សរុប​រហូតដល់៣.៧ទ្រី​លាន​ដុល្លារ ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” ត្រូវបាន​ចុះហត្ថលេខា។

ទោះជា​យ៉ាងណា​ប្រទេស​ចិន បាន​និយាយ​កាលពី​ឆ្នាំមុន​ថា ប្រហែលជា២០% នៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here