ដោយៈ ប៊ី
សិង្ហបុរីៈ យោងតាមការប៉ាន់ស្មានជាផ្លូវការ ដែលចេញផ្សាយដោយអាជ្ញាធរអភិវ ឌ្ឍន៍ទីក្រុង (URA) កាលពីថ្ងៃព្រហស្បតិ៍ទី១ ខែមេសាបានបង្ហាញថា តម្លៃលំនៅដ្ឋានឯកជននៅសិង្ហបុរី បានកើនឡើង២,៩ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ បន្ទាប់សេដ្ឋកិច្ចប្រទេសមួយនេះបង្ហាញសញ្ញាងើបឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។
របាយការណ៍បានឱ្យដឹងទៀតថា តម្លៃលំនៅដ្ឋានបានកើនឡើង២,១ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំមុន ខណៈតម្លៃលំនៅដ្ឋានឯកជន សម្រាប់រយៈពេលពេញមួយឆ្នាំមុន មានកំណើន២,២ភាគរយ ដោយសារវិបត្តិកូវីដ១៩។
សន្ទស្សន៍លំនៅដ្ឋានឯកជន នៅត្រីមាសទី១ឆ្នាំនេះ បានកើនឡើងដល់១៦១,៦ពិន្ទុកើនឡើង ពី៤,៦ពិន្ទុ ធៀបនឹងត្រីមាសទី៤ ឆ្នាំមុន។
លោក Lee Sze Teck នាយកស្រាវជ្រាវប្រចាំក្រុមហ៊ុនHuttons Asia បានមានប្រសាសន៍ថា “កំណើននេះកើតឡើង ដោយសារការផ្គត់ផ្គង់មានកម្រិតនៅលើទីផ្សារ”។
លោកបានលើកឡើងថា គម្រោងអភិវឌ្ឍន៍ថ្មីមួយចំនួនដូចជា Normanton Park និង The Reef នៅតំបន់King’s Dock បានឃើញលទ្ធផលនៃការលក់ល្អ នៅថ្ងៃចាប់ផ្តើមលក់ដំបូងរបស់ពួកគេ ហើយប្រតិបត្តិការលក់បន្តក៏កើនឡើងផងដែរ នៅក្នុងខែមករា និងកុម្ភៈ។
លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគនៃក្រុមហ៊ុន OrangeTee & Tieបានថ្លែងថា ការកើនឡើងនៃតម្លៃលំនៅដ្ឋានឯកជន នៅសិង្ហបុរីគឺស្របពេលសេដ្ឋកិច្ចនៅទូទាំងពិភពលោក បានចាប់ផ្តើមមានកំណើនឡើងវិញ។
លោកស្រីបាននិយាយថា“តម្រូវការដែលត្រូវបានជំរុញ ដោយកញ្ចប់សង្រ្គោះសេដ្ឋកិច្ចដ៏ធំរបស់អាមេរិក និងអត្រាប្រាក់ទាប បានធ្វើឱ្យតម្លៃផ្ទះនៅទូទាំងពិភពលោកកើនឡើង”។
លោកស្រីបានបន្ថែមថា អត្រាការប្រាក់ទាបអាចជួយកាត់បន្ថយ ផលប៉ះពាល់នៃការឡើងថ្លៃលំនៅដ្ឋាន ខណៈពេលដែលការស្ទុះងើបខ្លាំង នៃសេដ្ឋកិច្ចសិង្ហបុរីនឹងជួយជំរុញ និងលើកទឹកចិត្តដល់អ្នកទិញ”៕