ដោយៈឧត្តម
តូក្យូ: រដ្ឋាភិបាលជប៉ុន កំពុងត្រៀមចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីមួយ ក្នុងគោលបំណងជួយតំបន់អាស៊ាន កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងសម្រេចបាននូវសង្គមមួយដែលគ្មានការបំភាយឧស្ម័នផ្ទះកញ្ចក់។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia ចុះផ្សាយនៅថ្ងៃទី២៦ ឧសភានេះ។
ប្រភពចេញពីរដ្ឋាភិបាលទម្លាយឱ្យដឹងថា រដ្ឋាភិបាលក្រុងតូក្យូ នឹងដឹកនាំការងារប្រមូលចងក្រងផែនទីបង្ហាញផ្លូវ ឆ្ពោះទៅរកការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ហើយនឹងបង្កើតស្ថាប័នវិនិយោគ និងផ្ដល់ឥណទានមួយ ដែលមានទំហំដល់ទៅ១០ពាន់លានដុល្លារអាមេរិក ព្រមទាំងជំរុញការអភិវឌ្ឍវិធានការណ៍ អភិរក្សថាមពលកកើតឡើងវិញឱ្យកាន់តែរឹងមាំ។
ចំណាត់ការនេះធ្វើឡើង នៅពេលដែលប្រទេសជប៉ុន ស្វះស្វែងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ទូទាំងពិភពលោក ខណៈវាជួយរក្សាកំណើន នៅក្នុងបណ្ដាប្រទេសមានសេដ្ឋកិច្ចងើបឡើងវិញ យ៉ាងឆាប់រហ័សនៅអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត។
ប្រភពដដែលទម្លាយឱ្យដឹងទៀតថា ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) របស់ប្រទេសជប៉ុន កំពុងត្រៀមរៀបចំកិច្ចប្រជុំ ជាមួយបណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ច និងថាមពលអាស៊ាន នៅខែមិថុនា ខាងមុខនេះ ដើម្បីពិភាក្សាឈានទៅដល់កិច្ចព្រមព្រៀងលើគំនិតផ្តួចផ្តើមថ្មីនេះ។
បណ្ដាប្រទេសអភិវឌ្ឍន៍ធំៗ រួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ព្រមទាំងបណ្ដាប្រទេសនៅអឺរ៉ុប បានប្រកាសការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ឱ្យមកនៅកម្រិតសូន្យនៅត្រឹមឆ្នាំ២០៥០។
ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ ក្នុងចំណោមសមាជិកទាំង១០ប្រទេសរបស់អាស៊ាន មានតែ៣ប្រទេសប៉ុណ្ណោះ រួមមាន ប្រទេសកម្ពុជា ប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ ដែលបានចេញសេចក្ដីប្រកាសបែបនេះ។
ប្រទេសជប៉ុន នឹងជំរុញឱ្យគ្រប់ប្រទេសជាសមាជិកអាស៊ាន ជួយគូសវាសផែនទីបង្ហាញផ្លូវ ដើម្បីឆ្ពោះទៅរកការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យមកនៅកម្រិតសូន្យ៕