ធនាគារនឹងដើរតួរនាទីសំខាន់ក្នុងការជំរុញវិស័យអចលនទ្រព្យកម្ពុជាឱ្យងើបវិញឆាប់រហ័ស

0

ដោយៈ ប៊ី
ភ្នំពេញៈ វិស័យធនាគារនឹងដើរតួរនាទីសំខាន់ ក្នុងការជំរុញវិស័យអចលនទ្រព្យកម្ពុជាឱ្យងើបវិញឆាប់រហ័ស តាមរយៈការផ្តល់ឥណទាន ដល់អ្នកពាក់ព័ន្ធនៅក្នុងវិស័យនេះ ដែលអាចជួយដល់ចរន្តទិញលក់មានសកម្មភាព។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់គេហទំព័រ Propertyarea.asia នៅក្នុងសប្តាហ៍នេះថា ដើម្បីឱ្យវិស័យនេះនៅបន្តភាពរឹងមាំកាន់យូរតទៅទៀត គួរតែជួយជំរុញការផ្តល់ឥណទានពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យនេះ តាមរយៈធនាគារ ឬធនាគារពាណិជ្ជ ដែលជាដៃគូរបស់រដ្ឋាភិបាល ដើម្បីផ្តល់កម្ចីទៅឱ្យអ្នក ដែលពាក់ព័ន្ធ មានលទ្ធភាពយកកម្ចីនេះប្រើប្រាស់បន្តទៀត ដូច្នេះវិស័យអចលនទ្រព្យនៅតែបន្តកំណើនរបស់ខ្លួន និងទ្រទ្រង់ទៅឱ្យផ្នែកផ្សេងៗទៀត

លោកបានថ្លែងបន្តថា “ប្រាក់កម្ចីនៅតែបន្តកើតមាន ដូច្នេះចរន្តទិញលក់អចលនត្រព្យនៅតែមាន ទោះបីជាមានបញ្ហាប្រឈមនឹងវិបត្តិកូវីដ១៩ក៏ដោយ”។

លោកបានឱ្យដឹងទៀតថា ទោះបីនាបច្ចុប្បន្ន លំហូរវិនិយោគពីប្រទេសត្រូវបានរាំងស្ទះ ដោយសារវិបត្តិកូវិដ១៩ ប៉ុន្តែវិនិយោគិនក្នុងស្រុកបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យអចលនទ្រព្យឱ្យមានការរីកចម្រើន។

លោកបានថ្លែងបន្តទៀតថា ការជំរុញការផ្តល់កម្ចីដល់វិស័យអចលនទ្រព្យនឹងជួយវិស័យមានការរីកលូតលាស់បានឆាប់រហ័យឡើងវិញ និងក៏ដូចចូលរួមចំណែកដល់សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ១៩ ត្រូវបានគ្រប់គ្រង ឬបញ្ចប់ទាំងស្រុង។

លោកឧកញ៉ាម៉ាន់ ច័ន្ទឌី អគ្គនាយក្រុមហ៊ុន Premium Group បានមានប្រសាសន៍ថា នៅក្នុងវិបត្តិនេះ វាក៏ជាឱកាសល្អសម្រាប់អ្នករកស៊ី ឬអ្នកមានធនធាន ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដោយអ្នកមានលុយគ្រប់គ្រាន់ គេអាចទិញអចលនទ្រព្យបានល្អ និងធូថ្លៃ ហើយវាក៏ជាឱកាសល្អ សម្រាប់អ្នកដែលមានបំណងខ្ចីលុយធនាគារបន្ថែមសម្រាប់ធ្វើការវិនិយោគអចលនទ្រព្យផងដែរ។

លោកថ្លែងថា “នាពេលបច្ចុប្បន្ននេះ ខ្ញុំមើលឃើញធនាគារ មានការប្រកួតប្រជែងខ្លាំង ដោយធនាគារខ្លះមានអត្រាការប្រាក់ទាបមែនទែន គឺក្នុង៤.៩ភាគរយសម្រាប់កម្ចីទិញលំនៅឋាន ដែលកាលពីមុនមិនមាននោះទេ ហើយក៏ជាឱកាសល្អសម្រប់បងប្អូនអ្នកវិនិយោគច្រើនដែរ” ។

លោកបញ្ជាក់ទៀតថា នៅក្នុងវិបត្តិនេះ ក៏ជាកាសសម្រាប់អ្នកចង់បានលំនៅឋានឬ ដីឡូតិ៍ផងដែរ តាមការបង់ជាមួយនឹងម្ចាស់គម្រោងផ្ទាល់ ដោយមិនមានបង់ប្រាក់មុន ប៉ុន្តែសំខាន់ឱ្យតែយើងមានលទ្ធភាព ក្នុងការបង់ប្រចាំខែ ដល់ម្ចាស់គម្រោងអភិវឌ្ឍន៍ខែតប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here