ដោយៈសុខុម
ក្រុងញូយ៉កៈ បណ្ដាធនាគារកណ្តាល គឺជាកំពូលវីរបុរសនៅក្នុងដំណាក់កាលដំបូងនៃវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដោយធនាគារទាំងនោះបានចាត់វិធានការភ្លាមៗដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុកុំឱ្យរលំរលាយ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី២៥ ឧសភា។
ឥឡូវនេះ នៅពេលការងើបឡើងនៃសេដ្ឋកិច្ច កំពុងតែចាប់ផ្តើមបង្កើនល្បឿន វាបានក្លាយជាហានិភ័យដ៏ធំមួយសម្រាប់បណ្ដាវិនិយោគិន។
*តើមានអ្វីដែលកំពុងកើតឡើង
រង្វាស់ចុងក្រោយនៅលើសន្ទស្សន៍ Back-to-Normal Index (សន្ទស្សន៍ត្រលប់ទៅរកភាពប្រក្រតីវិញ) ពីសារព័ត៌មាន CNN Business បង្ហាញថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក វិលទៅរកភាពប្រក្រតីវិញបាន៩០%ហើយ។ ប៉ុន្តែដោយសង្កេតឃើញទិន្នន័យដ៏ល្អបែបនេះ និងអតិផរណាកំពុងកើនឡើង បណ្ដាវិនិយោគិនព្រួយបារម្ភកាន់តែខ្លាំងឡើងថា ធនាគារកណ្ដាលអាមេរិក Federal Reserve នឹងសាងកំហុសឆ្គងដ៏ធំមួយ នៅពេលការងើបឡើងឆាប់រហ័សពេក ឬមិនយកចិត្តទុកដាក់ ចំពោះការព្រួយបារម្ភកាន់តែខ្លាំងឡើង គឺបណ្ដោយរហូតទាល់តែយឺតពេល។
នៅក្នុងការស្ទង់មតិរបស់ធនាគារ Deutsche Bank ធ្វើឡើងទៅលើអ្នកជំនាញខាងទីផ្សារចំនួន៦២០នាក់ ដែលបានចេញផ្សាយនៅសប្តាហ៍នេះបង្ហាញថា ចំនួន៣៩%នៃអ្នកឆ្លើយសំណួរបានចុចយក “កំហុសឆ្គងក្នុងគោលនយោបាយរបស់ធនាគារកណ្តាល”ថា “ជាហានិភ័យមួយក្នុងចំណោមហានិភ័យធំៗបំផុតទាំង៣ ចំពោះស្ថិរភាពទីផ្សារ ដោយកើនឡើងពី២១%កាលពីខែមុន”។
ការភ័យខ្លាចស្រដៀងគ្ននេះ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការស្ទង់មតិ ធ្វើឡើងទៅលើអ្នកគ្រប់គ្រងមូលនិធិទូទាំងពិភពលោក ដែលធនាគារអាមេរិក Bank of America បានបង្ហោះកាលពីសប្តាហ៍មុន។
ហានិភ័យទី២ ដែលស្ថិតនៅពីក្រោយអតិផរណាគឺ “Taper Tantrum” ដោយសំដៅទៅលើសេណារីយ៉ូមួយ ដែលបណ្ដាធនាគារកណ្តាលបន្ធូរបន្ថយ លើការទិញសញ្ញាប័ណ្ណ ជាហេតុធ្វើឱ្យទិន្នផលកើនឡើង និងបង្កការភ័យស្លន់ស្លោនៅក្នុងទីផ្សារ។
មើលឱ្យទូលំទូលាយ:
បណ្ដាវិនិយោគិនបានចាប់អារម្មណ៍លើប្រាក់ ដែលទទួលបានដោយងាយស្រួលពីបណ្ដាធនាគារកណ្តាលដូចធនាគារកណ្តាលអាមេរិក Federal Reserve ជាដើម ដែលបានសម្រេចកាត់បន្ថយអត្រា ការប្រាក់ដល់កម្រិតទាបបំផុតមិនធ្លាប់មាន និងទិញយកមូលបត្របំណុលរហូត ដល់ទៅរាប់រយពាន់លានដុល្លារ ដែលបានជួយជំរុញឱ្យទីផ្សារងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីផ្ទុះវិបត្តិកូវីដ-១៩ ដំបូង។
ទោះជាយ៉ាងណា គោលនយោបាយបែបនេះ ក៏បានផ្តល់អំណាចយ៉ាងធំដល់បណ្ដាធនាគារកណ្តាលផងដែរ នៅក្នុងការកំណត់លទ្ធផលទីផ្សារ ដែលធ្វើឱ្យពួកគេកាន់តែពិបាកបត់បែនតាម។
*ចំណុចគួរផ្ដោតអារម្មណ៍
យោងតាមរបាយការណ៍ថ្មីមួយបង្ហាញថា តារាងតុល្យការ (Balance Sheet) របស់ធនាគារកណ្តាលអាមេរិកFederal Reserve បានកើនឡើងដល់៧,៤ទ្រីលានដុល្លារកាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ធនាគារកណ្ដាលនេះបានព្យាករថា នៅត្រឹមឆ្នាំ២០២៣ តារាងតុល្យការនេះអាចកើនដល់៩ទ្រីលានដុល្លារ។
ចំនួននេះគឺស្ទើរតែស្មើ GDP ប្រចាំឆ្នាំបូកបញ្ចូលគ្នារបស់ប្រទេសជប៉ុន និងប្រទេសអាល្លឺម៉ង់ ហើយនោះមានន័យថា អ្នកធ្វើគោលនយោបាយមិនអាចសាង កំហុសឆ្គងបានឡើយ។
សម្រាប់ពេលនេះ ធនាគារកណ្តាលអាមេរិក បន្តរក្សាជំហររបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ថា ខ្លួនកំពុងឃ្លាំមើលហានិភ័យនានា ប៉ុន្តែគ្មានបំណងចាត់វិធានការ ក្នុងពេលដ៏ខ្លីខាងមុខនេះឡើយ សូម្បីតែតម្លៃកំពុងកើនឡើងក៏ដោយ។
*អ្វីជាតារាងតុល្យការ (Balance Sheet)?
តារាងតុល្យការ ជារបាយការណ៍មួយដែលបង្ហាញ ពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឬប្រទេស ក្នុងខណៈពេលណាមួយជាក់លាក់។ តារាងតុល្យការបង្ហាញអំពីទ្រព្យសកម្ម បំណុល និងមូលធនម្ចាស់។ ទ្រព្យសកម្មគឺជាធនធានសេដ្ឋកិច្ច ដែលជាកម្មសិទ្ធិរបស់អង្គភាពអាជីវកម្ម ឬប្រទេសណាមួយដែលគេរំពឹងថា ទ្រព្យសកម្មទាំងនោះអាចបង្កើតផលចំណូលបាន តាមរយៈការប្រើប្រាស់នៅក្នុងប្រតិបត្តិការរបស់អាជីវកម្ម៕