ដោយៈ ប៊ី
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាមានការលើកទឹកចិត្តយ៉ាងច្រើន ដល់ក្រុមហ៊ុន ដែលមកវិនិយោគស្ថានីយផលិតអគ្គិសនីនៅកម្ពុជា ក្នុងពេលកំពុងសាងសង់ និងពេលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃថាមពល នៃក្រសួងរ៉ៃនិងថាមពល។
លោកវិចទ័រ ហ្សូនាអគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ៃនិងថាមពល បានថ្លែងក្នុងកម្មពិធីរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី កាលពីសប្តាហ៍កន្លងទៅថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ពីមួយឆ្នាំទៅមួយឆ្នាំ គិតតាំងទីឆ្នាំ២០១៥មក យើងមានគោលនយោបាយបញ្ចុះថ្លៃអគ្គិសនី ជូនដល់អ្នកប្រើប្រាស់គ្រប់ប្រភេទ ទាំងប្រភេទផ្ទះសំបែង ទាំងប្រភេទឧស្សាហកម្ម សិប្បកម្ម និងប្រភេទសេវាកម្មនានា។
លោកបានថ្លែងថា ការលើកទឹកចិត្តរបស់រដ្ឋាភិបាល ចំពោះអ្នកវិនិយោគនៅក្នុងវិស័យផលិតកម្មថាមពលនេះ មានជាអាទិ៍ មានដូចជា
ទី១ ការលើកលែងពន្ធនាំចូល
ឧបមាថា ការធ្វើស្ថានីយពន្លឺព្រះអាទិត្យ ឬថាមពលវារីអគ្គីសនីឬក៏ធ្យូងថ្ម រាល់គ្រឿងបរិក្ខារនានាគឺពន្ធស្មើសូន្យ រដ្ឋាភិបាលលើកលែងពន្ធឱ្យ រាល់របស់ដែលបម្រើឱ្យគោលដៅក្នុងការបញ្ចុះថ្លៃអគ្គិសនី។ ពោលគឺយើងមិនឱ្យមានការបង់ពន្ធ ហើយលើកលែងពន្ធនាំចូលគ្រឿងចក្រ គ្រឿងម៉ាស៊ីន បរិក្ខារ និងឧបករណ៍សម្ភារៈនានាដែលបម្រើឱ្យគម្រោង។
ទី២ អាករលើកតម្លៃបន្ថែម (VAT)
ជាអាករពិសេស ដែលជាបន្ទុករបស់រដ្ឋ។ រដ្ឋជាអ្នកចេញថ្លៃ VATជូន ហើយពន្ធលើប្រាក់ចំណូលក៏លើកលែងរយៈពេល៩ឆ្នាំ ចាប់ពីពេលគេបានធ្វើ ប្រតិបត្តិការការងាររកស៊ីរបស់គេ។ ៩ឆ្នាំដំបូង គឺរដ្ឋពុំមានយកពន្ធលើកប្រាក់ចំណូលទេ គឺរកទទួលទានបានប៉ុន្មាន យកបានប៉ុណ្ណឹងទៅ ដើម្បីជាការលើកទឹកចិត្តឱ្យមានការទាក់ទាញ សម្រាប់ការវិនិយោគលើវិស័យថាមពល។
ទី៣ ដោយឡែក អ្នកវិនិយោគលើវារីអគ្គិសនី រដ្ឋពុំមានយកថ្លៃទីតាំងជួលទីតាំងស្ថានីយវារីអគ្គិសនីនោះទេ។ គ្រាន់តែថា សំខាន់ការផលិតមានថ្លៃដើមប៉ុន្មាន ហើយអាចលក់បានប៉ុន្មានប៉ុណ្ណោះ។ ថ្លៃប្រើប្រាស់ទឹក ថ្លៃខ្សាច់ ថ្ម ស៊ីម៉ង់ និងគ្រឿងសំណង់ទាំងឡាយ សម្រាប់កសាងទំនប់វារីស្ថានីយនោះ ក៏រដ្ឋពុំយកកម្រៃអ្វីទាំងអស់។
លោកបន្តថា “នេះជាការលើកទឹកចិត្តមួយដល់ផ្នែកឯកជន ដើម្បីជាការទាក់ទាញឱ្យចូលខ្លួនមកធ្វើការវិនិយោគនៅកម្ពុជា”៕