ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស Dominic Raab បានមកដល់ទីក្រុងហាណូយនៅថ្ងៃនេះ (ថ្ងៃច័ន្ទទី ២១ ខែមិថុនា) មុនដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃជាមួយនឹងកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ នៅប្រទេសវៀតណាម កម្ពុជា និងសឹង្ហបុរីផ្តោតលើវិស័យពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋភិបាលចក្រភពអង់គ្លេស។
ចក្រភពអង់គ្លេស នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ចាប់ផ្តើមការចរចាជាផ្លូវការជាមួយបណ្តាប្រទេស CPTPP (កិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងភាពជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក) ដែលជួយចក្រភពអង់គ្លេស ផ្សារភ្ជាប់ជាមួយបណ្តាប្រទេសសេដ្ឋកិច្ចធំៗលើពិភពលោក។
សមាជិករបស់ CPTPP បច្ចុប្បន្នមានផលិតផលក្នុងស្រុកសរុប៩ទ្រីលានអ៊ឺរ៉ូ ដែលរំពឹងថានឹងរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
នេះគឺជាដំណើរទស្សនកិច្ចលើកទី ៥ របស់លោក Dominic Raab នៅអាស៊ីអាគ្នេយ៍ ចាប់តាំងពីលោកបានក្លាយជារដ្ឋមន្រ្តីការបរទេស ដោយលោកបានលើកឡើងពីសារៈសំខាន់នៃឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចដែលបានចែងនៅក្នុងគោលនយោបាយរបស់អង់គ្លេស។
ថ្លែងមុននឹងដំណើរទស្សនកិច្ចមកកម្ពុជា របស់លោក Dominic Raab រដ្ឋមន្រ្តីក្រសួងការបរទេសបានមានប្រសាសន៍ថា ចក្រភពអង់គ្លេស ប្តេជ្ញាពង្រឹងមិត្តភាពរបស់យើងនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោកបានថ្លែងថា “យើងកំពុងបង្ហាញនេះ តាមរយៈការប្តេជ្ញាចិត្តរបស់យើងក្នុងការចូលរួមជាមួយកិច្ចព្រមព្រៀង CPTPP បង្កើតភាពគូជាមួយអាស៊ាន និងវិនិយោគទាំងថាមពល ពេលវេលា និងការខិតខំបន្ថែមទៀត នៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើងនៅក្នុងតំបន់”។
លោក Dominic Raab ធ្វើដំណើរដល់មកប្រទេសកម្ពុជា នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីជួបជាមួយលោកប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេស ដើម្បីបង្ហាញមហិច្ឆតារបស់យើងសម្រាប់ “ភាពជាដៃគូសន្ទនាអាស៊ាន” នៅចំពោះមុខប្រទេសកម្ពុជា ដែលធ្វើជាប្រធានអាស៊ាននាពេលខាងមុខ។
កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននាពេលខាងមុខ នឹងផ្តល់ឱ្យចក្រភពអង់គ្លេសនូវទម្រង់ នៃទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយអាស៊ាន។នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្រ្តីការបរទេសនៅកម្ពុជា ចាប់តាំងពីស្ថានទូតអង់គ្លេស បានបើកដំណើរការឡើងវិញកាលពី៣០ឆ្នាំមុន។
ជាមួយគ្នានេះដែរ ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងមានកិច្ចប្រជុំទ្វេភាគី ដែលផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។
ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ លោកដូមីនិក រ៉ាអាប់ នឹងមានជំនួបជាមួយ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហើយក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរ។
ទស្សនកិច្ចផ្លូវការរបស់ លោក ដូមីនិក រ៉ាអាប់ នៅកម្ពុជា នឹងជួយរួមចំណែកជំរុញ និងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខ នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន៕