ដោយៈ រ៉ាណេត
ភ្នំពេញៈ មិនមែនមានតែនៅតំបន់ជាយក្រុង ឬតំបន់មួយចំនួននៅតាមបណ្តាខេត្តនោះទេ ដែលមានការពុះជាដីឡូតិ៍លក់ សម្រាប់អភិវឌ្ឍន៍ជាលំនៅដ្ឋាននោះ នៅក្នុងតំបន់នៃទីក្រុងរណបកោះពេជ្រ ក៏មានកន្លែងខ្លះមានការពុះបែងចែក ជាប្រភេទដីឡូតិ៍សម្រាប់សាងសង់លំនៅដ្ឋានដែរ ទាស់ត្រង់ថាឡូតិ៍មានទំហំធំ និងមានតម្លៃថ្លៃរហូតដល់ជាង៣៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬលើសពីនេះ។
នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ KAT Appraisal លោកស្រីចេវ សុឃុន បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ថា នៅក្នុងទីក្រុងរណបកោះពេជ្រ ជាតំបន់ដែលមានការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យយ៉ាងខ្លាំងប្រចាំរាជធានីភ្នំពេញ ដោយប្រមូលផ្តុំទៅដោយសំណង់អាគារពាណិជ្ជកម្ម អាគារខុនដូ ផ្សារទំនើបសហគមន៍ អាគារការិយាល័យប្រណីត ដែលមានតម្លៃសរុបរាប់ពាន់លានដុល្លារ។
លោកស្រីបន្តថា “ក្រៅពីសំណង់អាគារដែលមានស្រាប់ និងគម្រោងសំណង់អាគារពាណិជ្ជកម្ម កម្ពស់កប់ពពកជាច្រើនគម្រោងទៀត ដែលកំពុងបុកគ្រឹះសាងសង់នៅមានគម្រោងបុរីលំនៅដ្ឋាន បែបអភិជនដែលត្រូវបានដាក់លក់ ក្នុងតម្លៃថ្លៃរាប់សិបម៉ឺនឈានដល់ខ្ទង់លានដុល្លារសម្រាប់លំនៅដ្ឋានមួយខ្នង” ។
ដោយឡែកពាក់ព័ន្ធទៅនឹងការបែងចែកពុះ ជាប្រភេទដីឡូតិ៍នៅក្នុងតំបន់ទីក្រុងកោះពេជ្រក៏មានដែរ ប៉ុន្តែជាប្រភេទឡូតិ៍ធំៗដែលមានទំហំ១៥x២៥ម៉ែត្រ សម្រាប់សាងសង់ជាប្រភេទផ្ទះវីឡាឃីង ឬជាប្រភេទវីឃ្វីន ហើយភាគច្រើនឃើញមាននៅក្បែរបុរីវិរៈជន ដែលត្រូវបានគេស្គាល់ច្បាស់ថា ជាបណ្តុំលំនៅដ្ឋាន ដែលមានតម្លៃថ្លៃកម្រិតអភិជនរស់នៅ។
លោកស្រីចេវ សុឃុន បានបន្តថា តាមដែលលោកស្រីបានដឹងតំបន់ ដែលត្រូវពុះជាប្រភេទដីឡូតិ៍ នៅក្នុងតំបន់កោះពេជ្រគឺមានមិនច្រើននោះទេ ហើយអាចគិតជាម៉ែត្រការ៉េ ដោយក្នុង១ម៉ែត្រការ៉េមានតម្លៃ ចាប់ពី៣៨០០ដុល្លារឡើងទៅ។ ដូច្នេះគេអាចគុណតម្លៃទៅតាមទំហំម៉ែត្រការ៉េតែម្ដង៕