ដំណឹង​ល្អៈ ចិន​ត្រៀម​ជួ​យកម្ពុជា​ក្នុងការ​ប្រយុទ្ធ​ជាមួយនឹង​ជំងឺ​កូ​វីដ១៩

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោក ចាវ លី​ចៀន ( Zhao Lijian ) អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ថ្លែងថា ក្នុងនាម​ជា​មិត្ត​ដែកថែប​ជាមួយ​កម្ពុជា ចិន​នឹង​បន្ត​ជួយ​កម្ពុជា​តាម​សមត្ថភាព សម្រាប់​ការទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺ​រាតត្បាត​កូ​វីដ១៩ ទៅតាម​ការស្នើសុំ​ជា​បន្តបន្ទាប់​ទៀត។ នេះ​បើ​យោងតាម​ការចុះផ្សាយ ដោយ​គេហទំព័រ​របស់​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃ​សៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១នេះ។

ការបញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​ចិន​ខាងលើ បានធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១កន្លងមកនេះ ដើម្បី​ឆ្លើយតប​នឹង​សំណួរ​របស់​សារព័ត៌មាន China Daily ដែល​បាន​សួរ​ពាក់ព័ន្ធ​នឹង​ចំនួន អ្នក​ឆ្លង​កូ​វីដ១៩ នៅ​កម្ពុជា​ប្រចាំថ្ងៃ ដែល​បន្ត​រក្សា​ចំនួន ៣ខ្ទង់ រហូតដល់​មានការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ថែមទាំង​មានការ​រឹតត្បិត​ការធ្វើដំណើរ​ជាដើម។

លោក​ចាវ លី​ចៀន បាន​ថ្លែងថា ចិន​កំពុង​តាមដាន​ស្ថានការណ៍​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ នៅ​កម្ពុជា​យ៉ាង​យកចិត្តទុកដាក់។ តាម​អ្នកនាំពាក្យ​រូបនេះ ចិន​ជឿជាក់ថា ក្រោម​ព្រះរាជកិច្ច​គាំពារ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង​ក្រោម​ការដឹកនាំ​ដ៏​រឹងមាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រជាជន​កម្ពុជ ច្បាស់​ជា​អាច​ទទួលបាន​ដំណោះស្រាយ​ដ៏​ល្អ ឆ្លើយតប​នឹង​វិបត្តិ​បច្ចុប្បន្ននេះ ហើយក៏​ធានាបាន​នូវ​ជ័យជម្នះ​លើ​ជំងឺ​កូ​វីដ១៩ យ៉ាង​ឆាប់រហ័ស។

លោក​បន្ថែមថា “តាំងពី​ឆ្នាំមុន ចិន និង​កម្ពុជា​បាន​ឈរ​រួមគ្នា​គ្រប់​កាលៈទេសៈ។ អំឡុងពេល​មាន​ស្ថានភាព​ប្រកបដោយ​គ្រោះថ្នាក់ គឺ​ពេលដែល​ចិន​កំពុង​ប្រយុទ្ធ​នឹង​កូ​វីដ១៩ សម្តេច​តេ​ជោ ហ៊ុន សែន​បានធ្វើ​ទស្សនកិច្ច​នៅ​ចិន ជា​និមិត្តរូប​នៃ​ការគាំទ្រ។លោក​បន្តថា “ទំនាក់ទំនង​ទ្វេភាគី និង​មិត្តភាព​រវាង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ បាន​ស្តែងចេញ​កាន់តែខ្លាំងឡើងៗ នៅក្នុង​ការរួម​គ្នា​ឆ្លើយតប​នឹង​វិបត្តិ​ជា​សកល​នេះ” ។

អ្នកនាំពាក្យ​ក្រសួងការបរទេស បញ្ជាក់ទៀតថា “ក្នុងនាម​ជា​មិត្ត​ដែកថែប វា​ជា​ក្រិត​ក្រម​ធម្មជាតិ​ទៅហើយ នៅពេលដែល​កម្ពុជា កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩ ចិន​នឹង​ប្រឹង​ប្រឹង​ឲ្យ​អស់​លទ្ធភាព ដើម្បី​សហការ​ជាមួយ​កម្ពុជា ក្នុងការ​ធ្វើសង្គ្រាម​ប្រឆាំងនឹង​ជំងឺ​នេះ។ នេះ​មិន​ត្រឹមតែ​ជាស​ក្ខី​បទ បង្ហាញ​ពី​ទំនាក់ទំនង​ពិសេស​របស់​យើង​ទេ ប៉ុន្តែ​ថែមទាំង​ផ្នែក​ដ៏​សំខាន់​មួយ នៅក្នុង​ការ​ប្រឹង​ប្រឹង​រួមគ្នា កសាង​សហគមន៍​រួម​វាសនា​តែមួយ

លោក​ចាវ លី​ជាង ក៏បាន​លើកឡើង​ពី​ជំនួយ​របស់​ចិន ទាំង​ផ្នែក​ហិរញ្ញវត្ថុ វ៉ាក់សាំង និង​គ្រឿង​បរិក្ខា​នានា ក្នុង​គោលដៅ​ចូលរួម​សមរភូមិ​កូ​វីដ១៩ នៅ​កម្ពុជា​ផងដែរ។

លោក​បន្តថា ក្នុងនាម​ជា​មិត្ត​ដែកថែប​ជាមួយ​កម្ពុជា) ចិន​នឹង​បន្ត​ជួយ​កម្ពុជា​តាម​សមត្ថភាព សម្រាប់​ការទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺ​រាតត្បាត​កូ​វីដ១៩ ទៅតាម​ការស្នើសុំ​ជា​បន្តបន្ទាប់​ទៀត» ។ នេះ​ជាការ​បញ្ជាក់ច្បាស់ៗ ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន។

ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩ ចិន​បានផ្តល់​ឲ្យ​កម្ពុជា ទាំង​ផ្នែក​ហិរញ្ញវត្ថុ វ៉ាក់សាំង និង​គ្រឿង​បរិក្ខា​ជាច្រើន។ សរុប​មកទល់ពេលនេះ វ៉ាក់សាំង​ដែលជា​ជំនួយ​របស់​ចិន​ផ្ដល់ជូន​កម្ពុជា ប្រភេទ​ស៉ី​ណូ​ហ្វា​ម មាន​ចំនួន ១,៣lលាន​ដូ​ស។

ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ-១៩រដ្ឋាភិបាល​ចិន ក៏បាន​សម្រេច​ផ្តល់ជំនួយ ឥត​សំណង​ជា​វ៉ាក់សាំង​ស៉ី​ណូ​ហ្វា​ម​ចំនួន៤០ម៉ឺន​ដូ​ស បន្ថែមទៀត​ដល់​ភាគី​កម្ពុជា។ បើតាម​ការប្រកាស​រប​ស់​ស្ថានទូត​ចិន​នៅ​កម្ពុជា វ៉ាក់សាំង​ទាំងនេះ នឹង​ដឹកជញ្ជូន​មកដល់​កម្ពុជា នា​ចុងខែ​មេសា ឆ្នាំ២០២១ខាងមុខនេះ តាមរយៈ​ជើងហោះហើរ​ពាណិជ្ជកម្ម៕

ប្រភព៖ Fresh News

LEAVE A REPLY

Please enter your comment!
Please enter your name here