រដ្ឋាភិបាលក្រុងប៉េកាំង ប្រឈមជម្រើសកាន់តែលំបាក នៅពេលដែលរូបិយប័ណ្ណយ័នកាន់តែឡើងថ្លៃ

0

ដោយៈសុខុម

ប្រទេសចិន: ក្រុមអ្នកជំនាញមើលឃើញថា រូបរូបិយប័ណ្ណយ័ន របស់មហាយក្សចិន ឡើងថ្លៃជាលំដាប់ចាប់តាំងពីផ្ទុះសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងមហាយក្សចិន មក។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី៤ មិថុនា។

កត្តានេះបានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ជួបការលំបាកយ៉ាងខ្លាំង។ ប្រសិនបើរូបិយប័ណ្ណយ័ន ឡើងថ្លៃឆាប់រហ័សពេក ទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន អាចនឹងប្រឈមការហូរចូលមូលធនយ៉ាងគំហុក ហើយការងើបឡើងដ៏ផុយស្រួយ នៃសេដ្ឋកិច្ចរបស់ចិន ត្រូវប្រឈមហានិភ័យខ្ពស់។

ទោះជាយ៉ាងណា ក្នុងករណីដែលរដ្ឋាភិបាលក្រុងប៉េកាំង “ចង់អន្តរាគមន៍” ដើម្បីធ្វើឱ្យរូបិយប័ណ្ណយ័នធ្លាក់ថ្លៃក៏ពិបាកដែរ ព្រោះអន្តរាគមន៍បែបនេះ អាចធ្វើឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ខឹងឆេះដុំ ព្រោះសហរដ្ឋអាមេរិក សង្ស័យជាយូរមកហើយថា រដ្ឋាភិបាលក្រុងប៉េកាំង ជាអ្នកក្រឡុកតម្លៃរូបិយវត្ថុរបស់ខ្លួន។

ប្រសិនបើប្រទេសចិន កំពុងតែព្យាយាមស្ដារទំនាក់ទំនាក់ ជាមួយសហរដ្ឋអាមេរិក ឱ្យប្រសើរឡើងវិញនោះ ការចោទប្រកាន់ជាថ្មីថា មហាយក្សចិន ជាអ្នកក្រឡុកតម្លៃរូបិយប័ណ្ណនឹងមិនបានផលឡើយ។

ការឡើងថ្លៃរូបិយប័ណ្ណយ័ន មិនមែនជារឿងថ្មីឡើយ។ រូបិយប័ណ្ណនេះបានឡើងថ្លៃជាង១០ភាគរយ រួចមកហើយក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ រូបិយប័ណ្ណនេះបានថ្លៃបន្ថែមទៀត ដោយឡើងលើស៦,៤យ័នក្នុង១ដុល្លារអាមេរិក ហើយការឡើងថ្លៃនេះ បានរួមចំណែកមួយផ្នែកដល់ការងើបឡើង នៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងធ្វើឱ្យរូបិយប័ណ្ណដុល្លារធ្លាក់ថ្លៃ។

លោក Chaoping Zhu ដែលជាអ្នកធ្វើយុទ្ធសាស្រ្តទីផ្សារសកលប្រចាំក្រុមហ៊ុន JP Morgan Asset Management បានលើកឡើងតាមរយៈកំណត់ត្រាស្រាវជ្រាវមួយនៅសប្តាហ៍នេះថា ការឡើងថ្លៃរូបិយប័ណ្ណយ័នបានបង្ហាញថា ធនាគារប្រជាជនចិន (ធនាគារកណ្ដាលចិន) មានចេតនាបណ្ដោយឱ្យវាឡើងថ្លៃ។

លោកបានទាញទឡ្ហីករណ៍ដូច្នេះថា “ធនាគារកណ្តាលចិន ប្រហែលជាកំពុងព្យាយាមទប់ការឡើងថ្លៃទំនិញ ដូចជា ដែកថែប និងសម្ភារៈសំណង់ផ្សេងទៀតដែលចាំបាច់ខ្លាំងសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយមហិច្ឆតានានារបស់ប្រទេសចិន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here