អ្នកជំនាញ​អះអាងថា តំបន់​ភាគខាងត្បូង​មានឱកាស​ចំណេញ​ខ្ពស់​ពី​ការវិនិយោគ​ដីធ្លី

0

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ស្របពេល​គំរោង​អភិវឌ្ឍន៍​លំនៅដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កើតឡើង​ព្រោងព្រាត អ្នកជំនាញ​បាន​អះអាងថា ការវិនិយោគ​ដីធ្លី​នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ មានឱកាស​ចំណេញ​ខ្ពស់​ជាងគេ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Century 21 Imperial Realty លោក Ken Lo បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា មុនពេល​គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​បានប្រកាស​សាងសង់ ទីតាំង​ដី​ខ្លះ​ដែល​ស្ថិតនៅក្បែរៗ អាកាសយានដ្ឋាន​ថ្មី ធ្លាប់តែ​មានតម្លៃ​ដី​ក្រោម១០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ តែ​តម្លៃ​ដី​បាន​កើន​ឡើងជា​បន្តបន្ទាប់​ចាប់ពី​គម្រោង​អាកាសយានដ្ឋាន​ថ្មី ប្រកាស​សាងសង់​ជា​ផ្លូវការ​អំឡុង​ឆ្នាំ២០១៩ ។

លោក​ថ្លែងថា “ទីតាំង​ដីធ្លី​នៅ​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ ជា​តំបន់​មាន​សក្តានុពល​ខ្លាំង​នា​រយៈពេល៣ ទៅ៥ឆ្នាំ​ខាងមុខ ព្រោះ​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម និង​លំនៅឋាន ដែល​មានន័យថា​មាន​ទាំង​ការអភិវឌ្ឍ​ផ្នែក​លំនៅឋាន​ពាណិជ្ជកម្ម និង​លំនៅឋាន​រស់នៅ” ។

លោក Ken Lo បាន​បន្តថា  តំបន់​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ​នេះ នៅ​មិនទាន់មាន​ចំនួន​ប្រជាជន​ទៅ​រស់នៅ​ច្រើន​ទេ បើ​ធៀប​នឹង​ខណ្ឌ​សែន​សុខ នៃ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ។ ក៏ប៉ុន្តែ​លោក​បញ្ជាក់ថា នៅពេល​ផ្សារ​ទំនើបធំៗដែល​កំពុងអភិវឌ្ឍន៍​ឋិត​នៅតាម​បណ្តោយ​មហាវិថី ៦០ម៉ែត្រ ដូចជា​ផ្សារ​ទំនើប Aeon Mall III, ផ្សារ​ទំនើប PH Diamond Place របស់​ក្រុមហ៊ុន​ប៉េង ហួត និង​ផ្សារ​ទំនើប Chip Mong 271 Megamall របស់​ក្រុមហ៊ុន ជីប ម៉ុង បញ្ចប់​ការសាងសង់​និង​ដាក់​ឲ្យ​ដំណើរការ ចំនួន​ប្រជាជន​ទៅ​រស់នៅ​នឹង​កើនឡើង។

លោក​បន្តថា “ការវិនិយោគ​លើ​គំរោងធំៗខាងលើនេះ នឹង​ជួយ​ជំរុញ​តម្លៃ​ដីធ្លី​នៅ​ប៉ែ​ខាងត្បូង នៃ​រាជធានី​ភ្នំពេញ​នាពេល​ដ៏​ខ្លី​ខាងមុខ” ។

ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ ជា​តំបន់​ស្ថិតក្នុង​ភូមិសាស្ត្រ​មហាវិថី ៦០ម៉ែត្រ ហើយក៏​ជា​តំបន់​ដែល​ត​ភ្ជាប់​ឆ្ពោះ ទៅ​តំបន់​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​បានចាប់ផ្តើម​សាងសង់​កាលពី​ខែកញ្ញា ឆ្នាំ២០១៩ លើ​ផ្ទៃដី​ទំហំ​ប្រមាណ ២,៦០០ហិកតា លាតសន្ធឹង​ពី​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល និង​ផ្នែក​ដី​ខ្លះ​ស្ថិតនៅ​ក្នុងស្រុក​បាទី ខេត្តតាកែវ។

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ រំពឹងថា​នឹង​សាងសង់​រួចរាល់ (ដំណាក់កាល​ដំបូង) នៅ​ឆ្នាំ២០២៣ខាងមុខ។

ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល និង​វិស័យ​ឯកជន​បានធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង​ខ្កស់​នៅ​តំបន់​នេះ ដែល​នេះ​មិនមែនជា​និន្នាការ​ថ្មី​កើត​មាននៅ​កម្ពុជា​នោះទេ ប៉ុន្តែ​និន្នាការ​នេះ​បាននិងកំពុង​កើត​មាននៅ​ទីផ្សារ​កម្ពុជា ព្រោះ​ពេលណា​រដ្ឋាភិបាល​អភិវឌ្ឍ​ន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នៅ​តំបន់​ណាមួយ តម្លៃ​ដីធ្លី និង​អចលនទ្រព្យ​ដទៃទៀត តែងតែ​ហក់​ឡើងជា​ស្វ័យប្រវត្តិ។ នេះ​បើតាម​ការវិភាគ​របស់​អគ្គនាយក​គេហទំព័រ ​Propertyarea.asia លោក​យិន លាង​គង់។

លោក​បន្តថា “ការកើនឡើង​តម្លៃ​ដីធ្លី ក៏​អាស្រ័យ​លើ​តម្រូវការ​ផងដែរ ប៉ុន្តែ​ជាក់ស្តែង​តម្រូវការ​ដីធ្លី​ពិតជា​បាន​កើនឡើង និង​ចរន្ត​អភិវឌ្ឍន៍​បានបង្ហាញ​ភាព​សកម្ម​នៅ​តំបន់​នេះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here