រដ្ឋមន្រ្តីក្រសួងព័ត៌មានស្នើឲ្យស្ថាប័នសារព័ត៌មានចុះបញ្ជីពាណិជ្ជកម្ម និងម៉ាកស្របច្បាប់

0

ដោយៈរតនៈ
ភ្នំពេញៈ ក្រសួងព័ត៌មានបានស្នើឲ្យអង្គភាពព័ត៌មាន ដែលមិនទាន់បានចុះបញ្ជីពាណិជ្ជកម្ម និងម៉ាកដោយស្របច្បាប់ ត្រូវមកចុះបញ្ជីឲ្យបានមុនដំណាច់ឆ្នាំ ២០២១ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន។

យោងតាមសេចក្តីជូនដំណឹងចុះនៅថ្ងៃទី ១៨ ខែឧសភា ផ្ញើជូន ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍គ្រប់ប្រភេទ ចាងហ្វាងកាសែត ទស្សនាវដ្តី ព្រឹត្តិបត្រ គេហទំព័រ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ នាយកក្រុមហ៊ុនផ្ដល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ បានឲ្យដឹងថា កន្លងមកមានម្ចាស់ស្ថាប័នព័ត៌មាន និងសោតទ ស្សន៍មួយចំនួនធំ បានយកចិត្តទុកដាក់អនុវត្តតាមច្បាប់ ដែលមានជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែមានស្ថាប័នផ្ដល់សេវាកម្មផ្នែកព័ត៌មានមួយចំនួនតូច មិនទាន់បានអនុវត្តន៍តាមច្បាប់ និងបទដ្ឋានគតិយុត្ត នៃព្រះរាជាណាចក្រកម្ពុជានៅឡើយ ហើយបានប្រើប្រាស់ម៉ាកពាណិជ្ជនាមស្ថាប័នរបស់ខ្លួន បំពានទៅលើអត្តសញ្ញាណរបស់ស្ថាប័ន អង្គភាព និងក្រុមហ៊ុនដទៃទៀត ធ្វើឲ្យមានការភាន់ច្រឡំ ច្របូកច្របល់ និងប៉ះពាល់ដល់ផលប្រយោជន៍របស់ស្ថាប័ន អង្គភាព ក្រុមហ៊ុនអាជីវកម្មដែលបានចុះបញ្ជីស្របច្បាប់រូចរាល់ហើយ ។

សេចក្ដីជូនដំណឹងបន្តថា ដើម្បីធានា ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្ដល់សេវាកម្មលើវិស័យព័ត៌មាន និងសោទស្សន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងព័ត៌មានណែនាំដល់ម្ចាស់អង្គភាពព័ត៌មានដែលមិនទាន់បានចុះបញ្ជីពាណិជ្ជកម្ម និងម៉ាកដោយស្របច្បាប់ ត្រូវមកចុះបញ្ជីឲ្យបានមុនដំណាច់ឆ្នាំ ២០២១។ ក្នុងករណីមិនបានមកចុះបញ្ជីពាណិជ្ជកម្ម ហើយនៅតែបន្តប្រើប្រាស់ម៉ាក និងពាណិជ្ជនាមស្ថាប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនបំពានច្បាប់ ក្រសួងព័ត៌មាន នឹងបញ្ឈប់ការផ្ដល់អាជ្ញារបណ្ណចាប់ពីឆ្នាំ២០២២តទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here