តើអ្នកណាជាមហាសេដ្ឋីអចលនទ្រព្យដែលមានលុយច្រើនបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២១?

0

ដោយៈសុខុម

អន្តរជាតិៈ អចលនទ្រព្យជាវិស័យមួយ ដ៏មានសក្ដានុពលខ្លាំងក្លាបំផុតនៅក្នុងការរួមចំណែកដល់សេដ្ឋកិច្ចជាតិ ជាពិសេសនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដូចនៅកម្ពុជាយើងជាដើម។

ចង់ដឹងទេថា តើមហាសេដ្ឋីអចលនទ្រព្យ ដែលមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២១ ជានរណា និងជាជនជាតិអ្វី?។

យោងតាមការដាក់ចំណាត់ថ្នាក់កំពូល មហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes ប្រចាំឆ្នាំ២០២១ នេះបង្ហាញថា មហាសេដ្ឋីចិនហុងកុង Lee Shau-kee ដែលមានវ័យ៩៣ឆ្នាំបានជាប់ឈ្មោះជាកំពូលមហាសេដ្ឋីអចលនទ្រព្យ ដែលមានលុយច្រើនបំផុតក្នុងពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុប៣១,៧ពាន់លានដុល្លារអាមេរិក។

លោក Lee គឺជាប្រធានក្រុមហ៊ុន Henderson Land Development ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ឈានមុខគេនៅទីក្រុងហុងកុង ដែលសាងសង់គម្រោងលំនៅ​ដ្ឋាន និងគម្រោងប៉ាណូពាណិជ្ជកម្មធំៗ ដូចជា អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក (World Financial Center) នៅក្រុងប៉េកាំង ប្រទេសចិន និងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Finance Centre) នៅក្រុងហុងកុង ជាដើម។

យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់កំពូលៗមហាសេដ្ឋីអចលនទ្រព្យទូទាំងពិភពលោករួមបញ្ចូលគ្នា បានកើនឡើង១៥១ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០។

កំពូលមហាសេដ្ឋីអចលនទ្រព្យទាំង២១៥រូប មានទ្រព្យសម្បត្តិរួមបញ្ចូលគ្នាជាង៨០០ពាន់លានដុល្លារ ហើយស្មើនឹងប្រមាណ៨% នៃកំពូលមហាសេដ្ឋីដែលជាប់ឈ្មោះក្នុងទស្សនាវដ្ដីខាងលើនេះ។ ក្នុងនោះមានតែកំពូលមហាសេដ្ឋីអចលនទ្រព្យ៣០រូបប៉ុណ្ណោះ ដែលទ្រព្យសម្បត្តិរបស់ពួកគាត់បានធ្លាក់ចុះក្នុងឆ្នាំកន្លងទៅ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាខ្លាំងនោះគឺ កំពូលមហាសេដ្ឋីអចលនទ្រព្យពិភពលោកដែលមានទ្រព្យសម្បត្តិច្រើនបំផុតទាំង៦ គឺសុទ្ធតែមកពីចិនដីគោក ឬក្រុងហុងកុង ដោយរួមទាំងលោក Lee Shau-kee ផងដែរ។

កំពូលមហាសេដ្ឋីអចលនទ្រព្យ ដែលទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើងច្រើនបំផុតកាលពីឆ្នាំមុន បានទៅលើមហាសេដ្ឋីចិនZuo Hui ដែលទ្រព្យសម្បត្តិរបស់លោកបានកើនឡើង១៣,៣ពាន់លានដុល្លារ។

យោងតាមទស្សនាវដ្ដីដដែលឱ្យដឹងទៀតថា លោក Zuo បានជាប់ចំណាត់ថ្នាក់លេខ១៥ក្នុងពិភពលោក លោកស្ថិតក្នុងចំណោមកំពូលមហាសេដ្ឋីអចលនទ្រព្យកំពូលទាំង២០រូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here