រដ្ឋាភិបាលព្រមានៈការអូសបន្លាយពេលនៃការឆ្លងជំងឺកូវីដ១៩នឹងធ្វើឲ្យសេដ្ឋកិច្ចមិនសម្រេចបានកំនើន៤ភាគរយនៅឆ្នាំនេះ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលបានព្រមានថា ការបន្តរីករាលដាលនៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ ២០២១ បាននិងកំពុងតែដាក់សម្ពាធបន្ថែម និងកាន់តែធ្ងន់ធ្ងរលើសេដ្ឋកិច្ចកម្ពុជា ដែលនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចឆ្នាំ២០២១ អាចនឹងមិនសម្រេចបានតាមការរំពឹងទុកកាលពីដើមឆ្នាំ។

យោងតាមរបាយការយោងរបាយការណ៍ស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មាន កាលពីដើមឆ្នាំថានឹងមាន កំណើន៤% ស្របពេលដែលផលិតផលសរុបក្នុងស្រុក (ផ.ស.ស.) តាមថ្លៃបច្ចុប្បន្ន ត្រូវបានប៉ាន់ស្មានស្មើនឹង១១៦.៧១១ពាន់លានរៀល។

កំណើននេះ គឺផ្អែកលើសម្មតិកម្មសំខាន់នៃវិសាលភាព និងប្រសិទ្ធភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គួបផ្សំនឹងគោលនយោបាយគាំទនានា ដែលជួយជំរុញសកម្ម​ភាពផលិតកម្ម តម្រូវការប្រើប្រាស់ និងការបង្កើនទំនុកចិត្តសម្រាប់ការវិនិយោគ។

របាយការណ៍បានឱ្យដឹងថា “ទោះជាយ៉ាងនេះក្តី ការបន្តរីករាលដាលនៃព្រឹត្តិកា​រណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ ២០២១ បាននិងកំពុងតែដាក់សម្ពាធបន្ថែម និងកាន់តែធ្ងន់ធ្ងរលើសេដ្ឋកិច្ចកម្ពុជា ដែលនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចឆ្នាំ២០២១ អាចនឹងមិនសម្រេ​ចបានតាមការរំពឹងទុកកាលពីដើមឆ្នាំ ព្រោះជាក់ស្ដែងវិស័យដែលត្រូវបានរំពឹងថា នឹងជួយជំរុញកំណើនឡើងវិញ បាននិងកំពុងទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។

វិស័យដែលរងផលប៉ះពាល់រួមមាន អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន អនុវិស័យលក់ដុំ-រាយ អនុវិស័យ សំណង់ និងអចលនទ្រព្យ អនុវិស័យកាត់ដេរអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងអនុវិស័យដឹកជញ្ជូន ជាដើម។

លោកបណ្ឌិតឆេង គីមឡុងអ្នកជំនាញផ្នែកសេដ្ឋកិច្ច វិទ្យាស្ថានចក្ខុវិស័យអាស៊ីធ្លា​ប់លើកឡើងថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២១នេះ អាចនឹងមិនបានដល់៤ភាគរយ ដូច​ដែលការរំពឹងទុករបស់រាជរដ្ឋាភិបាលនោះទេ ព្រោះថា ប្រសិនបើព្រឹត្តិការណ៍២០កុម្ភៈនេះ នៅតែបន្តអូសបន្លាយ ហើយចំនួនឆ្លងមិនធូរស្បើយ នឹងធ្វើឲ្យមានការអាក់ខានដល់ខ្សែច្រវាក់ផលិតកម្ម និងការប្រកបរបររបស់ប្រជាជន នោះកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ អាចនឹងធ្លាក់ចុះក្នុងកំណើន នៃការរំពឹងទុក៤ភាគរយនេះ វាអាចកើនត្រឹម៣ភាគ​រយវិញ។

លោកបញ្ជាក់ថា “ដើម្បីស្ដារឡើងវិញ នូវស្ថានភាពក៏លំបាកនេះ រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមធ្វើយ៉ាងណាទប់ស្កាត់ ការរីករាលដាលឆ្លងជំងឺនេះ ឲ្យស្ថិតក្នុងការគ្រប់គ្រងបាន”។លោកបន្តថា “ការឆ្លងនេះមិនស្ថិតនៅក្នុងទ្រង់ទ្រាយធំ និងមិននៅក្នុងភាពស្មុគស្មាញ ដល់បណ្ដាលខេត្ត-ស្រុក ឃុំ-ភូមិ និងតំបន់ប្រជុំជនផ្សេងៗទៀត ដែលជាកត្តាធ្វើឲ្យផ្អាករំខានទៅដល់ធុរកិច្ច សកម្មភាពវិនិយោគ និងការរស់នៅប្រចាំថ្ងៃផងដែរ”។

លោកបណ្ឌិតឆេង គឹមឡូងបានបញ្ជាក់ថា កត្តាទាំងអស់នេះហើយ ជាសកម្មភាពដែលអាចជួយជំរុញ និងជាកិច្ចការងារធំបំផុត ព្រោះការគ្រប់គ្រងនូវការឆ្លង នៃការរីករាលដាលជំងឺកូវីដ១៩នេះ គឺវាផ្ដល់ជាមូលដ្ឋាន និងផ្ដល់ជាកម្លាំងជំរុញ ដល់សេដ្ឋកិច្ចទាំងមូលបាន។ ដូច្នេះការចូលរួមពីប្រជាជន គឺសំខាន់ ហើយប្រជាជនគួរតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេសនោះ គឺដាច់ខាតត្រូវអនុវត្តនូវការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញមក គឺ៣កុំ និង៣ការពារ។

ធនាគារពិភពលោក World Bank នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ នៅតែព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា កំពុងរើបឡើងវិញ បន្តិចម្តងៗហើយ ជាមួយការព្យាករណ៍ទុកថា វានឹងទទួលបានកំណើនជិត៤ភាគរយក្នុងឆ្នាំ២០២១ បន្ទាប់ពីរួញទំហំអស់៣.១ភាគរយ ក្នុងឆ្នាំ២០២០។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបន្ថែមទៀតថា យ៉ាងណាក្តីការរើបឡើងវិញនេះ មានលក្ខណៈមិនដូចគ្នាទេ នៅតាមផ្នែកនានានៃសេដ្ឋកិច្ច ហើយវាក៏ស្ថិតនៅក្នុង សភាពផុយស្រួយនៅឡើយដែរ មួយផ្នែកដោយសារ តែវិធានការបិទខ្ទប់ ត្រូវបានដាក់អនុវត្តម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ១៩។

ធនាគារពិភពលោក (World Bank) បានបញ្ជាក់ដូច្នេះ នៅក្នុងរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមចំណងជើងថា “ដំណើរឆ្ពោះទៅការរើបឡើងវិញ” ខណៈដែលវិស័យមួយចំនួន មានការរីកចម្រើន ផ្នែកដទៃទៀតនៅគាំងទ្រឹង ដោយ​សារតែការរាតត្បាតនៃជំងឺ។

លោកស្រីអ៊ិនហ្គូណា ដូប្រាចាប្រធានគ្រប់គ្រងការិយាល័យធនាគាពិភពលោក ប្រ​ចាំ​កម្ពុជា បានថ្លែងថា “ដូចប្រទេសជាច្រើនទៀត នៅក្នុងតំបន់ដែរ កម្ពុជាបានរងផលប៉ះទង្គិចខ្លាំង ពីការធ្លាក់ចុះនៃតម្រូវការលើសកលលោក ដោយសារតែកូវីដ១៩ ប៉ុន្តែដំណឹងល្អនៅត្រង់ថា កម្ពុជាបានចាក់វ៉ាក់សាំង ឲ្យមនុស្សក្នុងប្រទេសបានជាង៣លាននាក់ រួចហើយ ដែលជាអត្រាខ្ពស់មួយនៅក្នុងតំបន់”។

លោកស្រីបានបន្ថែមទៀតថា ធនាគារពិភពលោក នៅតែបន្តធ្វើការជាមួយកម្ពុជា ដើម្បីជួយប្រទេសនេះបន្ថែមទៀត ក្នុងការប្រយុទ្ធនឹងការឆ្លងរាតត្បាត នៃវីរុសកូវីដ១៩ និងជួយស្តារសេដ្ឋកិច្ច និងសង្គមឲ្យមានភាពធន់រឹងមាំឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here