ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាន និងកំពុងចាប់ផ្តើមការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅទូទាំងប្រទេសនៅថ្ងៃនេះ ដោយប្រជាពលរដ្ឋកម្ពុជាប្រមាណជាង៧០ម៉ឺននាក់ ក្រោយពីវ៉ាក់សាំងចំនួន ១,៥លានដូស ដែលរាជរដ្ឋាភិបាលបានបញ្ជាទិញ ពីចិនបានដឹកមកដល់កម្ពុជាកាលពីចុងសប្ដាហ៍មុន។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីនបានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា ក្រសួងសុខាភិបាលបានកំណត់ក្រុមគោលដៅដែលត្រូវចាក់វ៉ាក់សាំងសរុបចំនួន ៧៤៥ ០០០ នាក់ សម្រាប់ចំនួនដូសទី១ នៃការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទៅដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដើម្បីការពារខ្លួនឯងផ្ទាល់ ការពារក្រុមគ្រួសារខ្លួនឯង និងការពារសហគមន៍ទាំងមូល។
លោកស្រីបន្តថា “វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាល និងសង្គ្រោះជីវិតមនុស្សដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់ធ្ងរនៅពេលឆ្លងជំងឺនេះ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ”។លោកស្រីបន្តថា “វ៉ាក់សាំងកូវីដ ១៩ ដែលកំពុងប្រើប្រាស់នៅកម្ពុជាជាវ៉ាក់សាំងដែលបានធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពហ្មត់ចត់ និងកំពុងប្រើប្រាស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក ដែលបណ្តាប្រទេសមួយចំនួនបាននិងកំពុងតែដំណើរការចាក់បានរាប់សិបលាននាក់រួចទៅហើយដែរ”។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឱ្យដឹងថា នៅក្នុងការទប់
ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានសម្រេចធ្វើការបញ្ជាទិញ វ៉ាក់សាំង ស៊ីណូវ៉ាក់ជំហានដំបូងក្នុងចំនួន១,៥ លានដូសពីសាធារណរដ្ឋប្រជាមានិតចិន ដែលកម្ពុជាទើបទទួលបាននៅថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០២១ បន្ទាប់ពីទទួលបានជំនួយមនុស្សធម៌ដ៏ថ្លៃថ្លាពីសាធារណរដ្ឋប្រជាមានិតចិន នូវវ៉ាក់សាំងស៊ីណូហ្វាម (Sinopham) ចំនួន ១ លានដូស ដែលកន្លងមកកម្ពុជាទទួលបានចំនួន៦០ ម៉ឺនដូសរួចហើយ។
សេចក្តីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងថា ក្រុមមនុស្សដែលមិនទាន់បានចាក់ពីមុន និងដល់វេនចាក់វ៉ាក់សាំងនៅពេលនេះមាន ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ ទាំងសេវារដ្ឋ និងសេវាសុខាភិបាលឯកជនស្របច្បាប់ រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ អ្នកសារព័ត៌មាន កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងសាស្ត្រាចារ្យ និងគ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេសមន្ត្រីបុគ្គលិកបម្រើការនៃអគ្គិសនីកម្ពុជាទូទាំងប្រទេស អាជ្ញាធរជាតិ គណៈមេធាវី សាលាក្តីខ្មែរក្រហម រដ្ឋាលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនអាកាសចរណ៍នានា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រុប និងកម្មករ-កម្មការិនីនៅតាមរោងចក្រមួយចំនួនមានបញ្ជីឈ្មោះ ត្រឹមត្រូវដែលពុំទាន់បានចាក់ពីមុន។
ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ជំនួយឥតសំណងរបស់ភាគីចិន ជាវ៉ាក់សាំងកូវីដជំហានទី២ ដែលមានចំនួន៧០ម៉ឺនដូសនឹងមកដល់ប្រទេសកម្ពុជានាថ្ងៃទី ៣១ ខែមីនា។
លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនៃកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមទទួលក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោកស្រីឱ វណ្ណឌីន ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួមគ្នាជាមួយក្រសួងសុខាភិបាល និងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកំពុងខិតខំស្វះស្វែងរកការទិញវ៉ាក់សាំងបន្ថែមទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋទៅតាមផែនការ១០លាននាក់៕