ដោយៈឧត្តម
តូក្យូ: ការស្ទាបស្ទង់ដ៏សំខាន់មួយបានបង្ហាញថា ពេលនេះក្រុមហ៊ុនជប៉ុនធំៗ បានចាប់ផ្ដើមមានទំនុកចិត្តឡើងវិញកាន់តែខ្លាំង បន្ទាប់ពីធ្លាក់ចុះដោយសារការឆ្លងរាតត្បាតវីរុសផ្លូវដង្ហើមប្រភេទថ្មីដ៏កាចសាហាវកូវីដ-១៩ ដែលឈានដល់កម្រិតអាក្រក់បំផុត ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុសកលលោក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយក្នុងថ្ងៃដដែល។
ការស្ទាបស្ទង់ពាណិជ្ជកម្មសម្រាប់ខែធ្នូ ដោយធនាគារជប៉ុន Bank of Japan ដែលបានស្ទង់មតិក្រុមហ៊ុនប្រមាណ១០.០០០ បានបង្ហាញពីរង្វាស់ដក១០ ក្នុងចំណោមរោងចក្រធំៗ ក្រោយការកត់ត្រារង្វាស់ដក២៧ នៅក្នុងការស្ទាបស្ទង់លើកមុន និងរង្វាស់ដក ៣៤ នៅក្នុងការស្ទង់មតិខែមិថុនា។ តួលេខចុងក្រោយនេះបានប្រៀបធៀបជាមួយនឹងការស្ទង់មតិក្នុងទីផ្សារ ដែលមានរង្វាស់ដក ១៥។
តួលេខប្រចាំខែមិថុនា ជាតួលេខទាបបំផុត ចាប់តាំងខែមិថុនាកាលពីឆ្នាំ២០០៩ ជាពេលដែលវិបត្តិហិរញ្ញវត្ថុពិភពលោក វាយប្រហារយ៉ាងធ្ងន់ធ្ងរ ទៅលើសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកមួយនេះ។
ការស្ទង់មតិពាណិជ្ជកម្មរយៈពេលខ្លីនេះ បង្ហាញពីភាពខុសគ្នារវាងភាគរយ នៃក្រុមហ៊ុន ដែលមានគំនិតវិជ្ជមាន និងក្រុមហ៊ុនដែលមើលឃើញស្ថានភាពថា មិនអំណោយផល។
លទ្ធផលរង្វាស់ស្ទង់មតិចុងក្រោយនេះទទួលបាន បន្ទាប់ពីរដ្ឋាភិបាលជប៉ុន កាលពីសប្តាហ៍មុនបានអនុម័តទម្លាក់កញ្ចប់ថវិកាថ្មី ដើម្បីស្ដារសេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ជាង ៧០០ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់គម្រោងនានារាប់ចាប់ ពីវិធានការប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ រហូតដល់ការអភិវឌ្ឍបច្ចេកវិទ្យាបៃតង ហើយកញ្ចប់ថវិកាបែបនេះគឺជាកញ្ចប់ថវិកាធំបំផុតទី៣ របស់ជប៉ុនសម្រាប់ឆ្នាំសារពើពន្ធនេះ។
ប្រទេសជប៉ុន បានងើបចេញផុតពីឱនភាពសេដ្ឋកិច្ចជាផ្លូវការ កាលពីខែមុន បន្ទាប់ពីធ្លាក់ចុះ៣ត្រីមាសជាប់ៗគ្នា ប៉ុន្តែពេលនេះសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកមួយនេះកំពុងតែប្រឈម នឹងការកើនឡើងយ៉ាងឆាប់រហ័ស នូវករណីឆ្លងវីរុសកូវីដ-១៩ ដោយករណីឆ្លងថ្មីៗកើនឡើងខ្ពស់ មិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕