ដោយៈ ប៊ី
ភ្នំពេញៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដាក់ចេញផែនការអភិវឌ្ឍរយៈពេលវែង ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពដឹកជញ្ជូនទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើយោងតាមការលើកឡើងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុង ក្នុងការចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលដឹកនាំដោយ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសកម្មភាពការងារជាក់ស្តែងក្នុងការដឹកជញ្ជូន ការលើកដាក់ទំនិញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសកម្មភាពអភិវឌ្ឍន៍នានា ផងដែរ។
ក្រសួងបានឱ្យដឹងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដាក់ចេញផែនការអភិវឌ្ឍរយៈពេលវែង ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន ក្នុងនោះរួមមាន៖ គម្រោងកសាងចំណតកុងតឺន័រទី៤ ប្រវែង១៣០០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រទី៣ប្រវែង ១០៥០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រថភ្លើងប្រវែង២៥០ម៉ែត្រ x ១៧០០ម៉ែត្រ អភិវឌ្ឍតំបន់រដ្ឋបាល និងសេដ្ឋកិច្ច ៥៤ ហិកតា និងតំបន់គយត្រួតពិនិត្យទំនិញប្រវែង៦៥០ម៉ែត្រ x ២០០ម៉ែត្រ។
ដោយឡែក ផែនការអភិវឌ្ឍរយៈពេលខ្លីឆ្នាំ២០១៧-២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅចំណតកុងតឺន័រជម្រៅ១៤,៥ម៉ែត្រ ក្នុងនោះ៖ គម្រោងកសាងកំពង់ផែ ទឹកជ្រៅចំណតកុងតឺន័រជំហានទីមួយ ប្រវែង៣៥០ម៉ែត្រ ជំហានទីពីរប្រវែង ៣០០ ម៉ែត្រ និងជំហានទីបី ប្រវែង៣០០ម៉ែត្រផងដែរ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចូលទីផ្សារមូលបត្រកម្ពុជា បោះផ្សាយ លក់ភាគហ៊ុន បានបញ្ចុះតម្លៃ១០%នៃតម្លៃសេវាលើកដាក់កុងតឺន័រ និងបានអភិវឌ្ឍចំណតកំពង់ផែពហុ បំណង ដោយឡែកទាក់ទងការងារអាជីវកម្មនិងហិរញ្ញវត្ថុឆ្នាំ២០២០ ធៀបនិងឆ្នាំ២០១៩វិញ កំពង់ផែ ស្វយ័តក្រុងព្រះសីហនុមានទំនិញឆ្លងកាត់ចំនួន ៦ ៦០១ ៨០៤តោន កើនឡើង 0,៨៣% បរិមាណនាវាឆ្លងកាត់មានចំនួន១៥៨២គ្រឿង ថយចុះ៤,៨១% បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន៦៤១ ៨៤២ TEUs កើនឡើង០,៤១% និងចំណូលសរុបមានចំនួន ៣១១ ៨១៣ ៧៦៩ ០០០ រៀល ថយចុះចំនួន៧%៕