ដោយៈសុខុម
ក្រុងឡុងដ៍: ក្រុមហ៊ុនលក់សម្លៀកបំពាក់រាយ ដែលមានឈ្មោះថា Next របស់អង់គ្លេស បានប្រកាសផ្អាកបញ្ជាទិញសម្លៀកបំពាក់ ពីរោងចក្រនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយពីក្រុមហ៊ុនអឺរ៉ុប ជាច្រើនទៀតបានធ្វើដូច្នេះ ដើម្បីឆ្លើយតបទៅនឹងរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ។ នេះបើយោងតាមសារព័ត៌មាន The Star ចុះផ្សាយកាលពីថ្ងៃទី៤ មេសា។
ប្រទេសមីយ៉ាន់ម៉ា បានផ្ទុះបាតុកម្មហិង្សាចាប់ តាំងពីកងទ័ពបានធ្វើរដ្ឋប្រហារនៅថ្ងៃទី០១ កុម្ភៈ ដើម្បីផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី ដែលជាជ័យលាភីទទួលរង្វាន់ណូបែលសន្តិភាព ក្រោមលេសថា មានការលួចសន្លំសន្លឹឆ្នោតនៅក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០។
យោងតាមអង្គការសិទ្ធិមនុស្សមួយដែលមានឈ្មោះថា “សមាគមផ្ដល់ជំនួយដល់អ្នកទោសនយោបាយ”(AAPP) ឱ្យដឹងថា ជនស៊ីវិលយ៉ាងតិច៥៣៦នាក់ បានបាត់បង់ជីវិតនៅក្នុងបាតុកម្មហិង្សា ដោយក្នុងនោះមាន ១៤១ នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ ទី៣ មេសា ដែលជាថ្ងៃបង្ហូរឈាមច្រើនបំផុតនៅក្នុងការតវ៉ានេះ។
ផលិតផលវាយនភណ្ឌ ក្រណាត់ និងអំបោះរបស់ប្រទេសមីយ៉ាន់ម៉ា បានសាងឈ្មោះល្បីល្បាញពេញពិភពលោក ហើយឧស្សាហកម្មកាត់ដេរ ជាប្រភពការងារដ៏សំខាន់នៅក្នុងប្រទេសនេះ។
លោក Simon Wolfson នាយកប្រតិបត្តិក្រុមហ៊ុនNext បានប្រាប់ទីភ្នាក់ងារព័ត៌មានReuters ថា ក្រុមហ៊ុនរបស់លោក នឹងមិនធ្វើការបញ្ជាទិញពីប្រទេសមីយ៉ាន់ម៉ា ទៀតឡើយនៅពេលនេះ ហើយនឹងងាកទៅបញ្ជាទិញពីប្រទេសផ្សេងទៀត។
លោកបានបញ្ជាក់ថា “ការបញ្ជាទិញរបស់ក្រុមហ៊ុន Next ដែលធ្លាប់បានទៅលើប្រទេសមីយ៉ាន់ម៉ា ឥឡូវនេះនឹងត្រូវបានបែងចែករវាង៣ ប្រទេសរួមមានបង់ក្លាដែស កម្ពុជា និងចិន”។
កាលពីថ្ងៃពុធ សប្ដាហ៍មុន ក្រុមហ៊ុន Associated British Foods ប្រកាសថា ប៊្រែនសម្លៀកបំពាក់ Primark របស់ខ្លួនបានផ្អាកបញ្ជាទិញពីប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានចំណាត់ការស្រដៀងគ្នាពីក្រុមហ៊ុនH&M របស់ស៊ុយអែត ដែលជាក្រុមហ៊ុនលក់រាយស ម្លៀកបំពាក់ធំបំផុតទី២ របស់ពិភពលោក និងក្រុមហ៊ុន Benetton Group របស់អ៊ីតាលី។
កាលពីថ្ងៃច័ន្ទ សប្ដាហ៍មុន ក្រុមហ៊ុនលក់សម្លៀកបំពាក់រាយOVS របស់អ៊ីតាលី បានប្រកាសថា ខ្លួននឹងរក្សាទុក “វត្តមានមានកំណត់” របស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែនឹងបញ្ឈប់អាជីវកម្មរបស់ខ្លួន ជាមួយបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់ ដែលរើសអើងចំពោះកម្មករ ដែលចូលរួមក្នុងបាតុកម្មប្រឆាំងរបបយោធារបស់ប្រទេសនេះ។
ក្រុមហ៊ុន Marks & Spencer របស់អង់គ្លេសបាននិយាយថា ខ្លួននឹងរក្សាទុកការបញ្ជាទិញដែលបានកក់ទុករួចហើយ ប៉ុន្តែនឹងពិចារណាឡើងវិញ ចំពោះការបញ្ជាទិញនៅពេលអនាគត។
ដោយឡែកពីគ្នាកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ប្រទេសអង់គ្លេសបានដាក់ទណ្ឌកម្ម លើក្រុមហ៊ុនមេដ៏ធំមួយរបស់មីយ៉ាន់ម៉ា ដោយសារក្រុមហ៊ុននោះ មានទំនាក់ទំនងជិតស្និទ្ធ ជាមួយមេដឹកនាំយោធា ដែលបានសម្លាប់ជនស្លូតត្រង់យ៉ាងច្រើន រួមទាំងកុមារផងដែរ៕