ដោយៈគង់ សូរិយា
សៀមរាបៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុនបានមានប្រសាសន៍ឲ្យដឹងថា ក្រសួងអាចស្នើរដ្ឋាភិបាល បើកគោលដៅទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ និងធ្វើឡើងមុនគេ បើសិនជាខេត្តគ្រប់គ្រងសហគមន៍បានល្អ អាចចាក់វ៉ាក់សាំងជូនបុគ្គលិក និយោជិតក្នុងវិស័យទេសចរណ៍បានល្អនាពេលខាងមុខ។
លោកបណ្ឌិតថោង ខុនបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមកាលពីថ្ងៃទី៥ មេសាកន្លងមកថា ក្រសួងបានស្នើសុំគណកម្មការចំពោះកិច្ច ដើម្បីឲ្យមានការចាក់វ៉ាក់សាំងជូនបុគ្គលិក និយោជិតក្នុងវិស័យទេសចរណ៍ ពិសេសអ្នកនៅជួរមុខជាមុន និងធ្វើតាមគោលដៅទេសចរណ៍សំខាន់ៗ។ លោកបន្តថា គោលដៅទេសចរណ៍ណា ដែលគ្រប់គ្រងសហគមន៍បានល្អ និងល្បឿននៃការចាក់វ៉ាក់សាំងជូនប្រជាជនបានលឿន វាជាអំណោយផលដើម្បីជាមូលដ្ឋាន ដែលក្រសួងពិចារណាជាមួយក្រសួងសុខាភិបាល ក្នុងការស្នើសុំរាជរដ្ឋាភិបាលពិនិត្យ និងបើកគោលដៅទេសចរណ៍នោះជាមុន។
លោកបណ្ឌិតបន្តថា “ដូចករណីខេត្តសៀមរាប បើខេត្តនេះគ្រប់គ្រងសភាពការណ៍នៅក្នុងសហគមន៍បានល្អហើយ ចាក់វ៉ាក់សាំងជូនប្រជាជនបានល្អថែមទៀត និងចាក់ជូនអ្នកជួរមុខក្នុងឧស្សាហកម្មនេះបានល្អ យើងអាចពិចារណាបើកគោលដៅទេសចរណ៍ខេត្តសៀមរាបមុនគេ ប៉ុន្តែក៏ត្រូវអនុវត្តន៍តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ហើយអ្វីៗយើងនឹងត្រូវជជែកគ្នាបន្តទៀត”។
លោករដ្ឋមន្រ្តីបានបន្តថា “យ៉ាងណាក៏ដោយរដ្ឋាភិបាលប្រទេសនិមួយៗ តែងតែគិតគូជាចម្បង លើអាយុជីវិតប្រជាពលរដ្ឋជាមុន និងជាអាទិភាព ព្រោះហេតុនេះទើបយើងបន្តធ្វើការយ៉ាងជិតស្និទ្ឋ ជាមួយក្រសួងសុខាភិបាលលើការងារនេះ ដើម្បីធ្វើយ៉ាងណាឲ្យអ្វីៗមានភាពសមស្របតាមសភាពការណ៍ជាក់ស្តែង”។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោកធួន ស៊ីណានបានមានប្រសាសន៍ថា ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មិនទាន់ឈានដល់សភាពការណ៍ញ័រដៃ ញ័រជើងនោះទេ ហេតុនេះលោកគាំទ្រពេញទំហឹង ដល់ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប៉ុន្តែលោកស្នើឲ្យមានការចាក់វ៉ាក់សាំង ដល់ប្រជាជននៅក្រុងសៀមរាប និងតំបន់ជុំវិញទាំងអស់ ដែលប្រជាជនមិនលើសពី៥០ម៉ឺននាក់នោះទេ ព្រោះភ្ញៀវទេសចរណ៍ត្រូវពាក់ព័ន្ឋជាមួយមនុស្សទាំងអស់។
លោកបន្តថា “កម្ពុជាអាចបើកក្រុងសៀមរាបជាModelមួយ បើទទួលបានជោគជ័យអាចធ្វើនៅក្រុងព្រះសីហនុ និងគោលដៅសំខាន់ៗដទៃទៀត ប៉ុន្តែភ្ញៀវទេសចរណ៍ចូលមកដាច់ខាតត្រូវតែបានចាក់វ៉ាក់សាំងរួចហើយ”។លោកបន្តថា “ភ្ញៀវទេសចរណ៍ត្រូវតែធ្វើចត្តាឡីស័ក ប៉ុន្តែយើងគួរពិចារណាកាត់បន្ថយពេលវេលា នៃការធ្វើចត្តាឡីស័ក ព្រោះបើពួកគាត់មក ជាប់ចត្តាឡីស័ក១៤ថ្ងៃ គ្មានអ្នកណាមកនោះទេ”។
លោកធួន ស៊ីណានបានបន្តថា ជាមួយនឹងការចាក់ជូនប្រជាពលរដ្ឋបែបនេះ នៅក្នុងតំបន់ណាមួយជាក់លាក់ គឺរដ្ឋាភិបាលអាចកំណត់ព្រំដែន ដែលភ្ញៀវទេសចរណ៍អាចដើរហើរបានក្នុងកម្រិតកំណត់ជាក់លាក់ ពិសេសគ្រប់គ្រងការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋមកកាន់ខេត្តសៀមរាបឲ្យបានតឹងរ៉ឹងផងដែរ។
លោកបន្តថា “បើសិនជាស្ថានភាពបែបនេះ អូសបន្លាយរយៈពេលជាង១ឆ្នាំទៀត ខ្ញុំជឿថាស្ថានភាពពិបាកស្តារណាស់ សណ្ឋាគារធំៗនឹងបិទទ្វារ ហើយមិនងាយស្តារឡើងវិញនោះទេ”៕