ផ្សារ​ទំនើប​ថ្មី​ចំនួន៤ បានដាក់​ដំណើរការ​ក្នុង​ត្រីមាស​ទី១ឆ្នាំនេះ ខណៈដែល​តម្រូវ​ការជួល​កំពុង​ដាំ​ក្បាល​ចុះ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បើទោះជា​វិស័យ​ផ្សារ​ទំនើប​នៅ​កម្ពុជា កំពុងតែ​ជួបនឹង​បញ្ហា​ធ្លាក់ចុះ​តម្រូវការ​ស្ទើរ​គ្រប់​ទីតាំង ប៉ុន្តែ​នៅត្រឹម​ត្រីមាស​ទី១ ដើមឆ្នាំ២០២១នេះ វត្តមាន​ផ្សារ​ទំនើប​ចំនួន៤ផ្សេងទៀត រាប់ទាំង​ប្រភេទ​ផ្សារ​សហគមន៍​បានបញ្ចប់​ការសាងសង់ និង​ដាក់​ដំណើរការ​ជា​បន្តបន្ទាប់។

តាម​របាយការណ៍​សិក្សា​ដោយ​ក្រុមហ៊ុន CBRE Cambodia បាន​បញ្ជាក់ថា ផ្សារ​ទំនើប​ចំនួន ដែល​ត្រូវ​បានដាក់​ដំណើរការ នៅក្នុង​ត្រីមាស​ដំបូង​ដើមឆ្នាំ២០២១នេះ រួមមាន​ផ្សារ TK Central មាន​ទំហំ៣៥៤០ម៉ែត្រការ៉េ រួម​ជា​មួ​នឹង​គម្រោង​ផ្សារ Boeung Snor Food Village គម្រោង The Green Avenue  និង​គម្រោង​ផ្សារ View Park Mall ដែលមាន​ទំហំ​សរុប​ចំនួន២៤,៣៤៩ ម៉ែត្រការ៉េ។

បើតាម​ការលើកឡើង​នៅក្នុង​របាយការណ៍​ដែល​សិក្សា និង​ស្រាវជ្រាវ​ដោយ​ក្រុមហ៊ុន​ជំនាញ​ខាងលើនេះ​បាន​ព្យា​ការណ៍​ថា នៅក្នុង​ដំណាច់ឆ្នាំ២០២១នេះ បើ​មិនមាន​អ្វី​ប្រែប្រួល ឬ​ជា​ឧបសគ្គ​នោះទេ ផ្សា​រំ​នើ​ប​តូច ធំ រាប់ទាំង​ប្រភេទ​ផ្សារ​សហគមន៍​មាន​សរុប​រហូត​ប្រមាណ១៩គម្រោង ដែល​អាច​នឹងត្រូវ​បញ្ចប់​ការសាងសង់ និង​ត្រៀម​ដាក់​ដំណើរការ។

ទោះជា​យ៉ាងណា ទំហំ​នៃ​ការផ្គត់ផ្គង់​នៅក្នុង​វិស័យ​ផ្សារ​ទំនើប ឆ្នាំ២០២១នេះ​អាច​នឹង​លើស​តម្រូវការ ខណៈ​គ្មាន​គម្រោង​ណាមួយ​ត្រូវ​អាក់ខាន ឬ​ពន្យា​ពេល​សាងសង់​បញ្ចប់​គម្រោង​នោះទេ។

អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ និង​ការវាយតម្លៃ លោកស្រី​អាន សុធី​តា ធ្លាប់បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ន ការដាក់បញ្ចូល​ទីតាំង​លក់រាយ នៅក្នុង​ផ្សារ​ទំនើប​នៅ​កម្ពុជា កំពុងតែ​មានការ​កើនឡើង​ជា​បន្តបន្ទាប់ ជាពិសេស​ប្រភេទ​ផ្សារ​ទំនើប​បែប​សហគមន៍ នៅតាម​តំបន់​ទីប្រជុំជន​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅក្នុង​អគារ​ពាណិជ្ជកម្ម​ផងដែរ” ។

លោកស្រី​បន្តថា “កំ​ណើ​នៃ​ការដាក់បញ្ចូល​ថ្មី​បន្ថែម​ទាំងនេះ កំពុងតែ​ប្រឈម​ទៅនឹង​វិបត្តិ នៃ​ការផ្គត់ផ្គង់​លើសពី​តម្រូវការ ខណៈដែល​បច្ចុប្បន្ន​អតិថិជន​មួយចំនួន ដែល​និយម​ទិញ​សម្ភារៈប្រើប្រាស់ ឬ​ចំណីអាហារ​នៅតាម​បណ្តា​ផ្សារ​ទំនើប បាន​ផ្លាស់ប្ដូរ​បែបបទ និង​ទម្លាប់​របស់ខ្លួន​ដោយ​ការទិញ​តាម​អន​ឡាញ” ។ លោកស្រី​បន្តថា “ការទិញ​តាម​អន​ឡាញ មាន​សេវា​ដឹកជញ្ជូន​ដល់​លំនៅដ្ឋាន។ សកម្មភាព​ទាំងនេះ គឺជា​ចំណែក​មួយ​ដែល​អាច​ជះឥទ្ធិពល​អវិជ្ជមាន ដល់​វិស័យ​ផ្សារ​ទំនើប បន្ថែម​ពីលើ​អ្វីដែល​កំពុង​កើតមាន​នាពេល​បច្ចុប្បន្ន” ។

លោកស្រី​អាន សុធី​តា​បាន​បញ្ជាក់ថា ផ្អែក​តាម​ស្ថានភាព ដែល​កំពុងមាន​នាពេល​បច្ចុប្បន្ននេះ អ្នក​អភិវឌ្ឍន៍​ក្នុង​វិស័យនេះ គួរតែមាន​ការសម្រេច​ចិត្ត​ជាថ្មី ក្នុងការ​ដាក់បញ្ចូល​ចំណែក​ថ្មី​នៃ​ទីតាំង​លក់រាយ ដែល​ស្ថិតនៅក្នុង​គម្រោង​របស់​ខ្លួន ជៀសវាង​ជួប​ហានិភ័យ ដែល​អាច​កើតមាន​ក្នុង​អត្រា​ខ្ពស់​នៅ​ចុងឆ្នាំ២០២១ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here