សេដ្ឋកិច្ចកាទូតៈ​គោល​នយោបាយ​ការ​បរទេស​ថ្មី​របស់​កម្ពុជា​ដើម្បី​ចាប់​យក​កាលានុវត្តន៍​ភាព​ជម្រុញ​កំនើន​សេដ្ឋកិច្ច

0

ដោយៈ គង់ ម៉ាលីន

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មី បន្ថែមចំនួន៤ដែលមានសារសំខាន់ និងភាពចាំបាច់ក្នុងការជួយជ្រោមជ្រែង និងពង្រឹងសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិសេដ្ឋកិច្ចពិភពលោក តាមរយៈការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោកប្រាក់ សុខុន បានលើកឡើងកាលពីពេលថ្មីៗនេះថា ក្រសួងការបរទេសបានប្តេជ្ញារៀបចំ តាក់តែងនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដើម្បីជាត្រីវិស័យ ក្នុងការពង្រឹងប្រសិទ្ធភាពការងារផ្នែកការទូតសេដ្ឋកិច្ច និងដើម្បីចូលរួមជាវិភាគទាន ពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។

លោកបញ្ជាក់ថា“យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដែលក្រសួងបានសម្រេចដាក់ចេញ និងចាប់អនុវត្តគឺផ្តោតទៅគោលដៅចំនួន៤ធំៗ រួមមាន ការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញ ការវិនិយោគទុនផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យទេសចរណ៍ និងការជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌”។

លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា តាមរយៈយុទ្ធសាស្រ្តខាងលើក្រសួ​ងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដើរតួនាទីជាអ្នកសម្របសម្រួល និងជំរុញយន្តការដែលមានស្រាប់ ដើម្បីទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរទេស ជំរុញឱ្យមានកំណើននៃការធ្វើពាណិជ្ជកម្មទ្វេភាគី និងពហុភាគី និងទាក់ទាញភ្ញៀវទេសចរណ៍តាមរយៈការពង្រឹងតម្លៃវប្បធម៌ខ្មែរនៅក្រៅប្រទេស។ បន្ថែមពីនេះនៅមានការអភិវឌ្ឍធនធានអ្នកការទូតជំនាន់ថ្មីប្រកបដោយវិជ្ជាជីវៈ សមត្ថភាពខ្ពស់សកម្មការពារ និងលើកស្ទួយផលប្រយោជន៍ជាតិលើគ្រប់វិស័យ”។

លោកបានបន្តឱ្យដឹងថា នៅក្នុងការរៀបចំអនុវត្តយុទ្ធសាស្រ្តការទូត សេដ្ឋកិច្ចនេះ ក្រសួងការបរទេស ពុំមានភារកិច្ចដើរតួនាទីជំនួសឱ្យក្រសួងស្ថាប័នជំនាញ ដែលកំពុងអនុវត្តការងារនេះស្រាប់នោះទេ ប៉ុន្តែដើម្បីធានាអនុវត្តសម្រេច ដោយជោគជ័យនូវយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចនេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជា ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនផងដែរជាចាំបាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here