អ្នកជំនាញៈ ការទិញលក់ដីធ្លីនៅជុំវិញព្រលានយន្តហោះភ្នំពេញថ្មី ជាការវិនិយោគសំរាប់ផែនការអភិវឌ្ឍន៍នាពេលអនាគត

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា វិស័យអចលនទ្រព្យនៅជុំវិញតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅតែមានសន្ទុះរីកចម្រើន ខណៈប្រតិបត្តិការទិញលក់ដីធី្លនៅជុំវិញតំបន់ព្រលានយន្តហោះអន្តរជាតិនេះ ត្រូវបានធ្វើឡើងរវាងអ្នកអភិវឌ្ឍន៍ និងម្ចាស់ដីផ្ទាល់។

លោកសោម ម៉ាលីដាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ នៅតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានថ្លែងប្រាប់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះថា វិស័យអចលនទ្រព្យនៅជុំវិញព្រលានយន្តហោះថ្មីនេះ នៅតែមានសន្ទុះរីកចម្រើនដដែល ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ ពិសេសទិញលក់ដីធ្លីជុំវិញតំបន់នេះ។

លោកបានថ្លែងថា “ការទិញលក់ដីធ្លីនៅតំបន់ព្រលានយន្តហោះ មានជាហូរហែ ប៉ុន្តែវាមិនច្រើន ដូចមុនសម័យកូវីដ១៩។ នាពេលបច្ចុប្បន្ន ការទិញលក់ទីធ្លី ភាគច្រើនធ្វើឡើងតែរវាងអ្នកអភិវឌ្ឍន៍ និងម្ចាស់ដីផ្ទាល់”។លោកបន្តថា “ការទិញដីធ្លីនាពេលនេះ គឺធ្វើឡើង សំដៅទៅរកការអភិវឌ្ឍន៍គម្រោងអចលនទ្រព្យតែម្តង ដោយសារតំបន់នេះនឹងក្លាយជាទីក្រុងថ្មីមួយ ដែលមានការអភិវឌ្ឍន៍បែបចម្រុះ និងតំបន់មួយ ដែលមានសេដ្ឋកិច្ចរស់រវើកនាពេលអនាគត”។

លោកបានឱ្យដឹងទៀតថា ទោះបីជាវិបត្តិកូវីដ១៩ កំពុងរីករាលដាលក៏ដោយ ប៉ុន្តែ លោក​សង្កេតឃើញថា ការអភិវឌ្ឍព្រលានអន្តរជាតិភ្នំពេញថ្មីនេះ នៅតែមានសកម្មភាពមមាញឹក ដើម្បីឈានទៅដល់ការបញ្ចប់ គម្រោងតាមការគ្រោងទុក ដែលជាហេតុកាន់ជំរុញឱ្យវិនិយោគិនកាន់តែមានទំនុកចិត្ត ក្នុងការបោះទីតាំងអភិវឌ្ឍន៍នៅតំបន់នេះ។

ជាមួយគ្នានេះ លោកខាត់ សុវណ្ណអគ្គនាយកក្រុមហ៊ុនCamtop Perperty Group Co.,Ltd បានថ្លែងប្រាប់ថ្លែងប្រាប់ផងដែរថា តំបន់ព្រលានអន្តរជាតិភ្នំពេញថ្មីនេះ គឺជាតំបន់មិនទាន់ច្នៃ ដូច្នេះតំបន់ណក៏ដោយ ដែលមិនកែច្នៃ នឹងផ្តល់ឱកាសចំណេញច្រើន។

លោកបានថ្លែងថា “តម្លៃដីនៅតាមផ្លូវមេធំៗ អាចរកទិញបានក្នុងតម្លៃចន្លោះពី២០០ ទៅ២៥០ដុល្លារក្នុងម៉ែត្រការ៉េ អាស្រ័យលើស្ថានភាពផ្លូវ និងនៅតាមផ្លូវខាងក្នុងតូចៗ ដែលមិនទាន់មានការអភិវឌ្ឍ នៅមានតម្លៃចន្លោះពី៥០ដុល្លារ ដល់៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។

ចំណែកដីវាលស្រែ ដែលអត់មានផ្លូវចូល អាចរកទិញបានក្នុងតម្លៃចន្លោះពី២០ទៅ៥០ ហើយតម្លៃដីធ្លីមិនមានការប្រែប្រួលនោះទេ ទោះស្ថិតក្នុងវិបត្តិកូវិដ១៩ក៏ដោយ។

លោកខាត់ សុវណ្ណបានបន្តថា បើទោះបីជាបច្ចុប្បន្ន យើងឃើញ តំបន់នេះនៅតែសម្បូរដោយទីវាល និងដីស្រែក៏ពិតមែន ប៉ុន្តែនាពេលខាងមុខ តំបន់នេះនឹងក្លាយជាទីក្រុង​ថ្មីមួយ ដែលពោពេញទៅដោយការអភិវឌ្ឍគម្រោងអចលនទ្រព្យបែបចម្រុះ។

ក្រុមហ៊ុនOCIC ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុនOCIC គ្រោងបោះទុនវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី លើទឹកប្រាក់១៥០០លានដុល្លារអាមេរិក ដែលគំរោងនេះសាងសង់នៅលើផ្ទៃដី២៦០០ហិកតា។ វាជាព្រលានយន្តហោះធំលំដាប់អន្តរជាតិទី៩នៅលើពិភពលោក នៅពេលព្រលាននេះ សាងសង់បញ្ចប់តាមផែនការគ្រោងទុកនាឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here