ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោក ចាវ លីចៀន ( Zhao Lijian ) អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ក្នុងនាមជាមិត្តដែកថែបជាមួយកម្ពុជា ចិននឹងបន្តជួយកម្ពុជាតាមសមត្ថភាព សម្រាប់ការទប់ស្កាត់ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ទៅតាមការស្នើសុំជាបន្តបន្ទាប់ទៀត។ នេះបើយោងតាមការចុះផ្សាយ ដោយគេហទំព័ររបស់ក្រសួងការបរទេសចិន នៅថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១នេះ។
ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសចិនខាងលើ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១កន្លងមកនេះ ដើម្បីឆ្លើយតបនឹងសំណួររបស់សារព័ត៌មាន China Daily ដែលបានសួរពាក់ព័ន្ធនឹងចំនួន អ្នកឆ្លងកូវីដ១៩ នៅកម្ពុជាប្រចាំថ្ងៃ ដែលបន្តរក្សាចំនួន ៣ខ្ទង់ រហូតដល់មានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ថែមទាំងមានការរឹតត្បិតការធ្វើដំណើរជាដើម។
លោកចាវ លីចៀន បានថ្លែងថា ចិនកំពុងតាមដានស្ថានការណ៍រីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជាយ៉ាងយកចិត្តទុកដាក់។ តាមអ្នកនាំពាក្យរូបនេះ ចិនជឿជាក់ថា ក្រោមព្រះរាជកិច្ចគាំពាររបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំដ៏រឹងមាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាជនកម្ពុជ ច្បាស់ជាអាចទទួលបានដំណោះស្រាយដ៏ល្អ ឆ្លើយតបនឹងវិបត្តិបច្ចុប្បន្ននេះ ហើយក៏ធានាបាននូវជ័យជម្នះលើជំងឺកូវីដ១៩ យ៉ាងឆាប់រហ័ស។
លោកបន្ថែមថា “តាំងពីឆ្នាំមុន ចិន និងកម្ពុជាបានឈររួមគ្នាគ្រប់កាលៈទេសៈ។ អំឡុងពេលមានស្ថានភាពប្រកបដោយគ្រោះថ្នាក់ គឺពេលដែលចិនកំពុងប្រយុទ្ធនឹងកូវីដ១៩ សម្តេចតេជោ ហ៊ុន សែនបានធ្វើទស្សនកិច្ចនៅចិន ជានិមិត្តរូបនៃការគាំទ្រ។លោកបន្តថា “ទំនាក់ទំនងទ្វេភាគី និងមិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីរ បានស្តែងចេញកាន់តែខ្លាំងឡើងៗ នៅក្នុងការរួមគ្នាឆ្លើយតបនឹងវិបត្តិជាសកលនេះ” ។
អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់ទៀតថា “ក្នុងនាមជាមិត្តដែកថែប វាជាក្រិតក្រមធម្មជាតិទៅហើយ នៅពេលដែលកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចិននឹងប្រឹងប្រឹងឲ្យអស់លទ្ធភាព ដើម្បីសហការជាមួយកម្ពុជា ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងជំងឺនេះ។ នេះមិនត្រឹមតែជាសក្ខីបទ បង្ហាញពីទំនាក់ទំនងពិសេសរបស់យើងទេ ប៉ុន្តែថែមទាំងផ្នែកដ៏សំខាន់មួយ នៅក្នុងការប្រឹងប្រឹងរួមគ្នា កសាងសហគមន៍រួមវាសនាតែមួយ” ។
លោកចាវ លីជាង ក៏បានលើកឡើងពីជំនួយរបស់ចិន ទាំងផ្នែកហិរញ្ញវត្ថុ វ៉ាក់សាំង និងគ្រឿងបរិក្ខានានា ក្នុងគោលដៅចូលរួមសមរភូមិកូវីដ១៩ នៅកម្ពុជាផងដែរ។
លោកបន្តថា ក្នុងនាមជាមិត្តដែកថែបជាមួយកម្ពុជា) ចិននឹងបន្តជួយកម្ពុជាតាមសមត្ថភាព សម្រាប់ការទប់ស្កាត់ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ទៅតាមការស្នើសុំជាបន្តបន្ទាប់ទៀត» ។ នេះជាការបញ្ជាក់ច្បាស់ៗ ពីអ្នកនាំពាក្យក្រសួងការបរទេសចិន។
ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចិនបានផ្តល់ឲ្យកម្ពុជា ទាំងផ្នែកហិរញ្ញវត្ថុ វ៉ាក់សាំង និងគ្រឿងបរិក្ខាជាច្រើន។ សរុបមកទល់ពេលនេះ វ៉ាក់សាំងដែលជាជំនួយរបស់ចិនផ្ដល់ជូនកម្ពុជា ប្រភេទស៉ីណូហ្វាម មានចំនួន ១,៣lលានដូស។
ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩រដ្ឋាភិបាលចិន ក៏បានសម្រេចផ្តល់ជំនួយ ឥតសំណងជាវ៉ាក់សាំងស៉ីណូហ្វាមចំនួន៤០ម៉ឺនដូស បន្ថែមទៀតដល់ភាគីកម្ពុជា។ បើតាមការប្រកាសរបស់ស្ថានទូតចិននៅកម្ពុជា វ៉ាក់សាំងទាំងនេះ នឹងដឹកជញ្ជូនមកដល់កម្ពុជា នាចុងខែមេសា ឆ្នាំ២០២១ខាងមុខនេះ តាមរយៈជើងហោះហើរពាណិជ្ជកម្ម៕
ប្រភព៖ Fresh News