ដោយៈ គៀតឈូ
ក្រុងតូក្យូៈ រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ធនាគារResona Holdings របស់ជប៉ុននឹងដាក់ចេញទុនចំនួន១០ទ្រីលានយ៉េន (ប្រមាណ៩២ពាន់លានដុល្លារ) ដើម្បីជំរុញវិស័ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពនៅឆ្នាំ២០៣០ ខណៈខ្លូនកំពុងស្វែងរកប្រភពចំណូលផ្សេងៗនៅក្នុងប្រទេសមួយ ដែលកំពុងប្រឈមនឹងបញ្ហាអត្រាការប្រាក់ទាប និងការធ្លាក់ចុះនៃចំនួនប្រជាជន។
យោងតាមធនាគារដែលមានទំនាក់ទំនងជាមួយអតិថិជនសាជីវកម្មតូចៗប្រមាណ៥០០.០០០ក្រុមហ៊ុន នៅទូទាំងប្រទេសនេះ បានឱ្យដឹងថា ធនាគារResona នឹងពង្រីកប្រាក់កម្ចីដល់ក្រុមហ៊ុនខ្នាតតូចនិងមធ្យម ដែលដោះស្រាយបញ្ហាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។
ប្រធានធនាគារ Resona លោក Masahiro Minami បានប្រាប់សារព័ត៌មាន Reuters ថា នៅពេល ESG ក្លាយជាបញ្ហាកាន់តែសំខាន់ខ្ថាំង ច្បាប់លើអាជីវកម្ម និងអាកប្បកិរិយារបស់អតិថិជននឹងត្រូវសម្របទៅតាមនោះ។
លោក Minami បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុនថា “វាត្រូវតែមានឱកាស សម្រាប់យើង នៅពេលដែលមានការផ្លាស់ប្តូរបែបនេះកើតឡើង”។
ទោះបីធនាគារធំៗ ពឹងផ្អែកភាគច្រើនលើប្រាក់ចំណេញពីអាជីវកម្មក្រៅប្រទេសទេ ប៉ុន្តែធនាគារResona នៅតែគោរពតាម “ស្តង់ដារក្នុងស្រុក” ដែលហាមធនាគារខ្លួនមិនឱ្យបើកសាខានៅក្រៅប្រទេស។ ដូច្នេះធនាគារផ្តោតតែលើទីផ្សារក្នុងស្រុកសម្រាប់ការកំណើននៃប្រាក់ចំណេញ។
ប៉ុន្តែលោក Minami បានទទួលស្គាល់ពីទីផ្សារបរទេស ជាពិសេសទីផ្សារអាស៊ី ដែលកំពុងរីកចម្រើនមើលទៅគួរឱ្យទាក់ទាញបំផុត ទាក់ទងនឹងចំនួនប្រជាសាស្ត្រ និងកំណើនសេដ្ឋកិច្ច។
ធនាគារផ្តល់ប្រាក់កម្ចីធំជាងគេរបស់ជប៉ុន Mitsubishi UFJ Financial Group Inc បានធ្វើការវិនិយោគនៅក្នុងធនាគារជាច្រើននៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈធនាគារលេខ២ Sumitomo Mitsui Financial Group Inc បានឱ្យដឹងថា ខ្លួននឹងវិនិយោគនៅក្នុងស្ថាប័នផ្តល់កម្ចីធំបំផុតរបស់ប្រទេសវៀតណាម FE Credit។
លោក Minami បាននិយាយថា “យើងកំពុងធ្វើឱ្យមានផាពខុសប្លែកពីធនាគារធំៗ ប៉ុន្តែវាក៏ពិបាកផងដែរសម្រាប់យើង (ក្នុងការយកឈ្នះក្នុងទីផ្សារ) ប្រសិនបើយើងយកយុទ្ធសាស្រ្តដូចទៅនិងធនាគារធនាគារធំៗ”៕