ដោយៈ ប៊ី
ភ្នំពេញៈ អ្នកជំនាញបានធ្វើការព្យាករណ៍ថា ទុនវិនិយោគវិស័យសំណង់ អាចនឹងធ្លាក់ចុះនៅក្នុងឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ ដោយសារការអូសបន្លាយពេលនៃវិបត្តិកូវីដ១៩ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍ និងវិនិយោគិនធំៗពីបរទេសមិនអាចធ្វើដំណើរ ដើម្បីស្វែងរកវិនិយោគនៅកម្ពុជា។
លោកស្រីអាន សុធីតាអ្នកជំនាញអន្តរជាតិមួយរូប ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាប្រាប់កាលពីដើមខែមិថុនា ឆ្នាំ២០២១នេះថា ដោយសារស្ថានភាពការឆ្លងរាលដាលជំងឺកូវីដ១៩ នៅកម្ពុជាមិនទាន់មានភាពធូរស្រាល ព្រមជាមួយនឹងផែនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ មិនសូវមានច្រើនដូចមុនឆ្នាំ២០២០ ដូច្នេះទុនវិនិយោគវិស័យសំណង់នៅក្នុងឆ្នាំ២០២១ អាចនឹងធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២០។
លោកស្រីបានថ្លែងថា “សូម្បីវិស័យអចលនទ្រព្យ ក៏មិនទាន់មានល្អឡើងវិញដែរក្នុងឆ្នាំនេះ”។អ្នកស្រីអះអាងថា “ខ្ញុំគិតឃើញថា ទុនវិនិយោគក្នុងឆ្នាំ២០២១នេះ នឹងបន្តធ្លាក់ចុះទៀត ព្រោះមិនសូវមានគម្រោងវិនិយោគធំៗក្នុងឆ្នាំទេ ហើយចំនួនការដ្ឋានសាងសង់លំនៅដ្ឋាន ដូចជាអគារខុនដូ និងបុរីឃើញថាមានការធ្លាក់ចុះផងដែរ”។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកលឹម សុជាតិបានអះអាងថា ការដ្ឋានសំណង់នានាប្រមាណ៣០ភាគរយបានផ្អាក និងពន្យាពេលសាងសង់ដោយសារវិបត្តិកូវីដ១៩។
លោកបានមានប្រសាសន៍ឲ្យដឹងក្នុងសន្និសីទសារព៌តមានស្តីពី “បច្ចុប្បន្នភាពនៃទីផ្សារអចលនវត្ថុកម្ពុជា ក្នុងអំឡុងវិបត្តិកូវីដ១៩កាលពីខែឧសភានេះថា ការផ្អាក និងពន្យាពេលសាងសង់គំរោងមួយចំនួន ដោយសារកត្តាធំៗចំនួនពីរ ទី១ កំណើននៃការលក់បានថយចុះ និងទី២ បញ្ហាពិបាកក្នុងការនាំចូលសម្ភារៈសំណង់ និងសម្ភារៈដទៃទៀត ដែលមានបញ្ហាលើការដឹកជញ្ជូនដោយសារជំងឺកូវីដ។
លោកបន្តថា “វិស័យសំណង់ និងអចលនទ្រព្យ ទោះបីមានការធ្លាក់ចុះនូវការវិនិយោគពីបរទេស ប៉ុន្តែវិស័យនេះនៅតែមានភាពរ៉ឹងមាំ និងមានផលចំណេញច្រើន ដែលអ្នកវិនិយោគក្នុងវិស័យនេះ នៅតែមានផលចំណេញ លើកលែងតែការទិញដីឬអចលនទ្រព្យហើយមានជម្លោះ”។ លោកបន្តថា “កំនើននៃការវិនិយោគធ្លាក់ចុះឆ្នាំនេះ ដោយសារវិបត្តិកូវីដ១៩ ពិសេសការថមថយរបស់វិនិយោគចិនមកកាន់កម្ពុជា”។
ទុនវិនិយោគវិស័យសំណង់នៅកម្ពុជា មានទំហំទឹកប្រាក់សរុបមានជាង៧,៨ពាន់លានដុល្លារកាលពីឆ្នាំមុន ធ្លាក់ចុះជាង៣០ភាគរយ ធៀបនឹងឆ្នាំ២០១៩។ នេះបើយោងតាររបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា៕