ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ការសិក្សាមួយបានរកឃើញថា តម្លៃដីធ្លីក្នុងខ័ណ្ឌព្រែកព្នៅបានកើនឡើងខ្ពស់ ដោយតម្លៃបានហក់ឡើងចន្លោះពី៤០ ដល់ជាង១៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំង ទំហំផ្លូវ និងទំហំដី។
យោងតាមការសិក្សារបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារអចលនទ្រព្យ Z1 Data Co.,LTD បានបង្ហាញថា ខណ្ឌព្រែកព្នៅ ជាតំបន់ដែលនៅមានឱកាសវិនិយោគច្រើន ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍លំនៅឋាន ដោយសារការវិនិយោគលំនៅឋានក្នុងខណ្ឌនេះ មានចំនួនតិចតួចនៅឡើយ បើធៀបនឹងខណ្ឌជាយក្រុងផ្សេងទៀតដូចជាខណ្ឌ កំបូល និងខណ្ឌដង្កោជាដើម។
តាមទិន្ន័យរបស់ គិតត្រឹមដំណាច់ឆ្នាំ២០២០ ខណ្ឌព្រែកព្នៅមានផ្ទះសង់ថ្មីជាប់ដីសរុប៤ ០១១ខ្នង ដែលមានចំណែកតែ២ភាគរយប៉ុណ្ណោះ នៃការផ្គត់ផ្គង់ផ្ទះជាប់ដីនៅរាជធានីភ្នំពេញសរុប១៨៦,៣០៩ខ្នង។
តាមទិន្ន័យដដែលបានឲ្យដឹងថា ចំនួនលំនៅឋានសរុបទាំង៤ ០១១ ខ្នង ក្នុងខណ្ឌព្រែកព្នៅ សម្រេចការលក់បាន៣៣៥២ខ្នង ឬស្មើនឹង៨៤ ភាគរយនៃការផ្គត់ផ្គង់។ ដូច្នេះ មានន័យថា លទ្ធភាពនៃការស្រូបកយកទីផ្សារលំនៅឋាន ក្នុងខណ្ឌនេះមានអត្រាកំណើនខ្ពស់ ស្របពេលដែលតម្លៃដីធ្លីវិញនៅមានតម្លៃធូរថ្លៃនៅឡើយ។
ទិន្ន័យពីក្រុមហ៊ុនដដែលបានឲ្យដឹងថា សង្កាត់ ព្រែកព្នៅមានតម្លៃដីដាក់លក់ខ្ពស់ជាងគេ ដែលទីតាំងដីនៅតាមផ្លូវធំ (main road) មានតម្លៃចន្លោះពី៣៦០ ទៅ១៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកដី មានទីតាំងដីនៅតាមផ្លូវតូច (sub-main road) មានតម្លៃចន្លោះពី៧០ ទៅ២៣០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ការសិក្សាដដែលនេះបានបង្ហាញថា សង្កាត់ពន្សាំង មានតម្លៃដីទាបជាងគេចន្លោះពី៧៥ ទៅ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉ សម្រាប់ទីតាំងដីឋិតនៅតាមបណ្តោយផ្លូវធំ។ ហើយទីតាំងដីនៅតាមផ្លូវតូចវិញ មានតម្លៃចន្លោះពី ៤០ ទៅ៩០ដុល្លារប៉ុណ្ណោះ ក្នុងមួយម៉ែត្រការ៉េ៕