រោងចក្រផលិតបេតុងកៅស៊ូទី២នឹងអាចលេចរូបរាងនៅក្នុងខេត្តបាត់ដំបង

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុលបានប្រកាសថា ក្រសួងនឹងអាចរៀបចំរោងចក្រផលិតបេតុងកៅស៊ូ នៅក្នុងខេត្តបាត់ដំបង ដើម្បីបំរើដល់ការជួសជុលផ្លូវពី DBST ទៅជាផ្លូវកៅស៊ូ AC។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា “នៅឆ្នាំក្រោយនេះដែរ ក្រុមហ៊ុនចិន នឹងបន្ថែមគ្រឿងចក្រផលិតបេតុងកៅស៊ូនេះ មួយឈុតទៀត (រោងចក្រទី២) ហើយក្រសួងនឹងរៀប​ចំដំឡើងនៅក្នុងខេត្តបាត់ដំបង ដើម្បីបំរើដល់ការជួសជុលផ្លូវនៅខេត្តបាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ ដើម្បីធ្វើយ៉ាងណាកែរប្រែផ្លូវនៅតំបន់នោះ ពីប្រភេទផ្លួបDBST ទៅជាផ្លូវកៅស៊ូ AC”។

លោកស៊ុន ចាន់ថុល បានឱ្យដឹងថា រោងចក្រផលិតបេតុងកៅស៊ូនេះ មានសមត្ថភាពផលិតបាន រហូតដល់១២០តោនក្នុងមួយម៉ោង។ ម៉ាស៊ីនសម្រាប់ផលិតបេតុង កៅស៊ូនេះដែរ ក្នុងមួយឈុត មានតម្លៃរហូតដល់១លាន១០ម៉ឺនដុល្លារអាមេរិក ដោយមិនទាន់រាប់បញ្ជូលតម្លៃរៀបចំកន្លែងដំឡើងនៅឡើយទេ។

ជាមួយគ្នានេះដែរ ក្នុងពេលឆាប់ៗខាងមុខនេះ កន្លែងផលិតបេតុងកៅស៊ូជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា នឹងលេចចេញរូបរាងជាផ្លូវការ នៅក្នុងទឹកដីខេត្តកំពត កែប ដើម្បីបម្រើដល់ការសាងសង់ផ្លូវប្រភេទបេតុងកៅស៊ូ AC។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ដូចនេះ ក្នុងឱកាសដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះពិនិត្យមើលទីតាំងដាក់តម្លើងគ្រឿងចក្រ ផលិតបេតុងកៅស៊ូ នៅព្រំប្រទល់ខេត្តកែប និងខេត្តកំពត។

លោកទេសរដ្ឋមន្ត្រី បន្ថែមថា កន្លែងផលិតបេតុងកៅស៊ូដំបូងបំផុតនេះ នឹងជួយធ្វើឱ្យដំណើរការសាងសង់ផ្លូវនៅកម្ពុជា ប្រភេទ AC (ផ្លូវមានកម្រាស់កៅស៊ូក្រាស់) កាន់តែមានភាពឆាប់រហ័ស និងមានគុណភាពខ្ពស់ កាត់បន្ថយការចំណាយបានច្រើន ក្នុងការទិញបេតុងកៅស៊ូ មកពីក្រៅប្រទេស ។

លោកស៊ុន ចាន់ថុល បានបន្ថែមទៀតថា ការដំឡើងរោងចក្រផលិតបេតុងកៅស៊ូនៅក្នុងខេត្តកែបនេះ ដើម្បីយកបេតុងកៅស៊ូ ទៅសាងសង់ផ្លូវជាតិលេខ៣១ ផ្លូវ៤១ និងផ្លូវ៣៣ ដែលនឹងត្រៀមធ្វើការជួលជុល កែរប្រែឱ្យទៅជាផ្លូវបេតុងកៅស៊ូ AC ក្នុងពេលឆាប់ៗខាងមុខនេះ។ សម្រាប់កន្លែងផលិតបេតុងកៅស៊ូនេះដែរ ក្រសួងសាធារណការ ក៏នឹងត្រៀមធ្វើជាកន្លែងស្វ័យ័តមួយ ដើម្បីផលិតបេតុងកៅស៊ូលក់ឱ្យខាងវិស័យឯកជន ដែលត្រូវការផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here