ដោយៈគង់ សូរិយា
ភ្នំពេញៈ ទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិកូវីដ១៩ អស់រយៈពេល៥ខែក្តី ប៉ុន្តែធនាគារហត្ថានៅតែមានសុខភាពរ៉ឹងមាំ ទាំងប្រាក់បញ្ញើរ ការផ្តល់ឥណទាន និងប្រាក់ចំណេញ។
លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថា បានមានប្រសាសន៍ឲ្យដឹងក្នុងប្រព័ន្ឋតេឡេក្រាមកាលពីថ្ងៃទី២៨ ឧសភាកន្លងមកថា សុខភាពក្នុងវិស័យធនាគារនៅតែមានភាពរ៉ឹងមាំ ទាំងឥណទាននិងការដាក់ប្រាក់បញ្ញើរ បើទោះបីជាមិនទាន់បានធ្វើសវនកម្មក្តី។
ដោយឡែកធនាគារហត្ថានៅតែមានសុខភាពល្អប្រសើរ ហើយយើងបាននិងកំពុងត្រៀមខ្លួន ដាក់ចេញនូវសេវាកម្មថ្មីៗបន្ថែមទៀត នៅពេលបញ្ចប់វិបត្តិកូវីដ១៩នាពេលខាងមុខនេះ។
លោកឧកញ៉ាបន្តថា “យើងបានត្រៀមខ្លួនរួចហើយ ក្នុងការធ្វើបច្ចុប្បន្នភាពប្រព័ន្ឋធនាគារស្នូលរបស់យើង។ យើងធ្វើបច្ចុប្បន្នភាពឌឌីជីថលរបស់យើង និងដំឡើងបន្ថែមនូវសេវាកម្មឌីជីថលរបស់យើងផងដែរ”។
លោកបន្តថា “យើងបាននិងកំពុងវិនិយោគលើការធ្វើបច្ចុប្បន្នភាព ប្រព័ន្ឋបច្ចេកវិទ្យាទាំងអស់របស់យើង និងធ្វើយ៉ាងណាឲ្យរួចរាល់នៅពេលចប់វិបត្តិកូវីដ ដើម្បីបំរើ និងផ្តល់សេវាកម្មឲ្យបានឆាប់រហ័ស ដល់អតិថិជនរបស់យើង”។
លោកឧកញ៉ាហួត អៀងតុងបានបន្តថា ដូចបានជ្រាបស្រាប់ហើយ ទោះបីមានវិបត្តិកូវីដ១៩ក្តី ប៉ុន្តែធនាគារហត្ថារបស់យើង បានដំឡើងដើមទុនបន្ថែមទៀត ដែលការដំឡើង ទុននេះ គឺយើងចង់ពង្រីកទំហំសាច់ប្រាក់របស់យើង ចង់ពង្រីកការផ្តល់កម្ចីរបស់យើងដល់សហគ្រាសខ្នាតតូច និងមធ្យមក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាឲ្យឲ្យគាត់អាចងើបឡើងវិញពីវិបត្តិនេះ ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។
កាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័ត ឲ្យធនាគារហត្ថាពង្រីកទុន២៥លានដុល្លារបន្ថែមទៀត ដើម្បីអាចឲ្យធនាគារនេះមានលទ្ឋភាពកាន់តែច្រើន ក្នុងការផ្តល់ឥណទាន ដើម្បីចូលរួចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕