ដោយៈសុខុម
ហូជីមិញ: ហាងឆេងតម្លៃដីធ្លីនៅក្រុងហូជីមិញ ប្រទេសវៀតណាមបានហក់ឡើងខ្ពស់ខ្លាំងបើធៀបទៅនឹងតម្លៃផ្ទះធម្មតា និងផ្ទះប្រភេទវីឡាដែលសាងសង់ ក្នុងតំបន់តែមួយ។ នេះបើយោងតាមរបាយការណ៍មួយចេញដោយក្រុមហ៊ុន CBRE Vietnam ដែលជាក្រុមហ៊ុនគ្រប់គ្រង និងពិគ្រោះយោបល់ផ្នែកអចលនទ្រព្យ។

យោងតាមសារព័ត៌មាន The Business Times ចុះផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថា នៅក្នុងឆមាសទី១ ដើមឆ្នាំ២០២១ ទីផ្សារផ្ទះប្រភេទវីឡា និងផ្ទះធម្មតាទទួលបានគម្រោងថ្មីចំនួន៥ ដោយផ្តល់ជូនគេហដ្ឋានចំនួន៥០០ផ្ទះបន្ថែមទៀត។ គម្រោងទាំងអស់នេះ មានទីតាំងនៅខាងកើតនៃក្រុងហូជីមិញ ដោយក្នុងនោះ៤គម្រោងស្ថិតនៅក្នុងសង្កាត់លេខ៩ (District 9) និង១គម្រោងស្ថិតក្នុងសង្កាត់ Thu Duc។
ហាងឆេងតម្លៃផ្ទះប្រភេទវីឡា និងផ្ទះធម្មតាគឺមានសភាពនៅទ្រឹង ក្នុងតំបន់ភាគច្រើន។ នៅក្នុងសង្កាត់លេខ២ (District 2) តម្លៃលក់ជាមធ្យមបានហក់ឡើង១,៤%បើធៀបទៅនឹងត្រីមាសទី១។ ចំណែកឯក្នុងសង្កាត់លេខ៩ តម្លៃដីធ្លីបានហក់ឡើង១,៩%។ សង្កាត់ផ្សេងៗទៀត ដូចជា សង្កាត់ Binh Thanh សង្កាត់ Go Vap និងសង្កាត់លេខ១២ (District 12) បានហក់ឡើងពី ១,៥% ទៅ៣%បើធៀបនឹងត្រីមាសទី១។
ទន្ទឹមនេះ ទីផ្សារដីធ្លីបានហក់ឡើងខ្ពស់ជាងឆ្ងាយ។ នៅក្នុងតំបន់ដែលមានសភាពអ៊ូអរនៃសង្កាត់លេខ២ (District 2) ដូចជាតំបន់ Thanh My Loi Ward និងតំបន់ Binh Trung Dong Ward ជាដើម តម្លៃដីធ្លីបានហក់ឡើងពី១៦% ទៅ៤០%បើធៀបទៅនឹងត្រីមាសទី១។
នៅក្នុងតំបន់ Nha Be តំបន់ Thu Duc តំបន់ Binh Chanh និងសង្កាត់លេខ១២ តម្លៃលក់ហក់ឡើង២៥% បើធៀបទៅនឹងត្រីមាសទី១។ តម្លៃដីឡូតិ៍នៅតំបន់ Phu Huu Ward និងតំបន់ Phuoc Long B Ward ក្នុងសង្កាត់លេខ៩ ក៏បានហក់ឡើងខ្ពស់ដែរ។
និយាយអំពីការលក់វិញ គម្រោងដីឡូតិ៍ជាពិសេសគម្រោងដែលមានទីតាំងល្អ អាចលក់បានចន្លោះពី៥០%ទៅ៩០% ក្រោយបើកគម្រោងលក់មិនបានប៉ុន្មាន។ នៅក្នុងត្រីមាសទី១ ដីឡូតិ៍ជាង៨៥០ឡូតិ៍ត្រូវបានលក់ចេញ ដោយកើនឡើង១៤%បើធៀបទៅនឹងត្រីមាសមុន។
ក្រុមអ្នកជំនាញនិយាយថា ទីផ្សារដីធ្លីកំពុងតែមានស្ថានភាពល្អប្រសើរ គួរឱ្យកត់សម្គាល់ ដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ នៅតាមតំបន់ជាយៗក្រុង។ តួយ៉ាង គម្រោងដីឡូតិ៍ដែលស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ព្រមទាំងផ្លូវល្បឿនលឿន HCMC-Long Thanh-Dau Giay Expressway ផ្លូវល្បឿនលឿន Ben Luc-Long Thanh Expressway និងផ្លូវ My Phuoc-Tan Van-Nhon Trach Road សុទ្ធតែមានតម្លៃហក់ឡើងខ្ពស់ខ្លាំង។
ក្រុមហ៊ុន CBRE និយាយថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ គម្រោងធំៗនឹងត្រូវចាប់ផ្ដើម បើកក្នុងតំបន់ជាច្រើននៃទីក្រុងនេះ។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍហេដ្ឋារចនាស ម្ព័ន្ធ និងការធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់ការដឹកជញ្ជូននឹងធ្វើឱ្យតម្លៃដីធ្លី ហក់ឡើងកាន់តែខ្ពស់បន្ថែមទៀត។
ទោះជាយ៉ាងណា វានឹងមិនអាចផ្ទុះខ្លាំងដូចក្នុងឆ្នាំ២០០៧ ដែលតម្លៃដីហើមខ្លាំងស្ទើរមិនគួរឱ្យជឿនោះឡើយ ហើយក្រុមហ៊ុន CBRE ជឿថា បណ្ដាអ្នកវិនិយោគនឹងមានការប្រុងប្រយ័ត្នជាងមុន នៅក្នុងការសម្រេចចិត្តវិនិយោគ ហើយចំណុចនោះនឹងជួយធ្វើឱ្យទីផ្សារដីធ្លីកាន់តែមានស្ថិរភាព៕