ដោយៈសុខុម
សេអ៊ូល: ការនាំចេញរបស់កូរ៉េខាងត្បូង សម្រាប់ខែឧសភា ដើមឆ្នាំ២០២១ នេះត្រូវបានរំពឹងថា នឹងទទួលបានកំណើនក្នុងល្បឿនលឿនបំផុត ក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២៨ ឧសភា នេះ។
កំណើននៃការនាំចេញនេះ មួយផ្នែកដោយសារតែពិភពលោក មានតម្រូវការខ្លាំងលើផលិតផលបន្ទះឈីប រថយន្ត និងផលិតផលផលប្រេងកាត ដែលសុទ្ធតែជាប្រភពចំណូលសំខាន់ៗរបស់ប្រទេស ដែលជាសេដ្ឋកិច្ចធំបំផុតទី៤ របស់អាស៊ីមួយនេះ។
ការស្ទង់មតិមួយដែលទីភ្នាក់ងារព័ត៌មាន Reuters ធ្វើឡើងទៅលើអ្នកជំនាញសេដ្ឋកិច្ចចំនួន១១រូប បានបង្ហាញនៅថ្ងៃសុក្រ ទី២៨ ឧសភា នេះថា ការលក់របស់កូរ៉េខាងត្បូង នៅបរទេសត្រូវបានព្យាករថា នឹងកើនឡើង៤៨,៥%នៅខែនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លទ្ធផលនេះបង្ហាញពីកំណើនលឿនបំផុត មិនធ្លាប់មានចាប់តាំងពីខែសីហា ឆ្នាំ១៩៨៨ និងជាកំណើនដែលទទួលបាន៧ខែជាប់ៗគ្នា។ ការនាំចេញរបស់ប្រទេសនេះបានកើនឡើង៤១,២%នៅខែមេសា។
លោកស្រី Chun Kyu-yeon អ្នកជំនាញសេដ្ឋកិច្ចនៅក្រុមហ៊ុន Hana Financial Investment បានលើកឡើងថា “កំណើនតម្រូវការពីបណ្ដាសេដ្ឋកិច្ចជឿនលឿន និងការកើនឡើងទំហំពាណិជ្ជកម្ម នឹងនាំឱ្យការនាំចេញកើនឡើងខ្លាំង”។
លោកស្រីបានបន្ថែមទៀតថា ការលក់បន្ទះឈីប រថយន្ត គ្រឿងបន្លះរថយន្ត និងផលិតផលប្រេងកាត ទំនងជាបានជំរុញឱ្យការនាំចេញកើនឡើងនៅក្នុងខែនេះ។
ទិន្នន័យពីថ្ងៃទី១ ដល់ថ្ងៃទី២០ នៃខែឧសភា ដែលចេញផ្សាយកាលពីសប្តាហ៍មុនបង្ហាញថា ការនាំចេញទៅកាន់ប្រទេសចិន បានកើនឡើង២៥,២% ហើយការនាំចេញទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង៨៧,៣%។
ចំណែកឯការនាំចេញទៅកាន់សហភាពអឺរ៉ុប បានកើនឡើង៧៨,១% ដោយក្នុងនោះការនាំចេញផលិតផលបន្ទះឈីប កើនឡើង២៦,០% ការនាំចេញរថយន្តកើនឡើង១៤៦.០% ហើយការនាំចេញផលិតផលប្រេងកាតបានកើនឡើង១៤៩.៧%។
ការស្ទង់មតិកាលពីថ្ងៃពុធក៏បានព្យាករដែរថា ការនាំចូលនឹងកើនឡើង៤០.៥% ដែលជាអត្រាខ្ពស់បំផុត ចាប់តាំងពីខែឧសភា ឆ្នាំ២០១០ ដោយសារតម្លៃប្រេង និងទំនិញហក់ឡើងខ្ពស់។
ក្រុមអ្នកជំនាញសេដ្ឋវិទូក៏បានព្យាករដែរថា តម្លៃទំនិញប្រើប្រាស់ក្នុងខែនេះនឹងកើនឡើង២,៦%ធៀបនឹងឆ្នាំមុន ដែលជាអត្រាលឿនបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០១២ បើធៀបនឹងកំណើន២,៣%ក្នុងខែមេសា៕