អ្នកជំនាញៈ អ្នកវិនិយោគចាប់ផ្តើមទៅស្វែងរកទិញអចលនទ្រព្យនៅខេត្ត មណ្ឌលគីរីឡើងវិញ

1

ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញលើកឡើងថា អ្នកវិនិយោគក្នុងស្រុក បានចាប់ផ្តើមធ្វើដំណើរទៅកាន់មណ្ឌលគីរីបណ្តើរៗឡើងវិញ ដើម្បីស្វែងរកទិញអចលនទ្រព្យ ពិសេសដីធ្លី បន្ទា​ប់ពីស្ងប់ស្ងាត់មួយរយៈ ហើយខេត្តនៅតែផ្តល់ឱកាសចំណេញច្រើន ពីវិនិយោគលើអចល​នទ្រព្យ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានថ្លែងប្រាប់នៅថ្ងៃ៣ ខែមិថុនា ឆ្នាំ២០២១នេះថា បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ បច្ចុប្បន្ន មានអ្នកចាប់ផ្តើមធ្វើដំណើរ ទៅកាន់មណ្ឌលគីរីបណ្តើរៗឡើងវិញ ពិសេសអ្នកវិនិយោគក្នុងស្រុក ដោយសារការបន្ធូរបន្ថយលើការធ្វើដំណើរ។

លោកបានថ្លែងបន្តថា ”អ្នកវិនិយោគ ដែលធ្វើដំណើរទៅខេត្តនេះ ភាគច្រើនគឺទៅស្វែងរកដីសម្រាប់ការវិនិយោគ ដោយសារមិនទាន់មានផែនការមេ អភិវឌ្ឍន៍ច្បាសលាស់ ហើយការវិនិយោគដីធ្លី ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងសែនមនោរម្យ”។

លោកបានបន្ថែមថា តម្លៃដីនៅទីនោះ មានចាប់ពី២០០០ ទៅ៣០០០ដុល្លារក្នុងមួយម៉ែត (ភាគច្រើនត្រូវបានគិតជាម៉ែត្រដើរ) ហើយអ្នកវិនិយោគច្រើនទិញដីសម្រាប់ទុកចំណេញ ដោយសារតម្លៃដីនៅធូរថ្លៃនៅឡើយ និងមិនទាន់ការផែនការអភិវឌ្ឍន៍ច្បា​ស់លាស់ទៅឡើយ។

លោកបានថ្លែងបន្តថា ខេត្តមណ្ឌលគីរី នឹងអាចក្លាយតំបន់អេកូទេសចរណ៍ និងក  ន្លែ​ងដោះដូរទំនិញនាពេលខាងមុខ ដោយសារខេត្តនេះមានសក្តានុពល ផ្នែកអេកូទេចរណ៍ និងព្រលានយន្តហោះ ដែលត្រៀមធ្វើការអភិវឌ្ឍនាពេលខាងមុខ។

ទោះបីជាយ៉ាងក៏ដោយ លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល រៀលធីបានថ្លែងប្រាប់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ មណ្ឌលគីរីមិនខុសពីបណ្តាខេត្តផ្សេងៗទេ ដោយវិបត្តិកូវីដ១៩ មិនមានសូវចលនាទិញលក់អចលនទ្រព្យនោះទេ ពិសេ​សដីធ្លី នាពេលបច្ចុប្បន្ន ហើយប្រតិបត្តិការទិញលក់មានចំនួនតិចតូចបំផុត បើធៀបនឹងមុនសម័យកូវីដ១៩។

លោកបានថ្លែងបន្តថា “ការវិនិយោគក្នុងវិស័យអចលនទ្រព្យ នៅខេត្តមណ្ឌលគីរីភាគច្រើនផ្តោតលើវិស័យដីធ្លី ដោយសារទី១ អ្នកវិនិយោគទិញដីយកទៅធ្វើការចំការ ទី២សម្រាប់ធ្វើជារមនីយដ្ឋាន និងទី៣ទិញសម្រាប់លក់យកចំណេញវិញ”។

លោកបានឱ្យដឹងទៀតថា ជាក់ស្តែង ការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅខេត្តមណ្ឌលគីរី នៅមានឱកាសច្រើនសម្រាប់អ្នកដែលចង់ទិញ សម្រាប់ការអភិវឌ្ឍ ឬទុកចំណេ​ញជាដើម។

យោងតាមលោកស៊ា ឆៃលីនបានឱ្យដឹងថា តំបន់ ដែលផ្តល់ឱកាសចំណេញបាន គឺនៅទីក្រុងសែនមនោរម ខណៈតម្លៃដីនៅទីនោះភាគច្រើន ត្រូវបានគិតជាម៉ែត្រដើរ ឬម៉ែត្រខ្សែ ហើយតម្លៃដីអាចរកទិញបាន ក្នុងតម្លៃចាប់ពី២០០០ ដុល្លារទៅ៥០០០ដុល្លារ ដោយអាស្រ័យទៅលើទីតាំងដី និងសណ្ឋានដី៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here