សូចនា​ករៈ កត្តា​ចលករ​ស្នូលសំខាន់ៗចំនួន៥ នៅ​ពីក្រោយ​ការឡើង​ថ្លៃ​ដីធ្លី​នៅ​កម្ពុជា

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ តម្លៃ​ដី​មិនមែន​កើតមាន​គ្រប់​ទីកន្លែង​នោះទេ ទោះបី​សេដ្ឋកិច្ច​រីកចម្រើន​ក៏ដោយ ប៉ុន្តែ​វា​ឡើងថ្លៃ​លឿន ឬ​យឺត​អាស្រ័យ​លើក​ត្តាសំខាន់ៗមួយចំនួន ដែល​អ្នកវិភាគ​លើ​ទិដ្ឋភាព​អចលនទ្រព្យ​បង្ហាញ​ជា​ចំណេះដឹង​ដល់​លោក អ្នក។

កត្តា​សុខសន្តិភាព

មាន​សុខា​សន្តិភាព ទើប​មានការ​អភិវឌ្ឍ នេះ​ជា​កត្តា​សម​ហេតុផល​បំផុត ប៉ុន្តែ​កំឡុង​សន្តិភាព ទាមទារ​ឲ្យ​រដ្ឋាភិបាល​មាន​គោលនយោបាយ និង​ផែនការ​យុ​ទ្ឋ​សាស្ត្រ​ច្បាស់លាស់ ទើប​អាចធ្វើ​ឲ្យ​ដី​ឡើងថ្លៃ ដែល​អាច​ទាក់ទាញ​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស​ចូលរួម​វិនិយោគ អភិវឌ្ឍន៍​គម្រោង​នានា ដើម្បី​ជំរុញ​កំនើន​សេដ្ឋកិច្ចជាតិ។

កត្តា​សន្តិភាព ស្ថេរភាព​នយោបាយ ស្ថេរភាព​សង្គម​នេះហើយ ជា​មូលដ្ឋាន​រ៉ឹង​មាំ​សំរាប់​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​បញ្ចេញ​លុយ និង​ចូលមក​វិនិយោគ​នៅ​ប្រទេស​ណាមួយ។

កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ

ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ជា​ផ្នែក​ដ៏​សំខាន់​មួយ ដែល​ទាក់ទាញ​ការវិនិយោគ ទាំង​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​ចូល​ម​កម្ពុជា ពិសេស​ក្រុមហ៊ុនធំៗពី​ក្រៅប្រទេស​ចូលមក ព្រោះ​ក្រុមហ៊ុន​នានា​ធ្វើ​អាជីវកម្ម ពួកគេ​តែងតែ​ស្វែងរក​ប្រាក់ចំណេញ ប៉ុន្តែ​បើ​ប្រទេស​នោះ​ក្រីក្រ ពួកគេ​នឹងមិន​ទៅ​វិនិយោគ​នោះទេ ដោយសារ​អំណាច​នៃ​ការទិញ​របស់​ប្រជាជន​ក្នុងប្រទេស​នោះ​មិន​កើនឡើង។

ជាក់ស្តែង​ដូច​ក្រុមហ៊ុន AEON MALL Group មុន​ពួកគេ​សម្រេចចិត្ត​បើក​ផ្សារ​ទី១ ពួកគេ​បានមក​សិក្សា និង​តាមដាន​ដំណើរ​វិវត្តន៍​នៃ​សេដ្ឋកិច្ច សង្គម​កម្ពុជា​រយៈពេល​ជាង១០ឆ្នាំ ទើប​ពួកគេ​សម្រេចចិត្ត​បើក​ផ្សារ​ទំនើប​នេះ ហើយ​ពេល​ពួកគេ​សម្រេចចិត្ត​នោះ ដោយសារ​ពួកគេ​មើលឃើញថា ជីវភាព​ប្រជាជន​កម្ពុជា​បានល្អ​ប្រសើរ ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប។

ការរីកចម្រើន​សេដ្ឋកិច្ច

សេដ្ឋកិច្ចកម្ពុជា​មានកា​រ​រីកចម្រើន​លឿន ដោយ​សម្រេចបាន​កំនើន ក្នុង​រង្វង់​ជាង៧ភាគរយ​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ជាប់​ជា​ប្រទេស១ ក្នុងចំណោម​ប្រទេស​ចំនូ​ន១០លើ​ពិភពលោក ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​ជាងគេ។

ការរីកចម្រើន​សេដ្ឋកិច្ច គួបផ្សំ​នឹង​កត្តា​សុខសន្តិភាព ដែល​បានលើកឡើង​ខាងលើ​នេះហើយ ដែល​បានធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​រីកចម្រើន​លឿន និង​ទាក់ទាញ​បាន​លំហូរ​វិនិយោគ​ផ្ទាល់​រាប់ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ។

ការរីកចម្រើន​សេដ្ឋកិច្ច​នេះហើយ ដែល​បានធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​ស្ទើរ​គ្រប់កន្លែង តម្លៃ​ដីធ្លី​ហក់​ឡើង​មិន​ធ្លាប់មាន ទីតាំង​ធ្លា​បើ់ជា​វាលស្រែ បឹង បាន​ក្លាយជា​បុរី​លំនៅដ្ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា។

កត្តា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ

ដោយសារ​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ រដ្ឋាភិបាល​បាន​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទៅគ្រប់​ទីកន្លែង​នៅ​ស្ទើរ​ទូទាំងប្រទេស។ ជាល​ទ្ឋ​ផល យើង​សង្កេតឃើញថា នៅពេល​រដ្ឋាភិបាល កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នៅ​តំបន់​ណាមួយ ដីធ្លី​តែងតែ​ឡើងថ្លៃ​នៅ​តំបន់​នោះ ហើយ​សកម្មភាព​សេដ្ឋកិច្ច​បាន​រីកចម្រើន​នៅ​តំបន់​នោះ។

ជាក់ស្តែង​ដួច​ជា​តំបន់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ទី៤ និង​ផ្លូវជាតិ​នានា នៅពេល​ស្ថាបនា​ពង្រីក​រួច តម្លៃ​ដី​បាន​ហក់​ឡើង​យ៉ាងខ្លាំង ដែល​ធ្វើ​ឲ្យ​ប្រជាជន​នៅ​មូលដ្ឋាន​បានទទួល​ផល​និង​ក្លាយជា​អ្នកមាន​យ៉ាង​ឆាប់រហ័ស។

កត្តា​ប្រជាសាស្ត្រ​និង​នគរូបនីយកម្ម

យ៉ាងណាក៏ដោយ តម្លៃ​ដីធ្លី នឹងមិន​កើនឡើង​នៅ​តំបន់​វាល​រហោស្ថាន និង​បឹង​ល្វឹងល្វើយ ដែល​គ្មាន​មនុស្ស​រស់នៅ​ឡើយ។

ប៉ុន្តែ​ផ្ទុយទៅវិញ ដីធ្លី​តែងតែ​មានតម្លៃ​និង​ឡើងថ្លៃ​ខ្ពស់ នៅ​តំបន់​មាន​មនុស្ស​រស់នៅ​ច្រើន ព្រោះ​កន្លែង​ណា​មាន​មនុស្ស​រស់នៅ​ច្រើន ជា​កន្លែង​ដែលមាន​សកម្មភាព​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ​ក​យ​ចរន្ត​សាច់ប្រាក់​រស​រវើក។

កត្តា​មនុស្ស​ឬ​កត្តា​ប្រជាសាស្ត្រ និង​នគរូបនីយកម្ម​តែងតែ​ដើរ​ទន្ទឹមគ្នា ព្រោះ​កត្តា​ទាំងពីរ​នេះ​តែងតែ​គាំ​ាំ​ទ្រ និង​ពឹងពាក់​គ្នា​ទៅវិញទៅមក។ នៅពេល​មាន​មនុស្ស​រស់នៅ នគរូបនីយកម្ម​នឹង​រីកចម្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here