មហាយក្សចិនចាប់ផ្តើមដំណើរការផ្លូវរថភ្លើងតភ្ជាប់ជាមួយបណ្តាប្រទេសមួយ ចំនួនក្នុងតំបន់អាស៊ាន

0

ដោយៈ ប៊ី

ភ្នំពេញៈ សេវាកម្មរថភ្លើងដឹកទំនិញថ្មីមួយ ភ្ជាប់ពីខេត្តហ៊ូណានភាគកណ្តាលប្រទេ​សចិន និងតំបន់អាស៊ាន ត្រូវបានដាក់ដំណើរការកាលពីម្សិលមិញ ដោយរំពឹងថា ការតភ្ជាប់នេះ​ នឹងជំរុញពាណិជ្ជរវាងចិន និងអាស៊ានបន្ថែម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន Xinhua។

រថភ្លើងដឹកទំនិញដែលប្រតិបត្តិការ ដោយក្រុមហ៊ុនផ្លូវដែកចិន China Railway Guangzhou Group Co., Ltd ផ្ទុកដោយផលិតផលឧស្សាហកម្ម ដូចជាផលិតផលស៊ីលីកុនឌីអុកស៊ីត និងដងដែក បានចាកចេញពីខេត្តហ៊ូណានកាលពីរព្រឹកថ្ងៃដដែលនោះ។

រថភ្លើងដឹកទំនិញនេះ នឹងទៅដល់រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម ក្នុង    រយៈពេលប្រហែល៧ថ្ងៃ តាមរយៈតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិនភាគខាងត្បូង។

ផ្លូវរថភ្លើងនេះត្រូវបានគេរំពឹងថា នឹងធ្វើប្រតិបត្តិការប្រចាំសប្តាហ៍ បន្ទាប់ពីការសាកល្បងរយៈពេល៣ខែ។ គេក៏រំពឹងថា វានឹងជំរុញពាណិជ្ជកម្មរវាងបណ្តាប្រទេសនៅអាស៊ាន និងខេត្តហ៊ូណានបន្ថែមទៀត។

អាស៊ាន ជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិនកាលពីឆ្នាំមុន។ ទិន្នន័យបានបង្ហា​ញ​ថា នៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសអាស៊ានទាំង១០ និងខេត្តហ៊ូណានបានឈានដល់តម្លៃ៨១,០៣ពាន់លានយន់ (ប្រហែល១២,៣៥ពាន់លានដុល្លារអាមេរិក​) ពោលគឺកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៣០,៩ភាគរយ និងមានចំនួន១៦,៦ភាគរយនៃពាណិជ្ជកម្មបរទេសសរុបរបស់ខេត្តហ៊ូណាន។

ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ខេត្តហ៊ូណាន បានកើនឡើងបន្ថែមទៀត៨៦,៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឈានដល់តម្លៃ១០,១៥ពាន់លានយន់ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២១នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here