ក្រុមហ៊ុន Zipmex ជួយ​សម្រួល​ការទូទាត់​ការទិញ​ខុន​ដូ​តាមរយៈ Crypto Currency ជា​លើកដំបូង​នៅ​អាស៊ីអាគ្នេយ៍

0

ដោយៈ​សុខុម

សិង្ហ​បុរី:  យោងតាម​គេហទំព័រ Business Times ឱ្យដឹងថា ក្រុមហ៊ុន​ប្ដូរ​រូបិយប័ណ្ណ​អេឡិចត្រូនិក Zipmex ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល នៅ​ប្រទេស​សិង្ហ​បុរី​បានប្រកាសថា ខ្លួន​នឹង​ជួយ​សម្រួលការ​ទូទាត់​ថ្លៃ​ខុន​ដូ​ប្រណីត ជាមួយ​រូបិយប័ណ្ណ​អេឡិចត្រូនិក (Cryptocurrency) ដំបូងបង្អស់​នៅ​អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុន Zipmex បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ទី១២ ឧសភា​ថា ខ្លួន​បាន​ចាប់​ដៃគូ​សហការ ជាមួយ​ក្រុមហ៊ុន​ថៃ One.Six Development ជា​ក្រុមហ៊ុន​ស្ថិតនៅ​ពីក្រោយ​គម្រោង​ខុន​ដូ​ប្រណីត មាន​ឈ្មោះថា The Strand ដើម្បី​ជួយ​សម្រួល​ដល់​ការទូទាត់ ដោយ​រូបិយប័ណ្ណ​អេឡិចត្រូនិក​លើ​អន​ឡាញ Platform របស់​ក្រុមហ៊ុន Zipmex។

លោក Marcus Lim នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Zipmex បាន​លើកឡើងថា “ជាមួយនឹង​ការបន្ថែម​ក្រុមហ៊ុន One.Six ទៅក្នុង​បណ្ដាញ​ទូទាត់ ZipSpend របស់​យើង​នឹង​ផ្លាស់ប្ដូរ​បទពិសោធន៍​ទិញ​អចលនទ្រព្យ។ លោក​បន្តថា “ពេលខ្លះ​ការផ្ទេរ​ប្រាក់​តាម​ធនាគារ​ក្នុង​ទំហំ​នេះ អាច​ចំណាយពេល​ច្រើន​ថ្ងៃ ប៉ុន្តែ​ការទូទាត់​ដោយ​រូបិយប័ណ្ណ​អេឡិចត្រូនិក មិន​ថា​ទំហំ​ប៉ុណ្ណា​នោះទេ គឺ​ចំណាយ​ពេលធ្វើ​ប្រតិបត្តិការ​តែ​ប៉ុន្មាន​វិនាទី ហើយ​ត្រូវបាន Confirm (បញ្ជាក់ថា​ប្រតិបត្តិ​ការត្រឹមត្រូវ) តែ​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

ក្រុមហ៊ុន Zipmex ក៏បាន​ជួយ​សម្រួលការ​ទូទាត់​ថ្លៃ​ទិញ​រថយន្ត Lamborghini និង​រថយន្ត Tesla ជាមួយ​រូបិយប័ណ្ណ​អេឡិចត្រូនិក Bitcoin ដំបូងបង្អស់​នៅ​អាស៊ី​ផងដែរ។ ZipSpend ដែលជា​បណ្តាញ​ទូទាត់​របស់​ក្រុមហ៊ុន Zipmex ក៏​អនុញ្ញាតឱ្យ​អ្នក​ស្រលាញ់​ចូលចិត្ត​សិល្បៈ​គំនូរ​ទិញ​ផ្ទាំងគំនូរ ឬ​វត្ថុ​សិល្បៈ​ដោយ​ទូទាត់ ដោយ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ផងដែរ។

Platform ទូទាត់​មួយ​នេះ បានធ្វើ​ប្រតិ​ប​តិ្ត​ការទូទាត់ ក្នុង​ទំហំ​សរុប​ជាង១ពាន់​លាន​ដុល្លារ​អាមេរិក ចាប់តាំងពី​ដំណើរការ​កាលពី​ចុងឆ្នាំ២០១៩ ។

លោក Chawin Athakravisunthorn នាយក​គ្រប់គ្រង​ក្រុមហ៊ុន One.Six Development បាន​លើកឡើងថា ការចាប់​ដៃគូ​សហការ​ជាមួយ Zipmex ដោយ​ទទួលយក​រូបិយប័ណ្ណ​អេឡិចត្រូនិក គ្រាន់តែ​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ ព្រោះ​ក្រុមហ៊ុន​មាន​គោលដៅ​ទាក់ទាញ​វិនិយោគិន នៅ​ទូទាំង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់​គម្រោង​របស់ខ្លួន​នាពេល​អនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here