រដ្ឋមន្រ្តីកសិកម្មៈកម្មវិធីASPIRE ជួយបង្កើនចំណូលគ្រួសារកសិករចូលរួមចំណែកកាត់បន្ថយភាពក្រីក្រកសិករកម្ពុជា

0

ដោយៈលក្ខិណា
ភ្នំពេញៈ គម្រោងកម្មវិធីបច្ចេកទេសកសិកម្មបែបថ្មី ដែលជាជំនួយរបស់ IFAD បានជួយដល់កសិករកម្ពុជាជាច្រើនរួចមកហើយ ជាក់ស្ដែងគម្រោងកម្មវិធីរបស់APSPIRE បានជួយបង្កើនចំណូល ដល់គ្រួសារកសិករកម្ពុជាពី២.៨០០ដុល្លារ ទៅជាង៣៣០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ និងបន្តកើនឡើងជាបន្តបន្ទាប់ទៀត ទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី។

លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្ហោះលើបណ្ដាញសង្គមនៅថ្ងៃទី៤ មិថុនា ២០២១នេះឱ្យដឹងថា កម្មវិធី (ASPASPIRE) ត្រូវបានអនុវត្តពីដំបូងនៅឆ្នាំ២០១៥  ដោយអនុវត្តនៅក្នុងខេត្តចំនួន៦ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សា​ត់ បាត់ដំបង ព្រះវិហារ ស្ទឹងត្រែង និងខេត្ក្រចេះ ដោយត្រូវបានទទួលការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងបេសកកម្ម ជាបន្តបន្ទាប់របស់ IFADថា ជាកម្មវិធីដ៏ល្អ ដែលបានរួមចំណែកអភិវឌ្ឍវិស័យកសិកម្មជាតិ និងបង្កើនជីវភាព ប្រជាកសិករ ។

លោកបន្តថា “ចាប់តាំងពីឆ្នាំ២០២០ កម្មវិធីនេះត្រូវបានអនុវត្តន៍នៅក្នុងខេត្តទាំង២៥នៅកម្ពុជា ហើយរហូតមកដល់ពេលនេះ កម្មវិធីASPIRE បានចំណាយថវិកាអស់ប្រមាណ៥៩លានដុល្លារអាមេរិក ស្មើនឹងជាង៨៨ភាគរយនៃថវិកាសរុបចំនួនជាង៦៧លានដុល្លារអាមេរិក ដោយសម្រេចបានជោគជ័យ ប្រមាណ៨៩ភាគរយនៃលទ្ធផលដែលបានគ្រោងទុក”។ លោកបន្តថា “ទន្ទឹមនឹងនេះ កម្មវិធីបច្ចេកទេសកសិកម្មមួយនេះ បានគាំទ្រគ្រួសារកសិករគោលដៅចំនួន១៤ម៉ឺន៤ពាន់គ្រួសារ ដោយបានបង្កើនតចំណូលរាប់ពាន់ដុល្លារអាមេរិកក្នុងឆ្នាំ២០២០កន្លងទៅ”។

ដើម្បីជំរុញផលិតកម្មកសិកម្មឱ្យរីកចម្រើន ឆ្លើយតបនឹងតម្រូវការទីផ្សារ កម្មវិធីASPIRE បានចងក្រងបណ្ដុំអាជីវករ ដើម្បីប្រមូលទិញកសិផល ពីកសិករកម្ពុជាបានចំនួន២.២១៥បណ្ដុំអាជីវករ និងមានកសិករផ្គត់ផ្គង់ចំនួនជាង៧ម៉ឺន២ពាន់គ្រួសារ ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កន្លងមកបានថ្លែងគាំទ្រ ដល់ការធ្វើកសិករកម្មសម្រាប់ពាណិជ្ជកម្ម ដែលសំដៅដល់ការផ្គត់ផ្គង់ក្នុងស្រុក និងឈានដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ សម្ដេចមានប្រសាសន៍ថា ទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី តម្រូវការសម្ភារប្រើប្រាស់នានា ត្រូវបានថយចុះដូចជា សម្លៀកបំពាក់ស្បែកជើងជាដើម តែសម្រាប់អាហារហូបចុក គឺនៅតែមានតម្រូវការខ្ពស់ ដូច្នេះពលរដ្ឋដែលបាត់បង់ការងារ គួរចាប់យកវិស័យកសិកម្មសម្រាប់ចិញ្ចឹមគ្រួសារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here