រដ្ឋាភិបាលទទួលបានប្រាក់២៦៣១លានដុល្លារតាមរយៈក្រុមហ៊ុនចុះបញ្ជីរ អាជីវកម្មតាមអនឡាញ

0

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រមូលប្រាក់ចំនួន២៦៣១លានដុល្លារអាមេរិក ពីការចុះបញ្ជីរក្រុមហ៊ុនដែលបានដាក់ស្នើតាមប្រព័ន្ឋអនឡាញ ចំនួន៦៩៧៤ ដើម្បីចុះបញ្ជីរជាផ្លូវការ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា រយៈពេល១ឆ្នាំការដាក់ ឱ្យដំណើរការនេះ មានការស្នើសុំបញ្ជីអាជីវកម្មសរុប៦៩៧៤សំណើ ក្នុងនោះពាក្យស្នើសុំដែលបានអនុម័ត៦១៦៤សំណើ និងពាក្យស្នើសុំដែលកំពុងត្រួតពិនិត្យ៨១០សំណើ ដោយមិនមានពាក្យស្នើសុំណាមួយបានបដិសេធឡើយ។

សម្រាប់ទំហំដើមទុនសរុបសម្រាប់ក្រុមហ៊ុន ដែលទទួលបានការចុះបញ្ជីប្រមាណ២៦៣១លានដុល្លារ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានដំណើរការដោយរលូន និងប្រកបដោយផ្លែផ្លានេះ ជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការតម្រង់ទិសដោយការយកចិត្តទុកដាក់ខ្ពស់ ពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការចូលរួមយ៉ាងសស្រាក់សស្រាំ និងកិច្ចសហការដែលមិនអាចខ្វះបាន របស់ក្រសួង-ស្ថាប័នចូលរួម រួមមាន ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ស្របពេលដែលទទួលបានការសាទរ និងមតិវិជ្ជមានដ៏ច្រើនលើសលុបពីវិស័យឯកជន ថ្នាលចុះបញ្ជីនេះ បានដាក់ឱ្យប្រើប្រាស់ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានជួយសម្រួល និងធ្វើឱ្យការងារចុះបញ្ជីអាជីវកម្មនៅកម្ពុជា ប្រព្រឹតិ្តទៅដោយរលូន និងឥតដាច់។

ជាជំហានបន្ទាប់ ការដាក់ឱ្យដំណើរការដំណាក់កាលទី២ ដែលអនុញ្ញាតឱ្យធុរជនអាចស្នើសុំ អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ ពីក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ នឹងត្រូវដាក់ចេញអនុវត្ត ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here