ដោយៈ រ៉ាណេត
ភ្នំពេញៈ គិតត្រឹមដើមត្រីមាសទី២ ឆ្នាំ២០២១នេះ គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរកតេជោ ដែលមានទំហំធំរបស់កម្ពុជា និងចំណាយទឹកប្រាក់សាងសង់អស់ទឹកប្រាក់ជិត១៦០លានដុល្លារ បាននិងកំពុងឈានដល់ដំណាក់ចុងក្រោយ នៃគម្រោងសាងសង់ហើយ ពោលគឺស្ថិតនៅក្នុងលទ្ធផលប្រមាណ៩៥ភាគរយ និងគ្រោងបញ្ចប់ទាំងស្រុងនៅត្រឹមខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍បានមានប្រសាសន៍ឱ្យដឹង នៅថ្ងៃដើមសប្ដាហ៍នេះថា ស្របពេលដែលកីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងដំណើរការសាងសង់ឆ្ពោះទៅបញ្ចប់នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្រៅអំពីកីឡដ្ឋានធំ ដែលស្ថិតនៅក្នុងបរិវេណពហុកីឡ ដ្ឋានជាតិមរតកតេជោ ក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទីលានប្រកួតមួយចំនួន ដើម្បីបំពេញបន្ថែមផងដែរ។
លោកបន្តថា “ក្រៅពីការសាងសង់កីឡដ្ឋានធំ ដែលកំពុងសម្រេចបាន៩៥%ហើយនោះ គឺនៅផ្នែកខាងក្រៅកីឡដ្ឋានធំ ក៏មានការសាងសង់ទីលានកីឡាមួយចំនួនទៀតសម្រាប់បម្រើដល់ប្រភេទកីឡាក្នុងសាល ដូចជាកីឡាវាយកូនឃ្លីលើតុ វាយសី ហុកគី រួមទាំងទីលានមួយចំនួនទៀត កំពុងត្រូវបានសាងសង់បំពេញបន្ថែម ដើម្បីត្រៀមហេដ្ឋារចនាសម្ព័ន្ធមួយភាគធំឲ្យបានរួចរាល់ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា”។
ដោយឡែក សម្រាប់ការសាងសង់ភូមិកីឡា (Sport Village) ក៏ត្រូវបានរៀបចំផងដែរ ដោយរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន WorldBridge Sport Village ដែលការសាងសង់ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២០កន្លងមក ជាមួយនឹងការពន្លឿននៃការសាងសង់ធ្វើយ៉ាងណា ឲ្យទាន់ពេលវេលាតាមការគ្រោងទុក ដើម្បីត្រៀមទទួលប្រតិភូកីឡាស៊ីហ្គេម ដែលមានចំនួនចន្លោះពី៧,០០០នាក់ ទៅ ១០,០០០នាក់ ដែលភូមិកីឡានេះ គឺជាកន្លែងស្នាក់នៅ ហូបចុកផង រួមទាំងមានសាលខ្លះដែលអាចបម្រើដល់ការប្រកួតកីឡាខ្លះៗដែរ។
តាមផែនការរបស់ CAMSOC ដែលបានដាក់ចេញជាយុទ្ធសាស្ត្រ នូវភាពលម្អិតពីមួយដំណាក់កាល ទៅមួយដំណាក់កាល ដែលសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក៏ដូចជាលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានអនុម័តពីផែនការសកម្មភាពជំហានៗថា ត្រូវអនុវត្តនូវកិច្ចការអ្វីខ្លះ។
លោកបញ្ជាក់ថា “ជាឆន្ទៈចម្បងៗ ក្រោយពីធូរស្រាលពីវិបត្តិជំងឺកូវីដ-១៩ភ្លាម កម្ពុជាយើង នឹងធ្វើការបណ្តុះបណ្តាលផ្នែកជំនាញ ដោយការបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី គឺត្រូវការការប្រកួតឲ្យបានច្រើន”។
ដូច្នេះយើងត្រៀមរួចហើយ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំការប្រកួតជើងឯកអន្តរជាតិ លើប្រភេទកីឡាមួយចំនួន ជាពិសេសគឺប្រភេទកីឡាប្រពៃណី និងប្រភេទកីឡាសក្តានុពលនានា សម្រាប់ឆ្នាំ២០២១នេះ ហើយដល់ឆ្នាំ២០២២ចាប់ផ្តើមសម្រុករៀបចំការប្រកួតកាន់តែច្រើន ប្រសិនបើស្ថានភាពវិបត្តិជំងឺកូវីដ-១៩អំណាយផលល្អ ដោយត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោផង និងនៅពហុកីឡដ្ឋានជាតិអូឡាំពិកផង ជាពិសេសនៅដើមឆ្នាំ២០២៣ ដែលជាឆ្នាំស៊ីហ្គេមលើកទី៣២ នៅកម្ពុជានោះគឺត្រូវការចាំបាច់នូវការប្រកួតកាន់តែច្រើនបន្ថែមទៀត។
លោកបន្តថា “ការប្រកួតនេះហើយ គឺជាការកំណត់នៃការវាស់ស្ទង់កម្រិតគុណភាព សមត្ថភាពរបស់កីឡាករ កីឡាការិនីពិតប្រាកដថាមានកម្រិតណា ក្នុងការប្រកួតប្រជែងមេដាយជូនជាតិ ក្នុងគោលដៅស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងប្រារព្ធពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០២៣ ហើយហេដ្ឋារចនាសម្ព័ន្ធកីឡាដ៏ធំថ្មីទំនើបតាមបច្ចេកវិទ្យាចុងក្រោយ របស់ពិភពលោករបស់កម្ពុជាមួយនេះ ក៏ជាកន្លែងប្រកួតកីឡាភាគច្រើននៅទីនេះផងដែរ ខណៈការគ្រោងទុកការប្រកួតកីឡាផ្សេងៗទៀតគ្រោងនឹងរៀបចំ ការប្រកួតខ្លះនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមទាំងប្រភេទកីឡាមួយចំនួនទៀត ជាពិសេសគឺប្រភេទកីឡាលើទឹក ដូចជានៅខេត្តព្រះសីហនុ, ប្រភេទកីឡាទ្រីយ៉ាត្លុង (ហែលទឹក-រត់ប្រណាំង-ជិះកង់) ដែលមានហេដ្ឋារចនាសម្ព័ន្ធអំណាយផលខ្លាំង នៅខេត្តកែបជាដើម៕