ស្ថានទូតនិងសភាពាណិជ្ជកម្មអាមេរិកនឹងជំរុញអ្នកធុរកិច្ចអាមេរិកមកវិនិយោគនៅកម្ពុជា

0

ដោយៈ ប៊ី

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy និងប្រធានសភាពាណិជ្ជកម្មអាមេរិកលោក Anthony Galliano បានចុះហត្ថលេខាលើផែនការការងាររួមគ្នា ដោយផ្តោតលើវិស័យចំនួន៤ ដែលស្ថានទូត និងសភាពាណិជ្ជកម្មអាមេរិកនឹងសហការគ្នា ដើម្បីជំរុញការវិនិយោគរបស់សហរដ្ឋអាមេរិក នៅកម្ពុជាបន្ថែមទៀត។

វិស័យទាំងបួន ដែលមាននៅក្នុងផែនការនេះ គឺលើកកម្ពស់អាជីវកម្មអាមេរិកនៅកម្ពុជា ដោយធ្វើសហប្រតិបត្តិការ លើការគំាទ្រគោលនយោបាយ ដើម្បីបង្កើតបរិយា​កាសធុរកិច្ចល្អប្រសើរ លើកកម្ពស់ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន និងគាំទ្រម្ចាស់អាជីវកម្មជាស្ត្រីនៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិមួយ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

លោក Patrick Murphy បានថ្លែងថា “ជារួមនេះរួមបញ្ចូលការខិតខំរបស់យើង ក្នុងការជំរុញធុរកិច្ចអាមេរិក ដែលបង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា ពង្រីកការនាំចេញរបស់សហរដ្ឋអាមេរិកនៅកម្ពុជា និងបង្កើនការវិនិយោគ និងពាណិជ្ជកម្មតាមទិសដៅទាំងពីរ”។ លោកបន្តថា “វាជាគុណប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងប្រជាជនអាមេរិក”។

លោកបន្ថែមថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបង្ហាញចំណា​ប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា។

លោកមានប្រសាសន៍ថា “នេះជាទីផ្សារតូចជាងកន្លែងផ្សេងទៀត ប៉ុន្តែវាកំពុងរីកចម្រើន ហើយយើងបានទទួលបានដំណឹងពីអាជីវកម្មអាមេរិកថា នេះជាទីផ្សារដែលមានការចាប់អារម្មណ៍ខ្លាំង ដូច្នេះហើយទើបយើងនៅទីនេះដើម្បីជួយសម្រួល”។

លោកGalliano បាននិយាយថា ក្នុងរយៈពេល១៣ឆ្នាំ ដែលលោករស់នៅក្នុងប្រទេសកម្ពុជា លោកបានមើលឃើញថា មានការរីកចម្រើនយ៉ាងខ្លាំង ហើយលោកជឿជាក់ថា ប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបោះជំហានទៅមុខឆ្ពោះទៅរកភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច។

លោកបានបន្ថែមថា ប្រព័ន្ធអប់រំប្រសើរឡើង បានជួយអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដែលនឹងជួយទាក់ទាញក្រុមហ៊ុនជាច្រើនចូលមកក្នុងប្រទេសនេះ។

លោកបានថ្លែងថា “ការវិនិយោគជាច្រើននឹងចូលមកកម្ពុជា បន្ថែមក្នុងពេលឆាប់ៗនេះ។ អាមេរិកគឺជាផ្នែកសំខាន់មួយនៃរឿងនេះដែរ។ ប៉ុន្តែខ្ញុំសង្ឃឹមថា នឹងឃើញការវិនិ​យោគផ្ទាល់ពីបរទេសកាន់តែច្រើន ហើយខ្ញុំគិតថា​កម្លាំងពលកម្ម និងការអភិវឌ្ឍទេពកោ​សល្យនៅទីនេះនឹងលើកទឹកចិត្ត និងធ្វើឱ្យវាក្លាយជាទីផ្សារ កាន់តែទាក់ទាញថែមទៀត”៕ KT

LEAVE A REPLY

Please enter your comment!
Please enter your name here