ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនស៊ីងបាយអូថេក ដែលជាក្រុមហ៊ុនជំនាញ និងវិនិយោគចម្ការឈើដាំដ៏ធំជាងគេរបស់កូរ៉េខាងត្បូងនៅកម្ពុជា បានប្រកាសពង្រីកការដាំកូនឈើប្រភេទប្រេងខ្យល់ផ្ទៃដីជិត១ម៉ឺនហិកតា សម្រាប់ការធ្វើអាជីវកម្ម ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។
លោកលី ឈូឆាងនាយកប្រតិបត្តិក្រុមហ៊ុនស៊ីងបាយអូថេកនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះថា នៅឆ្នាំ២០២១ នេះ ក្នុងរយៈពេល៤ ខែពីខែឧសភា ដល់ខែសីហា ក្រុមហ៊ុនគ្រោងនឹងដាំកូនដើមប្រេងខ្យល់ នៅលើផ្ទៃដីទំហំ៨៥០០ហិកតាស្មើនឹងកូនឈើប្រមាណ១០លានដើម។
លោកបានបន្ថែមថា តាមផែនការគ្រោងទុកការដាំដុះជំហានទី១ នឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥ ខាងមុខលើផ្ទៃដីប្រមាណ ១០០,០០០ ហិកតា ដែលស្មើនឹងកូនឈើប្រមាណ ១០០លានដើម ទៅ ១២០លានដើម។
លោកនាយកប្រតិបត្តិក្រុមហ៊ុនស៊ីងបាយអូថេកបានបញ្ជាក់ថា ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ក្រុមហ៊ុនបានដាំកូនឈើប្រភេទប្រេងខ្យល់បានប្រមាណ៣.៦លានដើមរួចហើយ ដែលជាការចាប់ផ្តើមដំបូង ហើយជាមួយបទពិសោធមានស្រាប់ ក្រុមហ៊ុននឹងបង្កើនល្បឿននៃការដាំដុះដោយក្នុងឆ្នាំ២០២១ នេះនឹង ដាំឱ្យបាន ១០ លានដើម។
លោកបានបន្តថា នៅឆ្នាំបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើក្នុងវិស័យ ឧស្សាហកម្មកែច្នៃឈើ ដែលបច្ចុប្បន្នកម្ពុជាកំពុងត្រូវការខ្លាំង ជាពិសេសនៅក្នុងវិស័យសំណង់ ដែលកំពុងតែត្រូវការឈើកែច្នៃខ្លាំង សម្រាប់បម្រើឱ្យការសាងសង់សំណង់ផ្សេងៗ ដែលកំពុងតែរីកដុះដាល យ៉ាងច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត។
លោកលូ ឈូឆាងបានឱ្យដឹងថា ក្រុមហ៊ុនស៊ីងបាយអូថេកបានឈូសឆាយទីតាំងនិងបានសម្រុកដាំចម្ការឈើដាំ ចាប់តាំងពីឆ្នាំ២០១៨ មកហើយរហូតដល់ពេលនេះបានដាំកូនឈើបានចំនួនជាង៥០០០ហិកតារួចមកហើយលើផ្ទៃដីសរុបទំហំ៣៤ ០០៧ហិកតា ដែលក្រុមហ៊ុនបានទទួលសិទ្ធិប្រើប្រាស់ដីព្រៃរិចរិលរបស់រដ្ឋសម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទតាមរយៈលិខិតលេខ ៩៩៩ សជណ.កស ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១១ របស់ទីស្តីការគណៈរដ្ឋមន្រ្តីនៅលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
បើតាមលោក លូ ឈូឆាង ចម្ការឈើដាំរបស់ក្រុមហ៊ុនដែលបានដាំ មានការលូតលាស់ល្អ និងជាក្តីសង្ឃឹមប្រកបដោយភាពជឿជាក់លើផ្នែកកសិឧស្សាហកម្មចម្ការឈើដាំនៅកម្ពុជា។
ប្រធានក្រុមហ៊ុនស៊ីងបាយអូថេករូបនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍចម្ការឈើដាំ សម្រាប់បម្រើវិស័យឧស្សាហកម្មឈើកែច្នៃនៅកម្ពុជា និងការពិភាក្សាជាមួយប្រជាពលរដ្ឋ និងសហគមន៍ដែលរស់នៅក្នុងតំបន់នោះដែលមានដីទំនេរ ដើម្បីសហការដាំកូនឈើជាលក្ខណៈដៃគូ បង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនជីវភាពរបស់ពួកគាត់។
ជាមួយគ្នានេះដែរ លោកក៏បានប្រកាសស្វែងរកដៃគូសហការផ្សេងទៀតដែរ ក្នុងការវិនិយោគដាំចម្ការលើផងដែរ ខណៈចម្ការឈើនេះនេះផ្តល់សារៈប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសេដ្ឋកិច្ច សង្គម។ លោកបានថ្លែងថា ចម្ការឈើដាំជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមលើកំណើនសេដ្ឋកិច្ចជាតិទាំងការបង្កើតការងារ និងនាំចំណូលសម្រាប់សេដ្ឋកិច្ចជាតិ។ ប្រទេសជិតខាងកម្ពុជា និងក្នុងតំបន់ដូចជាប្រទេសវៀតណាមជាដើមបានរកប្រាក់ចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំពីចម្ការឈើដាំ៕