ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអះអាងថា ទីផ្សារដីធ្លីនៅតែមានការទិញលក់ក្នុងអំឡុងពេលនេះ បើទោះស្ថានភាពជំងឺកូវីដ១៩ កំពុងនៅតែមិនទាន់បិទបញ្ចប់ក្តី។
លោកឧកញ៉ាចេង ខេងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនCPLបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៤ មិថុនានេះថា នៅតាមតំបន់អភិវឌ្ឍន៍នានា នៅតែមានសកម្មភាពទិញលក់ដីធ្លី ដែលការទិញលក់ទាំងនោះដូចជា នៅតំបន់សាងសង់ព្រលានយន្តហោះថ្មី តំបន់ជិតគំរោងអភិវឌ្ឈន៍បុរីថ្មីៗ និងតំបន់ជាយក្រុងភ្នំពេញដែលកំពុងមានសក្តានុពល។
លោកឧកញ៉ាបានបន្តថា “ទោះជាយ៉ាងណាដីធ្លីដែលមានតម្រូវការគឺជាដី ដែលមានតម្លៃក្រោមទីផ្សារ ទើបមានការទិញច្រើន ដោយសារស្ថានភាពបច្ចុប្បន្នមានអ្នកលក់ច្រើនជាងអ្នកទិញ”។លោកបន្តថា “សកម្មភាពទិញលក់ដីធ្លី នៅមានភាពសកម្មជាងគេ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា”។
អ្នកជំនាញដទៃទៀតបានលើកឡើងថា ការវិនិយោគដីធ្លីនៅកម្ពុជា នៅតែមានឱកាសចំណេញខ្ពស់ពីការវិនិយោគ បើធៀបនឹងការវិនិយោគលើផ្នែកដទៃទៀត នៃអចលនទ្រព្យនៅកម្ពុជា។
យោងតាមការសិក្សារបស់ក្រុមហ៊ុនKey Real Estateបានឲ្យដឹងថា នៅដើមឆ្នាំ២០២១នេះ ដីនៅតាមតំបន់អភិវឌ្ឍន៍នានាដូចជា គំរោងព្រលានយន្តហោះថ្មី តំបន់ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ និងផ្លូវក្រវ៉ាត់ក្រុងទី៣តម្លៃដីធ្លីនៅតែបន្តកើនឡើង៕