ដោយៈ ប៊ី
ភ្នំពេញៈ កម្ពុជានឹងចូលរួមក្នុងកិច្ចសន្ទនាត្រីភាគីបើកចំហរ (Open-Ended Troika Dialogue) ថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេសនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីពិភាក្សាពីការដោះស្រាយសេចក្តីបារម្ភរួមគ្នា ផ្នែកសុខភាពនៅក្នុងតំបន់ ពិសេសការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងរឹងមាំ។
យោងតាមការប្រកាសរបស់ក្រសួងការបរទេសនៅថ្ងៃទី៦ ខែមេសា បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២ នឹងចូលរួមក្នុងកិច្ចសន្ទនាត្រីភាគីបើកចំហរ (Open-Ended Troika Dialogue) ថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
ការចូលរួមកិច្ចប្រជុំខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ (DATO ERYWAN PEHIN YUSOF) រដ្ឋមន្រ្តីការបរទេសប្រ៊ុយណេដារ៉ូសាឡឹម។
ក្រសួងការបរទេសបានឱ្យដឹងថា កិច្ចសន្ទនានេះត្រូវបានរំពឹងថា នឹងគ្របដណ្តប់លើការរិះរកវិធី និងមធ្យោបាយនានា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងអាស៊ាន និងចក្រភពអង់គ្លេស ក្នុងការដោះស្រាយសេចក្តីបារម្ភរួមគ្នា ផ្នែកសុខភាពនៅក្នុងតំបន់ និងពិភពលោក ជាពិសេសការរាតត្បាតជំងឺកូវីដ-១៩ ការពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ដើម្បីកសាងការស្តារ សេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងរឹងមាំ និងការលើកកម្ពស់ការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហា ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ៕
មានដីឡូតិ៍លក់នៅក្នុងថ្មីនៅសៀមរាប