ដោយ៖ រតនៈ
ពោធិសាត់ៈ អ្នកវិនិយោគផ្នែកអចលនទ្រព្យអះអាងថា ខេត្តពោធិ៍សាត់ មានទំហំតូចមែន ប៉ុន្តែខេត្តមួយនេះមានសក្ដានុពលមិនចាញ់ខេត្តធំៗផ្សេង នៃក្នុងប្រទេសលើវិស័យអចលនទ្រព្យ បើទោះជាស្ថិតក្នុងស្ថានភាព រីករាលដាលជំងឺកូវីតក្ដី ។
អគ្គនាយកក្រុមហ៊ុនភូ ពុយ អ៊ិនវេសមិន ខូអិលធីឌី គឺលោកឧកញ៉ាភូ ពុយ បានប្រាប់គេហទំព័រPropertyarea នាព្រឹកថ្ងៃទី១ មេសានេះថា វិស័យអចលនទ្រព្យនៅខេត្តពោធិ៍សាត់ បាននិងកំពុងរីកលូតលាស់ ខណៈខេត្តមួយនេះមានការអភិវឌ្ឍជាបន្តបន្ទាប់ ។លោកបន្តថា សម្រាប់វិស័យសំណង់បុរី និងផ្ទះល្វែងគឺឃើញមានលូតលាស់ នៅក្នុងក្រុងពោធិ៍សាត់ ដោយមានការសង់សង់ជាបន្តបន្ទាប់ ហើយក៏មានអតិថិជន ត្រូវការច្រើនព្រោះថានៅពេលដែលប្រជាពលរដ្ឋ នៅក្នុងខេត្តមានគូស្រករ ឬគ្រួសារគឺគាត់ត្រូវការលំនៅឋានផ្ទាល់ខ្លួន បែកចេញពីឪពុក ម្ដាយ ។
លោកឧកញ៉ាបានបន្តថា “ការទិញ លក់ អចលនទ្រព្យដើម្បីចំនេញ នៅក្នុងខេត្តភាគខាងលិចមួយនេះ ហាក់ថយចុះខ្លះប៉ុន្តែការទិញសម្រាប់ស្នាក់នៅតែម្ដង គឹមិនប៉ះពាល់អ្វីទេ”។ លោកបន្តថា “បើទោះជាស្ថិតក្នុងគ្រា ដែលជំងឹកូវីតកំពុងវាយប្រហារ ហើយប៉ះពាល់ដល់ចំនួនប្រជាពលរដ្ឋក្តី”។
សម្រាប់ការ ទិញ លក់ដីធ្លីវិញ លោកភូ ពុយ មើលឃើញថា មានការរីកចម្រើនខ្លាំងនៅក្នុងស្រុកចំនួន២គឺស្រុកវាលវែង ដោយសារស្រុកដែលនៅជាប់ព្រំប្រទល់ជាមួយប្រទេសថៃមួយនេះ មានសក្ដានុពលលើការដាំដុះដំណាំ និងទេសចរណ៍ ឯស្រុកមួយទៀត គឺស្រុកក្រគរ ព្រោះនៅទីនោះមានរោងចក្រ សហគ្រាសជាច្រើនបានកើនឡើងជាបន្តប ន្ទាប់។ ដោយឡែកស្រុកដទៃទៀត ក៏នឹងមានសក្ដានុពលផងដែរ អាស្រ័យតាមតំបន់ដែលកំពុងអភិវឌ្ឍន៍។
ខេត្តពោធិ៍សាត់មានផ្ទៃដីទំហំ១២៦៩២ គីឡូម៉ែត្រការ៉េ បែងចែកជា៦ស្រុក និងក្រុង១ មានក្រុងពោធិ៍សាត់ ស្រុកក្រគរ ស្រុកកណ្តៀង ស្រុកបាកាន ស្រុកភ្នំក្រវ៉ាញ ស្រុកតាលោសែនជ័យ និងស្រុកវាលវែង។
លោកស្រីGrace Rachny Fongនាយិកាក្រុមហ៊ុនCentury21 Cambodiaបានមានប្រសាសន៍ថា ខេត្តពោធិសាត់ ក៏ដូចជាបណ្តាខេត្តភាគពាយ័ព្យប្រទេសដទៃទៀត មានសក្តានុពលលើវិស័យអចលនទ្រព្យ ហេតុនេះទើបCentury21 បានពង្រីកមូលដ្ឋានទៅកាន់បណ្តាខេត្តទាំងនេះ ដើម្បីផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត និងជួយពង្រឹងទីផ្សារឲ្យកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត។
លោកស្រីបន្តថា “ខេត្តពោធិសាត់មានសក្តានុពលនៅមានកម្រិត ប៉ុន្តែខេត្តនេះនឹងមានភាពរីកចម្រើននាពេលខាងមុខ ជាមួយនឹងទំនុកទីផ្សារកាន់តែមានភាពប្រសើរឡើង”៕