សុទិដ្ឋិនិយមៈកម្ពុជារំពឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ៧លាននាក់នៅឆ្នាំ២០២៣

0

ដោយៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្តែងសុទិដ្ឋិនិយម ដោយរំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវក្នុងស្រុក១១លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវអន្តរជាតិ៧លាននាក់ នៅឆ្នាំ២០២៥ បន្ទាប់ពីមានការដាក់ចេញ ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។

រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញផែនទីចង្អុលផ្លូវស្ដីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយបែងចែកជា៣ដំណាក់កាល ដំណាក់កាលទី១ (Resilience & Restart) សំដៅការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលទម្លាប់ថ្មី និងរៀបចំផែនការសម្រាប់ការស្តារទេសចរណ៍ឡើងវិញ (២០២០-២០២១) ហើយធ្វើឱ្យអាជីវកម្មនៅរស់រាន និងអាចរក្សាការងារក្នុងវិស័យទេសចរណ៍ឱ្យមានភាពធន់ ហើយស្ដែងចេញតាមរយៈការអន្ដរាគមន៍ របស់រាជរដ្ឋាភិបាលជាបន្ដបន្ទាប់ចំនួន៧ជុំរួចហើយ និងការជំរុញចលនាទេសចរណ៍ក្នុងស្រុក អមជាមួយការដាក់ចេញនូវ “វិធានសុវត្ថិភាពទេសចរណ៍”។

ដំណាក់កាលទី២ (Recovery) ដើម្បីស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ (ឆ្នាំ២០២២-២០២៣) និងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ឱ្យបានជាអតិបរមា រាជរដ្ឋាភិបាល នឹងបន្តផ្ដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ជំនាញឌីជីថល និងជំនាញថ្មីៗឱ្យស្របតាមតម្រូវការទីផ្សារក្រោយវិបត្តិជំងឺកូវីដ-១៩ និងការខិតខំលើកកម្ពស់កិត្យានុភាពកម្ពុជាជា គោលដៅទេសចរណ៍ប្រកប​ដោយសុវត្ថិភាព ក្រោយវិបត្តិជំងឺកូវីដ-១៩។

ដំណាក់កាលទី៣ (Relaunch) ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មី (ឆ្នាំ២០២៤-២០២៥) នៃវិស័យទេសចរណ៍កម្ពុជា សំដៅទាញយកផលប្រយោជន៍ពីការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យបានជាអតិបរមាប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវឱ្យបានលើសមុនពេលវិបត្តិ ដោយចាប់យកឱកាសនៃវិបត្តិជំងឺកូវីដ-១៩ កសាងអនាគតនៃវិស័យទេសចរណ៍កម្ពុជាឱ្យមាននិរន្តភាព គុណភាព និងឆ្លាតវៃ។

ជំងឺកូវីដ១៩ បានបង្កឱ្យមានវិបត្តិដែលមិនធ្លាប់កើតមានឡើង និងបានផ្តល់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់កម្ពុជា តំបន់ និងសកលលោក។ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ បាននាំឱ្យភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជាធ្លាក់ចុះ៨០.២ភាគរយ និងភ្ញៀវទេសចរក្នុងស្រុក ធ្លាក់ចុះក្នុងរង្វង់ប្រមាណ២០ភាគរយ ជាមួយនឹងការខាតបង់ប្រាក់ចំណូលប្រមាណ៣ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២០៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here