ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ នៅរយៈពេលប៉ុន្មានថ្ងៃនេះ មានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយពីការក្ស័យធនរបស់ក្រុមហ៊ុនបូមប្រេងនៅកម្ពុជាKrisEnergy ខណៈក្រុមហ៊ុននេះទើបតែបូមប្រងពីឈូងសមុទ្រកម្ពុជា កាលពីចុងឆ្នាំ២០២០កន្លងទៅនេះ។
លោកម៉េង ស័ក្តិធារ៉ារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះថា បានបកស្រាយពីបញ្ហា ដែលក្រុមហ៊ុននេះបានប្រកាសក្ស័យធន និងចម្ងល់ពីប្រតិបត្តិការក្រុមហ៊ុននៅកម្ពុជាផងដែរ។
លោកបានមានប្រសាសន៍ថា ក្រុមហ៊ុន KrisEnergy នៅសិង្ហបុរី ជាក្រុមហ៊ុនប្រេងកាតរបស់ប្រទេសសិង្ហបុរី ដែលប្រកបធុរកិច្ចក្នុងវិស័យប្រេងកាត នៅក្នុងតំបន់។ ក្រុមហ៊ុននេះមានធុរកិច្ចខាងអាជីវកម្មប្រេងកាតនៅប្រទេសមួយចំនួន ដូចជា បង់ក្លាដេស ឥណ្ឌូនេស៊ី ថៃ វៀតណាម និងថ្មីៗនេះ នៅកម្ពុជា តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនឈ្មោះ KrisEnergy Cambodia ។
ក្រុមហ៊ុន KrisEnergy បានចាប់ផ្តើមជួបវិបត្តិហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ២០១៨ មក ហើយបានចាប់ផ្តើមលក់សិទ្ធសម្បទានប្លុកប្រេងកាតដែលមាននៅប្រទេសផ្សេងៗមួយចំនួន ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ខ្លួន ប៉ុន្តែ វិបត្តិកាន់តែធ្ងន់ឡើង រហូតដល់អំឡុងឆ្នាំ ២០១៩ ដោយប្រឈមនិងការតឹងទាបំណុលពីម្ចាស់បំណុល ក្រុមហ៊ុនក៏បានដាក់បណ្តឹងសុំការការពារពីតុលាការនៅសឹង្ហបុរី ដើម្បីបញ្ជៀសការប្រកាសក្ស័យធន និងរំលាយក្រុមហ៊ុន លើកដំបូងនៅដើមឆ្នាំ ២០១៩។
លោកបន្តថា ក្រោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាចំពោះការបន្តដំណើរការអភិវឌ្ឍន៍សាងសង់អណ្តូងប្រេង និងសំណើរកែប្រែផែនការអណ្តូងប្រេងមកកម្រិតខ្នាតតូចវិញ (បន្ថយពី២០អណ្តូងមកធ្វើតែ៥អណ្តូងវិញ) ដើម្បីសាកល្បងជាបឋមមួយជំហានសិន ហើយស្របតាមស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផង និងស្ថានភាពនៃកូវីដ១៩ផង ក្រុមហ៊ុនក៏បានយកការរំពឹងទុករបស់ខ្លួនលើផលរបស់គម្រោងផលិតកម្មប្រេងនៅប្លុក A របស់កម្ពុជា ទៅធ្វើជាអំណៈអំណាងពីលទ្ធភាពអាចកែវិបត្តិហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ និងបង្កើតជំនឿចិត្តដល់ម្ចាស់បំណុលធំៗ ដើម្បីឲ្យផ្តល់ឱកាសបន្ថែមក្នុងការពិនិត្យលទ្ធភាពប្រែក្លាយបំណុលឲ្យទៅជាការដាក់ទុនចូលក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនវិញ។
លោកបន្តទៀតថា ផ្អែកលើអំណៈអំណាងខាងលើ ក្រុមហ៊ុន KrisEnergy ត្រូវបានតុលាការសម្រេចផ្តល់ការការពារពីការប្រកាសក្ស័យធនភ្លាមៗ ហើយមានលទ្ធភាពរកហិរញ្ញប្បទានបន្ថែមខ្លះៗ មកអភិវឌ្ឍន៍អណ្តូងប្រេងសាកល្បងដំបូងរបស់កម្ពុជា ដើម្បីបញ្ជាក់ដល់ម្ចាស់បំណុលពីលទ្ធភាពស្តារឡើងវិញនូវស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងលទ្ធភាពដែលម្ចាស់បំណុលអាចនឹងបង្វែរប្រាក់បំណុលទាំងឡាយ ឱ្យមកជាការដាក់ទុនចូលភាគហ៊ុនក្នុងក្រុមហ៊ុនវិញ។
ក្រោយការផលិតចេញបានដំណក់ប្រេងដំបូងរបស់កម្ពុជា ដោយជោគជ័យ នៅចុងឆ្នាំ២០២០ លទ្ធផលនៃកម្រិតបរិមាណផលិតកម្មប្រេងពីអណ្តូងប្រេងសាកល្បងនេះ មិនមានកម្រិតដូចអ្វីដែលក្រុមហ៊ុន KrisEnergy បានរំពឹងទុកថា អាចយកជាមូលដ្ឋានស្តារឡើងវិញនូវស្ថានភាពហិរញ្ញវត្ថុដែលខាតពីមុនមក និងផ្តល់ជំនឿដល់ម្ចាស់បំណុលថាអាចប្រែក្លាយបំណុលឱ្យទៅជាការចូលភាគហ៊ុនបាន។
ដូច្នេះ កត្តានេះបានបង្ខំឱ្យក្រុមហ៊ុន អស់ជម្រើស ហើយត្រូវដាក់ពាក្យស្នើសុំតុលាការដើម្បីប្រកាសលក់ទ្រព្យសម្បត្តិក្រុមហ៊ុនដែលមានទាំងអស់ យកមកចាត់ចែងសងបំណុល។
លោកបានបន្ថែមថា ក្រោយការដាក់ពាក្យស្នើសុំតុលាការរំលាយក្រុមហ៊ុននិងចាត់ចែងលក់ទ្រព្យសម្បត្តិដើម្បីសងបំណុល ប្រសិនបើគ្មានការប្រែប្រួលណាមួយទេនោះ តុលាការនឹងសម្រេចតែងតាំងភ្នាក់ងារវាយតម្លៃ ព្រមទាំងចាត់ចែងការលក់ទ្រព្យសម្បត្តិក្រុមហ៊ុននេះ សងម្ចាស់បំណុលនានា ដែលក្រុមហ៊ុនមានកន្លងមក ដើម្បីជំរះបិទបំណុលទាំងអស់នោះ។
ក្រោយការអនុវត្តនិតិវិធីតុលាការនេះរួចហើយ ក្រុមហ៊ុន KrisEnergy នឹងត្រូវរំលាយ ហើយម្ចាស់បំណុលនឹងទទួលបានសិទ្ធចាត់ចែងលើទ្រព្យរបស់ក្រុមហ៊ុន KrisEnergy ដែលមានទាំងអស់ រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodia និងសិទ្ធសម្បទានប្រេងកាតនៅប្លុក A នៅកម្ពុជា។ នៅពេលនោះ ម្ចាស់បំណុលអាចចាត់ចែងបន្ត ឬរកដៃគូរមកចាត់ចែងបន្តលើទ្រព្យទាំងនោះ ផ្អែកលើកិច្ចព្រមព្រៀងប្រេងកាត និងច្បាប់របស់កម្ពុជា ចំពោះករណីប្លុកប្រេងកាតនៅកម្ពុជា។
លោកបញ្ជាក់ផងដែរថា ផលិតកម្មដែលមានសព្វថ្ងៃ ជាផលិតកម្មដែលផលិតចេញពីអណ្តូងសាកល្បងចំនួន ៥អណ្តូង នៅតំបន់ផលិតកម្មតូចមួយនៃប្លុក A ទាំងមូលប៉ុណ្ណោះ មិនមែនប្លុក A ទាំងមូលទេ។ តំបន់នេះមានផ្ទៃក្រឡាសរុបចំនួនប្រហែល ១១០គម២ ចំណែកប្លុក A ទាំងមូល មានផ្ទៃក្រឡាសរុបប្រមាណ៣.០០០គម២។ ដោយសារការចាប់ផ្តើមផលិតកម្មសាកល្បងដំបូងនេះ ប្លុក A ត្រូវបានប្រែក្លាយជាប្លុកប្រេងកាតដែលមានការបញ្ជាក់ច្បាស់លាស់ពីលទ្ធភាពផលិតប្រេងរបស់ខ្លួន ដូចគ្នានិងប្លុកប្រេងកាតមួយចំនួនទៀតនៅក្នុងតំបន់នេះ ផ្ទុយគ្នានិងស្ថានភាពពីមុន ដែលកម្ពូជា ត្រូវបានគេចាត់ទុកថាជាតំបន់ថ្មីស្រឡាង ដែលមានកម្រិតហានិភ័យខ្ពស់៕