វិភាគៈតើទំនាក់ទំនងអាមរិកនិងរុស្ស៊ីអាចស្តារឡើងវិញបានឬទេ ក្រោមរដ្ឋបាលលោកចូ បៃឌិន

0

ដោយៈសុខុម

សេអ៊ូល: ជាមួយនឹងភាពល្អក់កករលើទំនាក់ទំនង ដែលម្តងក្តៅ ម្តងត្រជាក់ ទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីភាគច្រើនមិនសុវសមប្រកបនោះទេ​ ដោយសារអំណាចកើនឡើងរបស់រុស្ស៊ីក្រោមការដឹកនាំរបស់លោកពូទីន។

ប៉ុន្តែបុរសខ្លាំងរុស្ស៊ីរូបនេះ ហាក់បន្ទន់ឥរិយាបទ ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា លោកសង្ឃឹមថានឹងអាចស្ដារទំនាក់ទំនងដែលខូចខាតយ៉ាងធ្ងន់ធ្ងរ ជាមួយសហរដ្ឋអាមេរិក នៅពេលលោកជួបជាលើកដំបូងជាមួ​យប្រធានាធិបតី ចូ បៃឌិន នៅចុងខែនេះ។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយកាលពីថ្ងៃទី៦ មិថុនា។

ជំនួបកំពូលទល់មុខគ្នា នៅទីក្រុងហ្សឺណែវ នាថ្ងៃទី១៦ ខែមិថុនា ដ៏ខ្លីខាងមុខនេះនឹងធ្វើឡើង ចំពេលមានវិបត្តិដ៏ធំបំផុត ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយភាពតានតឹងបានកើនឡើងខ្ពស់ ជុំវិញបញ្ហាជាច្រើនរួមមានទាំងការចោទប្រកាន់អំពីការលួចហ៊ែគ (Hack) ការរំលោភសិទ្ធិមនុស្ស និងការអះអាងអំពីការជ្រៀតជ្រែក ចូលក្នុងកិច្ចការបោះឆ្នោតរបស់សហរដ្ឋអាមេរិកផងដែរ។

លោកវ្លាឌីមៀ ពូទីន បានថ្លែងក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុង Saint Petersburg (Saint Petersburg International Economic Forum) ដែលធ្វើឡើងតាម Videolink ថា “យើងចាំបាច់ត្រូវរកវិធីស្ដារទំនាក់ទំនងទាំងនេះ ឱ្យវិលមករកសភាពប្រក្រតីឡើងវិញ”។ លោកបានបន្ថែមថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ នាពេលបច្ចុប្បន្នស្ថិតនៅ “កម្រិតទាប”។

លោក ពូទីន បានគូសបញ្ជាក់ថា “យើងគ្មានការខ្វែងគំនិតគ្នា ជាមួយសហរដ្ឋអាមេរិកនោះទេ គឺពួកគេទេដែលមានការខ្វែងគំនិតតែម្នាក់ឯង ដោយចង់រារាំងការអភិវឌ្ឍរបស់យើង។ ពួកគេនិយាយអំពីរឿងនេះជាសាធារណៈ”។

ថ្លែងជាក្រោយតាមទូរទស្សន៍រុស្ស៊ី Channel One ក្នុងថ្ងៃដដែល លោក ពូទីន លើកឡើងថា លោកមិនរំពឹងថានឹងទទួលបានលទ្ធផលដុំកំភួន ក្នុងជំនួបនៅទីក្រុងហ្សឺណែវ នៅពេលខាងមុខនេះឡើយ ប៉ុន្តែថាវាជាឱកាសដ៏ល្អ ដើម្បីពិភាក្សាអំពីប្រធានបទផលប្រយោជន៍ទៅវិញទៅមក។

លោក ពូទីន ដែលមានវ័យ៦៨ឆ្នាំទៅហើយ បានធ្វើការកត់សម្គាល់ថា “ខ្ញុំរំពឹងថានឹងមានលទ្ធផលវិជ្ជមាន”។
លោកពូទីន និងលោកចូ បៃឌិន ធ្លាប់បានជួបគ្នាម្ដងរួចមកហើយកាលពីឆ្នាំ២០១១ ដែលកាលនោះលោក ចូ បៃឌិន កាន់តំណែងជាអនុប្រធានាធិបតី។ ចំណែកឯលោក ពូទីន កាន់តំណែងជានាយករដ្ឋមន្ត្រី។

លោកពូទីន និយាយថា លោកនៅចាំបានពីជំនួបកាលនោះ ដោយលោកបានសរសើរលោកចូ បៃឌិន ដែលមានវ័យ៧៨ឆ្នាំថា ជាអ្នកនយោបាយជើងចាស់ “ដ៏មានបទពិសោធន៍” និង “មានការប្រយ័ត្នប្រយែងខ្ពស់”។

ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា ដើមឆ្នាំ២០២១ លោកចូ បៃឌិនបានបង្កើ​នការដាក់សម្ពាធលើវិមានក្រឹមឡាំង (រុស្ស៊ី) ហើយការអត្ថាធិប្បាយរបស់លោក ដែលប្រៀបធៀបលោក ពូទីន ទៅនឹង “ឃាតករ” បានទទួលរងការរិះគន់យ៉ាងខ្លាំង នៅទីក្រុងម៉ូស្គូ។

*ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន
រដ្ឋការលោក ចូ បៃឌិន បានដាក់ទណ្ឌកម្មថ្មីៗទៅលើប្រទេសរុស្ស៊ី ដោយសារសហរដ្ឋអាមេរិកបាននិយាយថា ប្រទេសរុស្ស៊ី ជាអ្នកនៅពីក្រោយការហ៊ែគ ចូលលួចទិន្នន័យរបស់ក្រុមហ៊ុនអភិវឌ្ឍន៍សូហ្វវែរអាមេរិក SolarWinds និងការជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២០។

លោកចូ បៃឌិន បានលើកឡើងថា លោកក៏ “កំពុងសម្លឹងរកឱកាស” សងសឹកវិញផងដែរ ក្រោយពីសេតវិមានបានភ្ជាប់ប្រទេសរុស្ស៊ី ទៅនឹងសកម្មភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើក្រុមហ៊ុន JBS ដែលជាក្រុមហ៊ុនកែច្នៃសាច់ខ្នាតយក្ស របស់សហរដ្ឋអាមេរិក។

លោកពូទីន បាននិយាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ការអះអាងទាំងនោះ “គួរឱ្យអស់សំណើច”។ លោកថ្លែងថា “ខ្ញុំក៏បានឮអំពីរោងចក្រកែច្នៃសាច់មួយចំនួនដែរ”។ លោកបានបន្ថែមថា “ខ្ញុំយល់ថាទីភ្នាក់ងារសន្តិសុខរបស់សហរដ្ឋអាមេរិក គួរតែកំណត់មុខសញ្ញាឱ្យបានច្បាស់ថា តើជនលួចហ៊ែគនោះជាអ្នកណា។ ច្បាស់ណាស់ នោះមិនមែនជាស្នាដៃរបស់រុស្ស៊ីឡើយ”។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក៏បានរិះគន់យ៉ាងខ្លាំង ចំពោះរដ្ឋាភិបាលក្រុងមូស្គូផងដែរ ចំពោះការដាក់ថ្នាំបំពុលដែលប៊ិះនឹងផ្ដាច់ជីវិតមនុស្ស និងការឃុំខ្លួនបុរសឈ្មោះ Alexei Navalny ដែលជាអ្នកប្រឆាំងនឹងវិមានក្រឹមឡាំង។

កាលពីថ្ងៃសុក្រដដែល លោក ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដែលរារាំងក្រុមជ្រុលនិយម មិនឱ្យចូលរួមក្នុងដំណើរការបោះឆ្នោតសភា។

ក្រុមអ្នករិះគន់បានថ្កោលទោសចំពោះច្បាប់នេះថា ជាឧបករណ៍ចុងក្រោយមួយ ដើម្បីបង្ក្រាបក្រុមប្រឆាំងនៅក្នុងប្រទេសរុស្ស៊ី មុនការបោះឆ្នោតសភាជាន់ទាបនៅខែកញ្ញា ខាងមុខនេះ។

វិបត្តិការទូតជាមួយសហរដ្ឋអាមេរិក បានបណ្តាលឱ្យមានការបណ្តេញ មន្ត្រីការទូតទៅវិញទៅមក ដោយរដ្ឋាភិបាលក្រុងមូស្គូ ហាមប្រាមស្ថានទូតអាមេរិក មិនឱ្យជួលជនជាតិបរទេសធ្វើការ ជាហេតុបណ្ដាលឱ្យសេវាកម្មស្ថានកុងស៊ុល របស់សហរដ្ឋអាមេរិក ជាប់គាំង។

ក្នុងវេទិកានោះ លោក ពូទីន បានលើកឡើងថា គម្រោងខ្សែទី១នៃបំពង់បង្ហូរឧស្ម័នហ្គាស Nord Stream 2 ដ៏ចម្រូងចម្រាសភ្ជាប់ទៅដល់ប្រទេសអាល្លឺម៉ង់ ត្រូវបានបញ្ចប់ជាស្ថាពរ ទោះបីមានការប្រឆាំងយ៉ាងខ្លាំងក្លាពីសហរដ្ឋអាមេរិកយ៉ាងណាក្ដី។

សហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុប បានជំទាស់ដាច់ខាតចំពោះការសាងសង់បំពង់បង្ហូរឧស្ម័នហ្គាសនេះ ដោយលើកហេតុផលថា វានឹងធ្វើឱ្យអឺរ៉ុប ពឹងផ្អែកលើប្រទេសរុស្ស៊ីកាន់តែខ្លាំង សម្រាប់ការផ្គត់ផ្គង់ហ្គាសដ៏សំខាន់ និងធ្វើឱ្យរដ្ឋាភិបាលក្រុងមូស្គូ មានឥទ្ធិពលកាន់តែខ្លាំងផ្នែកភូមិសាស្ត្រនយោបាយ។

*ចំណុចដ៏លំបាក
លោក ពូទីន ក៏បានលើកឡើងដែរថា បណ្តាប្រទេសនៅអឺរ៉ុប គួរតែបង់ថ្លៃឧស្ម័ន ហ្គាសរុស្ស៊ី ជាប្រាក់អឺរ៉ូ ជាជាងប្រាក់ដុល្លារ ដោយនិយាយថា នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងមូស្គូ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើប្រាក់ដុល្លារ។

លោក Markus Ederer ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅប្រទេសរុស្ស៊ី បានថ្លែងក្នុងវេទិកានោះកាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងរបស់រដ្ឋាភិបាលក្រុងមូស្គូ ជាមួយសហភាពអឺរ៉ុប ក៏ស្ថិតក្នុង “ចំណុចដ៏លំបាកបំផុត” ដែរចាប់តាំងពីសង្គ្រាមត្រជាក់មក។

មន្ត្រីការទូតអាល្លឺម៉ង់រូបនេះ បានលើកឡើងដោយសំដៅដល់ រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីថា “ប្រសិនអស់លោកស្តាប់អ្វីដែលលោកSergei Lavrov និយាយ អស់លោ​កអាចសន្និដ្ឋានបានថា ប្រទេសរុស្ស៊ី មិនឱ្យតម្លៃចំពោះទំនាក់ទំនង ជាមួយសហភាពអឺរ៉ុប ឡើយ”។

វេទិកាអន្តរជាតិក្រុងSaint Petersburg គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់បណ្ដាវិនិយោគិន និងជាឱកាសជួបជុំសម្រាប់ថ្នាក់ដឹកនាំផ្នែកពាណិជ្ជកម្ម និងនយោបាយ។

វាជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយ ដែលធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ី និងពិភពលោក ចាប់តាំងពីផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បើទោះបីជាចំនួនអ្នកចូលរួមត្រូវបានកំណត់មកនៅត្រឹម៥.០០០រូបយ៉ាងណាក្ដី។ ព្រឹត្តិការណ៍លើកចុងក្រោយ ដែលរៀបចំឡើងក្នុងឆ្នាំ២០១៩ មានអ្នកចូលរួមច្រើនជាងនេះដល់ទៅប្រមាណ៤ដង នៃចំនួនកំណត់ដែល​បានគ្រោងទុកឯណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here