ដោយៈ សុខុម
សិង្ហបុរី: ចំណតរថយន្តកម្ពស់៤ជាន់នៃអគារ People’s Park Complex ត្រូវបានប្រកាសដាក់ដេញថ្លៃជាសាធារណៈកាលពីថ្ងៃអង្គារ ទី២២ ខែមិថុនាកន្លងនេះ ក្នុងតម្លៃជាង៣១លានដុល្លារអាមេរិក ឬស្មើនឹង៤២.៤០០ដុល្លារអាមេរិក សម្រាប់ចំណតរថយន្តមួយគ្រឿង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ចំណតរថយន្តកម្ពស់៤ជាន់រាប់ចាប់ពីជាន់ទី៣ ដល់ជាន់ទី៦ នៃអគារពាណិជ្ជកម្ម និងលំនៅដ្ឋានដែលមានកម្ពស់សរុប៣១ជាន់នេះ មានចំណតសម្រាប់រថយន្តចំនួន៦៤៨គ្រឿង ចំណតសម្រាប់ម៉ូតូចំនួន៥៦គ្រឿង និងភោជនីយដ្ឋានមួយនៅជាន់កំពូលនៃចំណតរថយន្តនេះ។ ចំណតនេះមានផ្ទៃក្រឡាសរុប១៦.៩៤០ម៉ែត្រការ៉េ រួមទាំងភោជនីយដ្ឋានដែលមានផ្ទៃក្រឡា២៦០ម៉ែត្រការ៉េផងដែរ។
ភ្នាក់ងារទីផ្សារ Brilliance Capital និយាយថា “តម្លៃនេះគឺជាតម្លៃល្អគួរឱ្យទាក់ទាញ” បើប្រៀបធៀបទៅនឹងចំណតសម្រាប់រថយន្ត២គ្រឿងដែលបានលក់ចេញកាលពីឆ្នាំមុន។
ភ្នាក់ងារដដែលគូសបញ្ជាក់ថា ចំណតសម្រាប់រថយន្តមួយគ្រឿងនៅអគារផ្សារទំនើប Holland Road Shopping Centre លក់ក្នុងតម្លៃ២៦៧.៥២៥ដុល្លារអាមេរិក ហើយចំណតសម្រាប់រថយន្តមួយគ្រឿងទៀតនៅអគារផ្សារទំនើប Parklane Shopping Centre លក់ក្នុងតម្លៃ៥២.០០០ដុល្លារអាមេរិក។
អគារ People’s Park Complex គឺជាអគារពាណិជ្ជកម្ម នោះមានន័យថា ទាំងអ្នកទិញក្នុងស្រុក និងអ្នកទិញជាជនបរទេសសុទ្ធតែអាចទិញបានដោយមិនចាំបាច់បង់ពន្ធប្រដាប់ត្រាបន្ថែម។ ភ្នាក់ងារទីផ្សារ Brilliance Capital បានបញ្ជាក់ថា ការដេញថ្លៃនឹងត្រូវបិទបញ្ចប់នៅម៉ោង៣ រសៀលថ្ងៃទី២៩ ខែកក្កដា ដ៏ខ្លីខាងមុខនេះ៕