ខេត្តកំពតទាក់ទាញលំហូរទុនវិនិយោគជាង១៨លានដុល្លារលើវិស័យសំណង់

0

ដោយៈតារា
កំពតៈ ខេត្តកំពតនៅតែមានសញ្ញាល្អនៃការវិនិយោគលើវិស័យសំណង់ ដោយរយៈពេល៤ខែឆ្នាំនេះ ទុនវិនិយោគជាង១៨លានដុល្លារ ត្រូវបានចាក់បញ្ចូលក្នុងខេត្តកំពុងមានភាពរីកចម្រើននេះ។

អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត លោក ស៊ឹម សុខជា បានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី១៩ ឧសភានេះថា បួនខែដើមឆ្នាំនេះ ការដ្ឋាន ដែលបានស្នើសុំលិខិតអនុញ្ញាតសាងសង់ មានចំនួន១៣៣កន្លែង គិតជាទុនវិនិយោគ ចំនួនជាង១៨លានដុល្លារ ខណៈការដ្ឋានសំណង់ពេញមួយឆ្នាំមុន មានត្រឹមចំនួន២៩៩គម្រោង ដែលមានទុនវិនិយោគប្រមាណជាង៣៧ដុល្លារប៉ុណ្ណោះ។

របាយណ៍នេះបានបង្ហាញថា ក្នុងរយៈពេលបួនខែដើមឆ្នាំ២០២១ វិស័យសំណង់ខេត្តកំពត មានតម្លៃទុនវិនិយោគស្មើ នឹងពាក់កណ្ដាលឆ្នាំ២០២០ទៅហើយ។

លោកស៊ីម សុខជាបានបន្ថែមថា ការរីកចម្រើន នៃវិស័យសំណង់នេះ ដោយសារទី១. ការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពត ទី២- រចនាសម្ព័ន្ធក្នុងខេត្ត មានការអភិវឌ្ឍច្រើនជាងមុន ទី៣- បរិស្ថាននៅល្អ ប្រសើរ ស្រស់បំព្រង ប្រកបដោយភាពទាក់ទាញ ទី៤- មានតំបន់ទេសចរណ៍ច្រើនកន្លែង ទាំងធម្មជាតិ និង កែច្នៃ ទី៥- សម្បូរភោគផលធម្មជាតិ និងវប្បធម៌ និងទី៦- មានការអភិវឌ្ឍវិស័យអចលនទ្រព្យ និងទី៧- ជាខេត្ត ជាប់នឹងមាត់សមុទ្រផង។

លោកជាវ តាយអភិបាលខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគនៅខេត្តកំពតបន្តកើនឡើង ទោះក្នុងបរិបទនៃជំងឺកូវីដ១៩ក្តី ហើយគ្មានគំរោងណាមួយត្រូវបានពន្យាពេលសាងសង់ ឬផ្អាកនោះទេ ខណៈខេត្តនឹងមានអាគារពាណិជ្ជកម្មខ្ពស់ៗកាន់តែច្រើននៅពេលឆាប់ៗខាងមុខនេះ។

លោកបន្តថា “អាគារកំពស់២០ជាន់ និងជាង៤០ជាន់មួយចំនួនកំពុងសាងងស់ ដែលនឹងផ្លាស់ប្តូរមុខមាត់ក្រុងកំពតនាពេលអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here