ដោយៈសុខុម
សិង្ហបុរី: យោងតាមគេហទំព័រ Business Times ឱ្យដឹងថា ក្រុមហ៊ុនប្ដូររូបិយប័ណ្ណអេឡិចត្រូនិក Zipmex ដែលមានទីស្នាក់ការកណ្ដាល នៅប្រទេសសិង្ហបុរីបានប្រកាសថា ខ្លួននឹងជួយសម្រួលការទូទាត់ថ្លៃខុនដូប្រណីត ជាមួយរូបិយប័ណ្ណអេឡិចត្រូនិក (Cryptocurrency) ដំបូងបង្អស់នៅអាស៊ីអាគ្នេយ៍។
ក្រុមហ៊ុន Zipmex បាននិយាយកាលពីថ្ងៃពុធ ទី១២ ឧសភាថា ខ្លួនបានចាប់ដៃគូសហការ ជាមួយក្រុមហ៊ុនថៃ One.Six Development ជាក្រុមហ៊ុនស្ថិតនៅពីក្រោយគម្រោងខុនដូប្រណីត មានឈ្មោះថា The Strand ដើម្បីជួយសម្រួលដល់ការទូទាត់ ដោយរូបិយប័ណ្ណអេឡិចត្រូនិកលើអនឡាញ Platform របស់ក្រុមហ៊ុន Zipmex។
លោក Marcus Lim នាយកប្រតិបត្តិក្រុមហ៊ុន Zipmex បានលើកឡើងថា “ជាមួយនឹងការបន្ថែមក្រុមហ៊ុន One.Six ទៅក្នុងបណ្ដាញទូទាត់ ZipSpend របស់យើងនឹងផ្លាស់ប្ដូរបទពិសោធន៍ទិញអចលនទ្រព្យ។ លោកបន្តថា “ពេលខ្លះការផ្ទេរប្រាក់តាមធនាគារក្នុងទំហំនេះ អាចចំណាយពេលច្រើនថ្ងៃ ប៉ុន្តែការទូទាត់ដោយរូបិយប័ណ្ណអេឡិចត្រូនិក មិនថាទំហំប៉ុណ្ណានោះទេ គឺចំណាយពេលធ្វើប្រតិបត្តិការតែប៉ុន្មានវិនាទី ហើយត្រូវបាន Confirm (បញ្ជាក់ថាប្រតិបត្តិការត្រឹមត្រូវ) តែក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។
ក្រុមហ៊ុន Zipmex ក៏បានជួយសម្រួលការទូទាត់ថ្លៃទិញរថយន្ត Lamborghini និងរថយន្ត Tesla ជាមួយរូបិយប័ណ្ណអេឡិចត្រូនិក Bitcoin ដំបូងបង្អស់នៅអាស៊ីផងដែរ។ ZipSpend ដែលជាបណ្តាញទូទាត់របស់ក្រុមហ៊ុន Zipmex ក៏អនុញ្ញាតឱ្យអ្នកស្រលាញ់ចូលចិត្តសិល្បៈគំនូរទិញផ្ទាំងគំនូរ ឬវត្ថុសិល្បៈដោយទូទាត់ ដោយរូបិយប័ណ្ណអេឡិចត្រូនិកផងដែរ។
Platform ទូទាត់មួយនេះ បានធ្វើប្រតិបតិ្តការទូទាត់ ក្នុងទំហំសរុបជាង១ពាន់លានដុល្លារអាមេរិក ចាប់តាំងពីដំណើរការកាលពីចុងឆ្នាំ២០១៩ ។
លោក Chawin Athakravisunthorn នាយកគ្រប់គ្រងក្រុមហ៊ុន One.Six Development បានលើកឡើងថា ការចាប់ដៃគូសហការជាមួយ Zipmex ដោយទទួលយករូបិយប័ណ្ណអេឡិចត្រូនិក គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ព្រោះក្រុមហ៊ុនមានគោលដៅទាក់ទាញវិនិយោគិន នៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់គម្រោងរបស់ខ្លួននាពេលអនាគត៕